រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស៖ មាន​តែ​ ៥ភាគរយ​ប៉ុណ្ណោះ​នៃ​ការ​វាយប្រហារ​តាម​អាកាស​​របស់​រុស្ស៊ី​ ដែល​ចាត់​ទី​ដៅ​លើ​ក្រុម​រដ្ឋឥស្លាម

រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស៖ មាន​តែ​ ៥ភាគរយ​ប៉ុណ្ណោះ​នៃ​ការ​វាយប្រហារ​តាម​អាកាស​​របស់​រុស្ស៊ី​ ដែល​ចាត់​ទី​ដៅ​លើ​ក្រុម​រដ្ឋឥស្លាម

រូបភាព​យក​ពី​ខ្សែ​វីដេអូ​មួយ​ពី​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០១៥ បង្ហាញ​ពី​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ការ​វាយ​ប្រហារ​តាម​អាកាសតែ​៥​ភាគរយ​គត់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​ចាត់​ទី​ដៅ​លើ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម ​នេះ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្រ្តី​ការពារ​ប្រ​ទេស​អង់គ្លេស​នៅ​ថ្ងៃ​សៅរ៍​នេះ ​នៅពេល​ដែលយុទ្ធ​នាការ​ទម្លាក់​គ្រាប់​បែក​ដែល​មាន​អាយុ​កាល​៤​ថ្ងៃ​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​បានបន្ត ​ទោះ​បី​ជា​មាន​ការ​ព្រួយ​កង្វល់​ពី​ប្រទេស​លោក​ខាង​លិច​ក៏​ដោយ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត The Sun ​លោក Michael Fallon រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា ​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី​ភាគ​ច្រើន​បាន​ចាត់​ទី​ដៅ​ទៅ​លើ​ក្រុមឧទ្ទាម​ស៊ីរី​ជំនួស​ទៅ​វិញ​ ដែល​រួម​មាន​ក្រុម​កងទ័ព​ស៊ីរី​សេរី​ ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច ​ហើយ​បាន​សម្លាប់​ជន​ស៊ីវិល។

លោក Fallon បាន​មាន​ប្រសាសន៍​ថា «យើង​កំពុង​ធ្វើ​ការ​វិភាគ​ពី​ទី​កន្លែង​នៃ​ការ​វាយប្រហារ ដែល​កំពុង​ធ្វើ​ឡើង​ជា​រៀង​រាល់​ព្រឹក។​ ការ​វាយ​ប្រហារ​ភាគ​ច្រើន​មិន​មែន​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ទាល់​តែ​សោះ‍»។

​លោករដ្ឋ​មន្រ្តី​ការពារ​ជាតិ​អង់គ្លេស Fallon ​បាន​មាន​ប្រសាសន៍​ទៀត​ថា «ភស្តុតាង​របស់​យើង​ចង្អុល​បង្ហាញ​ថា ​ពួកគេ​បាន​ទម្លាក់គ្រាប់​រំសេវ​នៅ​ក្នុង​តំបន់​ជន​ស៊ី​វិល​រស់​នៅ ​ដោយ​បាន​សម្លាប់​ជន​ស៊ី​វិល ​ហើយ​ពួកគេ​កំពុង​ទម្លាក់​គ្រាប់​រំសេវ​ប្រឆាំង​នឹង​កងកម្លាំង​ស៊ីរី​សេរី​ ដែល​កំ​ពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​របស់​ប្រធានាធិបតី Bashar al- Assad។

យោង​តាម​ក្រុម​មន្រ្តី​ប្រទេស​លោក​ខាង​លិច​ និងអ្នកស្រុក​ក្នុង​មូលដ្ឋាន​បាន​ប្រាប់ឲ្យ​ដឹង​ថា នៅ​សប្តាហ៍​នេះ​រុស្ស៊ី​បាន​ចាប់​ផ្តើម​ទម្លាក់​គ្រាប់​បែក​ក្នុង​ប្រទេស​ស៊ីរី ​ដោយ​និយាយ​ថា ​ទីដៅ​ដ៏​សំខាន់​របស់​ខ្លួន គឺ​ក្រុមរដ្ឋ​ឥស្លាម ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​វាយ​ប្រហារ​ពី​ដំបូង​ជា​ច្រើន​បាន​ត្រូវ​ចំ​លើ​ក្រុម​ឧទ្ទាម​ស៊ីរី ​ដែល​គាំទ្រ​ដោយ​ស.រ.អា៕