មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​ព្រំដែន

មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ដែល​បម្រើការ​ក្នុង​អង្គភាព​លេខ​៤៣៥ ប្រចាំ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ចាន់បុរី (Chanthaburi) បាញ់​សម្លាប់​ភ្លាមៗ​នៅ​ក្នុង​ទឹក​ដី​ថៃ កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។

មន្ត្រី​ការពារ​ច្រក​ព្រំដែន​ប្រចាំ​ខេត្ត​ប៉ៃលិន សន្និដ្ឋាន​ថា ការ​បាញ់​ប្រហារ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ មក​លើ​មន្ត្រី​យោធា​ខ្មែរ គឺ​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​បុគ្គល។

មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២១ ប្រចាំ​ខេត្ត​ប៉ៃលិន លោក អ៊ុំ នន មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ថា ការ​បាញ់​សម្លាប់​មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​ថៃ ក្នុង​ខេត្ត​ចាន់បុរី គឺ​ដោយសារ​រឿង​ជន​រងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ទាហាន​ឈុត​ខ្មៅ​ថៃ។

លោក​ថា មន្ត្រី​យោធា​ខ្មែរ​ត្រូវ​បាញ់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ចាន់បុរី តែ​ម្ដង៖ «នេះ​ពិត​ជា​រឿង​គំនុំ​រឿង​បុគ្គល តាម​ព័ត៌មាន​ពី​មេ​ប៉ុស្តិ៍ លោក​មេ​រង​ផ្នែក​ខាង​គ្រឿង​ញៀន គឺ​ថា គាត់​មាន​ទំនាក់​ទំនង​មួយ​ក្រុម​គ្រួសារ​គេ ប្រពន្ធ​គេ បាន​រហូត​ដល់​គេ​បាញ់។ បាញ់​នៅ​ខេត្ត​ចាន់បុរី អត់​មាន​ឆ្លង​ដែន​ដឹក​គ្រញូង ឈើ​ខុស​ច្បាប់​អី​ផង ទៅ​តាម​ច្រក​ព្រំ។ មេ​ប៉ុស្តិ៍​ខ្ញុំ​រាយការណ៍​មក គេ​មាន​ប៉ាសស្ព័រ​អី​កំផ្លេ​របស់​គេ»

ជន​រងគ្រោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ឈ្មោះ ពេជ្រ សេត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ទំនប់ទឹក ឃុំ​បវេល ស្រុក​បវេល ខេត្ត​បាត់ដំបង ដោយ​បច្ចុប្បន្ន​នៅ​ភូមិ​អូរឈើក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ជា​មន្ត្រី​យោធា​ក្នុង​អង្គភាព​លេខ​៤៣៥ ប្រចាំ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ របស់​កងវរៈសេនាតូច​លេខ​៤៣ ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ត្រង់​ចំណុច​ភូមិ​នើនឌិនដែង ក្នុង​ស្រុក​ពោងណាំរ៉ន ខេត្ត​ចាន់បុរី បាញ់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ កាល​ពី​វេលា​ម៉ោង ៨ និង ២០​នាទី​យប់ ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ ប៉ុន្តែ​សេចក្ដី​រាយការណ៍​របស់​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ជន​រងគ្រោះ​បាន​លប​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ត្រង់​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៦២ និង ៦៤ ដើម្បី​ទៅ​នាំ​យក​ម៉ូតូ ឬ​រថយន្ត​គេច​ពន្ធ ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ពិសេស​គឺ​នាំ​យក​ឈើ​គ្រញូង​ឆ្លង​ដែន​ខុស​ច្បាប់ ដែល​សេចក្ដី​រាយការណ៍​នេះ​ផ្ទុយ​ពី​មន្ត្រី​ការពារ​ព្រំដែន​គោក​ដែល​ថា ការ​បាញ់​សម្លាប់​ទាក់ទង​នឹង​រឿង​គំនុំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ទំនាក់ទំនង​ច្រក​ព្រំដែន​ខ្មែរ-​ថៃ លោក ទី សុខា ដើម្បី​បក​ស្រាយ​ចំពោះ​ចំណាត់​ការ​ទំនាក់ទំនង​ទៅ​ខាង​ភាគី​ថៃ ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេបញ្ជាការ​ការពារ​ព្រំដែន​គោក​លេខ​៨២១ ប្រចាំ​ខេត្ត​ប៉ៃលិន លោក អ៊ុំ នន មាន​ទស្សនៈ​ថា ថ្វីត្បិត​តែ​ការ​បាញ់​សម្លាប់​នេះ​ក្នុង​រឿង​គំនុំ​ក្ដី ប៉ុន្តែ​លោក​យល់​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់ និង​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​ដែល​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ការ​យោគយល់​គ្នា៖ «នេះ​ជា​ករណី​ទី​១​ហើយ។ អាជ្ញាធរ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​ភាគី​ខាង​ថៃ។ ធ្លាប់​បាន​ប្រជុំ​ហាម​ឃាត់​ដាច់​ខាត មិន​ឲ្យ​បាញ់​សម្លាប់​តាម​បន្ទាត់​ព្រំដែន ឬ​ខាង​ក្នុង​ទេ មាន​រឿង​អី​ត្រូវ​មាន​ការ​និយាយ​គ្នា ដោះដូរ​គ្នា​តាម​ជាក់ស្ដែង​ដែល​គួរ​និយាយ​គ្នា​ទៅ​បាន»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អះអាង​ថា មិន​ទាន់​បញ្ជូន​សាកសព​មន្ត្រី​យោធា​រូប​នោះ​មក​កម្ពុជា វិញ​នៅ​ឡើយ ហើយ​ភាគី​ថៃ នៅ​រក្សា​សព​ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​ចានបុរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។