អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ការពារ​សុវត្ថិភាព​អ្នកវិនិយោគ​ជប៉ុន

ភ្នំពេញ: លោក Kazuyuki  NAKANE អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​សមាជិកសភា​របស់​ប្រទេស​ជប៉ុន បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថ​ក​កិច្ច​កម្ពុជា បង្កើន​ការការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បណ្តា​ប្រជាពលរដ្ឋ​ជប៉ុន ដែល​មក​ធ្វើការ​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការស្នើ​របស់​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​ជំនួប​លោក Kazuyuki NAKANE បាន​ជម្រាបជូន​សម​ម្តេច​ក្រឡាហោម ស ខេង ថា នៅពេលដែល​អាស៊ាន​ក្លាយជា​សហគម​សេដ្ឋកិច្ច​អាស៊ាន នា​ចុងឆ្នាំ​២០១៥​នេះ ជប៉ុន​ក៏មាន​បំណង​ចង់​ជួយ​ជំរុញ​ឲ្យ​កម្ពុជា ដោយ​ផ្តោត​បញ្ហា​ជាសំខាន់ៗ ចំនួន ២​រួមមាន​៖ ១.​ការជួយ​បន្ត​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ២.​ពង្រឹង​កា​រត​ភា្ជ​ប់​បណ្តាញ​ផ្លូវ​អាស៊ាន នៅក្នុង​ប្រទេស​កម្ពុជា ជាដើម​។ លោក​ក៏​នឹង​ជំរុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម ស ខេង បាន​សន្យាថា នឹង​បង្កើន​ការយកចិត្តទុកដាក់ ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍ អ្នកវិនិយោគទុន ជប៉ុន​នៅ​កម្ពុជា ហើយ​ភ្ញៀវ​ទេសចរណ៍​អ្នកវិនិយោគទុន​របស់​បណ្តា ប្រទេស​នានា​ទៀត ក៏ត្រូវ​ទទួលបាន​ការ​ការពារ​ដូចគ្នា​ដែរ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ទាក់ទង​នឹង​ការព្រួយបារម្ភ​របស់​ប្រតិភូ​ជប៉ុន ជុំវិញ​ការអនុវត្ត​ច្បាប់​អង្គការ​សង្គម​ស៊ីវិល ដែល​រដ្ឋសភា​បានអនុម័ត​រួចហើយ ប្រសិនបើ​ច្បាប់​នោះ អនុវត្ត​ប៉ះពាល​ដល់​បណ្តា​អង្គការ​សមាគម​មនុស្សធម៌​ជប៉ុន​នៅ​កម្ពុជា សូម​ឲ្យ​មន្ត្រី​អង្គការ​សមាគម​ទាំងនោះ ត្រូវ​រាយការណ៍​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ផ្តល់ឱកាស​ឲ្យ​ស្ថានទូត​រាយការណ៍​បន្តម​ក​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​៕