គ្រឿងញៀន​វាយលុក​ស្រុក​ខ្មែរ​ និង​បង្ក្រាប​បាន​ច្រើន​កើនឡើង​ជាង​ឆ្នាំ​មុន​៣​ដង​

​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​កាលពី​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០១៥​ម្សិលមិញ​ លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​០៩​ខែ​ដើមឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ និង​ដកហូត​វត្ថុ​តាង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៤​កន្លង​ទៅ​ គឺ​កើនឡើង​រហូត​ដល់​ជាង​៣​ដង​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​០៩​ខែ​ដើមឆ្នាំ​២០១៥​នេះ​ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​១.៦៦៨​ករណី​ ចាប់​ឃាត់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​បាន​៣.៤០២​នាក់​ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​គ្រប់​ប្រភេទ​ចំនួន​ជាង​៨៧,៥០​គីឡូក្រាម​ ខណៈ​ក្នុង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​២០១៤​កន្លង​ទៅ​ សមត្ថកិច្ច​បង្ក្រាប​បាន​៥៦៤​ករណី​ ចាប់​ឃាត់ខ្លួន​ចំនួន​១.៣៤៥​នាក់​ និង​ដកហូត​វ​ត្តុ​តាង​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​៤៣​គីឡូក្រាម​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ សមត្ថកិច្ច​បង្ក្រាប​បាន​ករណី​ធំៗ​ជាង​៤០​ករណី​ ដែល​២​ករណី​ធំៗ​សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​ជិត​៥៥​គីឡូក្រាម​ និង​១​ករណី​ទៀត​រឹបអូស​បាន​កញ្ឆា​ចំនួន​១,៥០​តោន​ និង​ប្រេង​កញ្ឆា​ចំនួន​១,៥០​គីឡូក្រាម​ ។​ ដោយឡែក​ ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តាម​ការ​ស្រាវជ្រាវ​បឋម​ មាន​ចំនួន​ជាង​៨.០០០​នាក់​ ហើយ​តាម​ការ​សន្និដ្ឋាន​ អាច​មាន​ប្រហែល​ចំនួន​២០.០០០​នាក់​ ។​

​យោង​តាម​តួលេខ​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​ ដែល​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ នេះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ឆ្នាំ​២០១៥​នេះ​ គ្រឿងញៀន​បាន​វាយលុក​ស្រុក​ខ្មែរ​ច្រើន​ជាង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ដោយ​កើនឡើង​រហូត​ដល់​ជាង​៣​ដង​ឯណោះ​ ៕​

គ្រឿងញៀន​វាយលុក​ស្រុក​ខ្មែរ​ និង​បង្ក្រាប​បាន​ច្រើន​កើនឡើង​ជាង​ឆ្នាំ​មុន​៣​ដង​