លាស់ យីន ប្រកួតជាមួយប្រេស៊ីលលើសង្វៀន Ganzberg

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​៤ តុលា អ្នក​ប្រដាល់​លាស់ យីន​នៃ​ក្លឹប​សម្រែក​រាជសីហ៍​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រេ​ស៊ី ​ល K-Ros ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​ហាត់​នៅ​ស្រុកថៃ​មក​ ប្រកួត​ជាមួយ​ខ្មែរលើ​សង្វៀន SEA-TV ។ គេ​មិនដឹងថា​អ្នក​ប្រដាល់​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ខ្លាំង ឬ ខ្សោយ​នោះទេ​តែ​សម្រាប់​លាស់ យីន​ទោះបី​គេ​មិនសូវ​មាន​ស្នៀត​ក៏ពិតមែន​តែ​គេ​ជា​អ្នក​ប្រដាល់​ដេ​ល​ ក្លាហាន​ណាស់ ។​

​    ​នៅពេល​ប្រកួត​គេ​មិន​ខ្វល់​ពី​ការវាយប្រហារ​របស់​គូប្រកួត​ឡើយ​គឺ​ សម្រុកចូល​រហូត ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ឲ្យ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៤​ដង ចាញ់​១១ ដង ។​ការ​សម្រុកចូល​របស់​លាស់ យីន​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​បែក​កម្មដ្ឋាន​រក​កន្លែង​វ៉ៃ​លែងឃើញ ។​

​     ​ចំពោះ​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល K-Ros វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៥​ដង ឈ្នះ ២៤​ដង ចាញ់​១០ ដង ស្មើ​ពិន្ទុ ១ ដង ។ នរណា​ជា​អ្នកឈ្នះ​រវាង K-Ros ជាមួយ​លាស់ យីន ?
​    ​ឡៅ ចន្ទ្រា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phich Nam Ek ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​

​    ​ចន្ទ្រា​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​កលល្បិច​វ៉ៃ​ល្អ​ណាស់ ។ ការប្រកួត​ភាគច្រើន​គេ​ផ្ដួល​គូប្រកួត​មុន​ទឹក​ទី ៥ ជានិច្ច ។​អ្នក​ប្រដាល់​រូបនេះ​ល្អ​ទាំង​កែង​-​ជង្គង់​-​ស្នៀត​ទាត់ និង កម្លាំង​ខ្លាំង​ទៀតផង ។​នៅក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៦២ ដង ឈ្នះ ៥៩​ដង ចាញ់​តែ ២ ដង​ប៉ុណ្ណោះ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phich Nam Ek វិញ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​តែ​គេ​មាន​ប្រវត្តិ​ប្រកួត​ ចំនួន​៦៨ ដង ឈ្នះ​៥៦​ដង ចាញ់ ១១​ដង ស្មើ​ពិន្ទុ ១ ដង ។ ចន្ទ្រា​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ឬទេ ?

​    ​ឯម សុធី​ក្លឹប​ឬ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phun Sawath ។ ពួកគេ​ទាំង ២ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​     ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​ជា​ជើង​ថ្មី​ទេ​តែ​ការប្រកួត​របស់គេ ​ភាគច្រើន​បញ្ចប់​គូប្រកួត​មុន​ទឹក​ទី ៥ ។​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៩​ដង ឈ្នះ​៣៨​ដង ចាញ់​១០​ដង ស្មើ​ពិន្ទុ ១ ដង ។ ឯ អ្នក​ប្រដាល់​ថៃ Phun Sawath វិញ​ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៦៥​ដង ចាញ់ ៤ ដង​ប៉ុណ្ណោះ ។​នេះ​ជា​ស្ថិតិ​ប្រកួត​ដ៏​អស្ចារ្យ​មួយ ។​

​    ​ឯម សុធី មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​ពី​អ្នក​ប្រដាល់​ថៃ Phun Sawath បានដែរ​ឬទេ ?