រឿម វណ្ណៈជម្រះបញ្ជីជាមួយសេក គឹមផៃ

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​រឿ​ម វណ្ណៈ​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ប្រកួត​សងសឹក​ជាមួយ​អ្នក​ ប្រ​ដាល់​សេក គឹម​ផៃ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​លើស​ង្វៀន CTN ថ្ងៃទី​៤​តុលា​នេះ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ប្រកួត​គ្នា​កន្លងមក​២-៣​លើក​ហើយ​តែ​គ្រប់​ការប្រកួត​គឹម​ផៃ​ ជា​អ្នកឈ្នះ ។​តាមពិត​វណ្ណៈ​មាន​របៀប​វ៉ៃ​ល្អ​តែ​គេ​វ៉ៃ​បានតែ​ម្ខាង​គឺ​កែង​ឆ្វេង ។ គេ​ចូលចិត្ត​ប្រើ​កែង​ណាស់​តែ​កែង​របស់់គេ​វ៉ៃ​ចេញ​មិន​សូវ​ចំ​គោលដៅ​ឡើយ ។​

​     ​ចំពោះ​គឹម​ផៃ​កែង​មិន​ដល់​វណ្ណៈ​មែន​តែ​កណ្ដាប់ដៃ និង ជង្គង់​គេ​ល្អ ហើយ​ការប្រកួត​ជាមួយ​វណ្ណៈ​កន្លងមក​គេ​តែងតែ​យកឈ្នះ​វណ្ណៈ​នៅ ២ ទឹក​ចុងក្រោយ​ក្នុងខណៈដែល​វណ្ណៈ​ទន់​កម្លាំង ។​សម្រាប់​ការប្រកួត​លើក​នេះ​ប្រសិនបើ​ កម្លាំង​របស់​វណ្ណៈ​នៅតែ​ឆាប់​ជ្រាយ​បែបនេះ​គឹម​ផៃ​នឹង​ឈ្នះ​ទៀត​ជាមិនខាន ។​

​    ​ទឹម សាន​ក្លឹប​កុសល​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យី សុវណ្ណារិទ្ធ ក្លឹប​អេ​ភូ​ថង​កីឡា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​

​    ​ទឹម សាន​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែល​គ្មាន​កេរ្តិ៍ឈ្មោះ​តែ​គេ​វ៉ៃ​ល្អ​ គ្រាន់បើ ឯ សុវណ្ណារិទ្ធ​មិនសូវមាន​អ្នក​ស្គាល់​ ទេ ។ សុវណ្ណារិទ្ធ​ប្រហែលជា​មិន​អន់​ទេ​ទើប​គេ​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ទឹម សាន​បែបនេះ ។​

​    ​ផាន ផាត់​យុទ្ធ​ក្លឹប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រិ​ទ្ធ ប្រា​ក់បិន​ក្លឹប​កងពលតូច​លេខ​៧០ ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ចិត្តធំ​ទាំង ២ រូបនេះ​សុទ្ធតែ​ក្លាហាន​វ៉ៃ​ប្ដូរ​ដូចគ្នា ។ ជាមួយនឹង​ភាពរហ័សរហួន និង មាន​ផ្លែ​ល្អ​ដូច​គ្នា​នោះ​មិនដឹងថា​នរណា​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​ នោះទេ ។​ផាត់​យុទ្ធ​មិន​ងាយ​នរណា​វ៉ៃ​គេ​ឲ្យ​សន្លប់​ឡើយ ឯ​ប្រា​ក់បិន​ច្រើនតែ​សន្លប់ ។​

​    ​ចៅ រស់​ក្លឹប​សុភា​នូ​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈុន បញ្ញា​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​វ័យក្មេង​ទាំង ២ រូបនេះ​ក្លាហាន​ដូចគ្នា វ៉ៃ​ប្ដូរ​ដូចគ្នា ។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?