ស៊ន សៀវម៉ី៖ ថ្ងៃនេះ ឆ្នាំមុន គឺជាថ្ងៃដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបាន

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូរូបស្រស់ ស៊ន សៀវម៉ី បានរំឮកពីអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងជីវិត និងចំពោះប្រទេសជាតិទាំងមូល សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥នេះ ទៅនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ គឺជាថ្ងៃដ៏អស្ចារ្យ ដែលនាងដណ្ដើមបានមេដាយមាសជាប្រវត្តិសាស្រ្ដ ជូនប្រទេសជាតិ នៅក្នុងការចូលរួម ប្រកួតកីឡាអាស៊ី Asian Games លើកទី១៧ នៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ ។

មុននេះបន្ដិចកញ្ញា ស៊ន សៀវម៉ី បានបង្ហាញពីអារម្មណ៍ពិត តាមរយៈការសរសេរបង្ហោះនៅលើ Page ហ្វេសបុកផ្ទាល់ខ្លួនថា «ពុកម៉ែបងប្អូននៅចាំបានទេ ថ្ងៃនេះ កាលពីឆ្នាំមុន? ជាថ្ងៃដែលរំភើបរកអ្វីប្រៀបផ្ទឹមពុំបានសម្រាប់នាងខ្ញុំ ដែលដណ្តើមបានជ័យជំនះមួយនេះសម្រាប់កីឡាជាតិយើង ។ អរគុណពុកម៉ែបងប្អូន ដែលតែងតែស្រលាញ់ និងគាំទ្រនាងខ្ញុំរហូតមក» ។

សម្រាប់ថ្ងៃនេះកាលពីឆ្នាំមុនកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ី ដែលជាមេដាយប្រវត្តិសាស្ដ្ររបស់វិស័យកីឡាកម្ពុជា ដែលដណ្ដើមបានលើកដំបូង ក្នុងចំណោមការចូលរួមប្រកួតកីឡាអាស៊ីអស់រយៈជាង ៤០ឆ្នាំមកហើយនោះ ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងមន្ដ្រីរាជការ រាជរដ្ឋាភិបាល បានសម្ដែងនូវក្ដីរំភើបក្រៃលែង នៅពេលដឹងថា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ប្រកួតឈ្នះមេដាយមាសដូច្នេះ ។ លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ថែមទាំងបានអនុញ្ញាតឲ្យកញ្ញា សៀវម៉ី ចូលជួបសម្ដែងការគួរសម នៅពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញភ្លាមៗផងដែរ ជាមួយនឹងក្បួនដង្ហែជាពិសេស ហើយក៏មានប្រជាពលរដ្ឋ និងអ្នកគាំទ្រវិស័យកីឡាជាច្រើនទៅទទួលស្វាគមន៍ លើកទឹកចិត្តដល់រូបនាងទៀតផង ៕

ស៊ន សៀវម៉ី៖ ថ្ងៃនេះ ឆ្នាំមុន គឺជាថ្ងៃដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបាន

ស៊ន សៀវម៉ី៖ ថ្ងៃនេះ ឆ្នាំមុន គឺជាថ្ងៃដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបាន