យឹម សុវណ្ណ៖ ព្រះសង្ឃ​ត្រូវ​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត

ព្រះសង្ឃក៏ជាពលរដ្ឋម្នាក់ ដូច្នេះព្រះសង្ឃត្រូវតែមាន លិខិតបញ្ជាក់អត្តសញ្ញាណ ជាខ្មែរ និងសិទ្ធិចូលរួម​បោះ​ឆ្នោត នៅ​កម្ពុជា។ នេះ តាមការអះអាង របស់អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ។
យឹម សុវណ្ណ៖ ព្រះសង្ឃ​ត្រូវ​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត
ព្រះសង្ឃចូលរួមបោះឆ្នោត នៅកម្ពុជា កាលពីអណត្តិទី២។ (រូបថត AP)

នៅចំពោះភាពប្រទាំងប្រទើស ទាក់ទងសិទ្ធិចូលរួមបោះឆ្នោត របស់ព្រះសង្ឃនោះ អ្នកនាំពាក្យរបស់គណបក្ស​សង្គ្រោះជាតិ បានប្រកាសជំហរ គាំទ្រឲ្យអ្នកបួស អាចធ្វើការបោះឆ្នោតបាន ក្នុងនាមជាពលរដ្ឋមួយរូប។ ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងពីធីកាន់បិណ្ឌវេណទី១ នៅវត្តអង្គតាម៉ិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា ព្រះសង្ឃ ជាប្រជាពលរដ្ឋខ្មែរ ដែល​ត្រូវតែមានអត្តសញ្ញាណប័ណ្ណ ជាខ្មែរ ដូច្នេះព្រះសង្ឃ ត្រូវតែមានសិទ្ធិគ្រប់គ្រាន់ ដើម្បីចូលរួមការបោះឆ្នោត។

លោក សុវណ្ណ បានថ្លែងឡើងថា៖  «បើយើងមិនធ្វើអត្តសញ្ញាណប័ណ្ណ ប្រគេនលោកសង្ឃទេ តើយើង​ទាំង​អស់​គ្នា ទុកព្រះសង្ឃជាអ្វី នៅក្នុងសង្គមខ្មែរ? មានសញ្ជាតិខ្មែរ ទាល់សំគាល់ថាមាន អត្តសញ្ញាណប័ណ្ណ មាន​សំបុត្រ​កំណើត។ ចុះបើមិនចេញអត្តសញ្ញាណប័ណ្ណ ឲ្យព្រះសង្ឃ មានតែចង់ឲ្យលោក គង់នៅក្រៅសង្គម? ខ្ញុំមិន​យល់!។»

អ្នកនាំពាក្យរូបនេះ ទំនងជាចង់និយាយផ្តោតសំខាន់ ទៅលើរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្ស​ប្រជាជន​កម្ពុជាសព្វថ្ងៃ ថាបានត្បិតត្បៀត មិនចង់ឲ្យព្រះសង្ឃធ្វើការ បញ្ចេញសិទ្ធិធ្វើការបោះឆ្នោត ដូចជាពលរដ្ឋទូទៅ។ លោក សុវណ្ណ បានថ្លែងបរិហាថា៖ «គេធ្វើហ្នឹង មិនចង់ឲ្យព្រះសង្ឃទៅបោះឆ្នោត គេដឹងថាព្រះសង្ឃគាំទ្រ គណបក្ស​សង្គ្រោះជាតិ។ យើងមិនត្រូវធ្វើដូច្នេះទេ ទុកសិទ្ធិប្រគេនព្រះសង្ឃ ឲ្យព្រះសង្ឃ លោកមានសិទ្ធិ​បញ្ចេញ​មតិ ពិសេសអត្តសញ្ញាណប័ណ្ណ ត្រូវតែធ្វើប្រគេនលោកសង្ឃ។ បើយើងមិនធ្វើអត្តសញ្ញាណប័ណ្ណ ប្រគេន​ព្រះសង្ឃ យើងគោរពសាសនាយ៉ាងដូចម្តេច? យើងទុកព្រះសង្ឃយ៉ាងដូចម្តេច បានជាយើងទាំងអស់​គ្នា មាន​អត្តសញ្ញាណប័ណ្ណ លែកលែងតែព្រោះសង្ឃ អត់មានអត្តសញ្ញាណប័ណ្ណ?»

សូមទស្សនា និងស្តាប់ការលើកឡើង របស់លោក យឹម សុវណ្ណ៖

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កំពុងស្វែងរកប្រតិកម្ម ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ ទាក់ទងនឹងការលើកឡើង របស់អ្នកនាំពាក្យគណបក្សប្រឆាំងខាងលើ។

ព្រះសង្ឃខ្មែរ តែគ្មានអត្តសញ្ញាណប័ណ្ណ ជាខ្មែរ...

ដោយឡែក ប្រធានសមាគម ជ័យលាភី បញ្ញាជនកម្ពុជា និងជាប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គម​ លោក រស់ សារ៉ុម ក្នុង បានថ្លែងកាលពីពេលថ្មីៗនេះថា ព្រះសង្ឃត្រូវតែមានសិទ្ធិចូលរួម ក្នុងការបោះឆ្នោត ដើម្បី​បំពេញ​កិច្ច និងតួនាទីជាពលរដ្ឋខ្មែរ ម្នាក់ស្របតាមច្បាប់កំពូលរបស់កម្ពុជា។ លោក សារ៉ុម ដែលអះអាងថា ខ្លួន​លោកជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងមុតមាំនោះ បានថ្លែងឡើងថា យោងតាមច្បាប់ ស្តីពី ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០០៤ បានកំណត់ថា ប្រជាពលរដ្ឋខ្មែរ ដែលអាចចុះឈ្មោះបោះឆ្នោតបាន លុះត្រាតែមាន «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» តែមួយគត់។ លោកថា «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តែ​មួយគត់»នោះហើយ ដែលបានចងអនុក្រិត្រ លេខ៦០ ចេញកាលពីឆ្នាំ២០០៧ ដោយហាមឃាត់ មិន​ឲ្យ​ព្រះ​សង្ឃ​មានសិទ្ធិ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ (សញ្ជាតិខ្មែរ)។

ប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គមរូបនេះ បានលើកជាសំនួរថា តើព្រះសង្ឃ អាចទៅបោះឆ្នោតបានទេ បើ​គ្មានអត្តសញ្ញាណប័ណ្ណនោះ? លោកបន្តថា កាលពីពាក់កណ្តាល ឆ្នាំ២០១៥នេះ ក្រសួងមហាផ្ទៃបាន​ចេញ​ប្រកាស លេខ៦៣៧៥ប្រ.ក ថាព្រះសង្ឃ នៅតែមិនអាចប្រើប្រាស់ អត្តសញ្ញាណប័ណ្ណបានដដែល។ រីឯ​កាល​ពី​សប្តាហ៍មុនកន្លងមកនេះ លោក ឌុច សុន សមាជិក គ.ជ.ប បានជួបជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់​ក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទដារ៉ា ដើម្បីស្នើឲ្យចេញអត្តសញ្ញាណប័ណ្ណ ប្រគេនដល់ព្រះសង្ឃ តែលោក ម៉ៅ ច័ន្ទដារ៉ា មិនហ៊ានសម្រេច ដោយរង់ចាំស្នើយោបល់ ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក រស់ សារ៉ុម បាន​សួរ​ទៀត​ថា តើបញ្ហានេះត្រូវដោះស្រាយដូចម្តេច?

លោក សារ៉ុម បានស្រង់សម្ដី របស់មន្រ្តីជាន់ខ្ពស់នៃគ.ជ.ប មកថ្លែងថា គ.ជ.ប បច្ចុប្បន្ននេះ ចង់ឲ្យព្រះសង្ឃ​ចូល​រួម ក្នុងការបោះឆ្នោតខុសពី គ.ជ.ប ចាស់ ដែលបិទសិទ្ធិព្រះសង្ឃ ក្នុងការចូលរួមបោះឆ្នោត។ ប្រធានក្រុម​បញ្ញាវន្ត​កំណែទម្រង់សង្គម បានបន្តថា៖ «គ.ជ.ប ក៏នឹងបញ្ជូលនូវបុព្វសិទ្ធិពិសេស របស់ព្រះសង្ឃនៅក្នុង បទ​បញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដែលបាននឹងកំពុងព្រាង នាពេលបច្ចុប្បន្ននេះ»។

» សូមទស្សនា និងស្តាប់ការលើកឡើងរបស់លោក រស់ សារ៉ុម៖

» សូមអានអត្ថបទទាក់ទង ដោយចុចនៅលើទីនេះ