ថៃ​បញ្ជូន​សព​២​ក្នុង​ថ្ងៃ​តែ​មួយ​មក​ប្រគល់​ឲ្យ​សាច់ញាតិ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​-​ពលការ​នី​២​នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​មក​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​៣ តុលា ២០១៥ បន្ទាប់​ពី​ស្លាប់​ដោយ​មហារីក​ឈាម និង​ខ្យល់គរ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ជម្ងឺមហារីក​ឈាម​ឈ្មោះ សេក ស្រី​ចាន់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជន​រង​គ្រោះ​មុន​ស្លាប់​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ហើយ​បាន​ស្លាប់​ដោយ​ជម្ងឺមហារីក​ឈាម​កាលពី​វេលា​ម៉ោង​១២ និង​៥​នាទី​រសៀល ថ្ងៃ​ទី​២ តុលា ២០១៥ ។ ដោយឡែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ខ្យល់គរ​ឈ្មោះ ពៀក ឃឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ជន​រង​គ្រោះជា​កម្មករ​នេសាទ​លើ​សមុទ្រ​ថៃ​ក្នុង​ខេត្ត​ប៉ាត់​តានី បាន​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់គរ បន្ទាប់​ពី​មាន​អ​កា​រៈ​ថប់ដង្ហើម ពេល​វិល​ត្រឡប់​មក​ស្រុក​កំណើត​ដល់​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ជាប់​ព្រំដែន​កម្ពុជា ។

តាម​របាយការណ៍​របស់​មន្ត្រី​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពេល​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ពី​ខេត្ត​ប៉ាត់​តានី គ្រោង​មក​ស្រុក​កំណើត​ដល់​ស្រុក​អារញ្ញ​ ស្រាប់តែ​មាន​អាកា​រៈ​ថប់ដង្ហើម​ភ្លាម​នោះ​សមត្ថកិច្ច​ថៃ​ក៏​បាន​ជួយ​នាំ​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​អារញ្ញ ប៉ុន្តែ​ជា​អកុសល​បាន​ដាច់ខ្យល់​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​២​ខែ​ឆ្នាំ​ដដែល ។

ក្រោយ​ពី​ភាគី​ថៃ​បញ្ជូន​សព​ទាំង​២​មក​ដល់​កម្ពុជា សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​រៀង​ៗ​ខ្លួន ៕