បារមី​អណ្តូងទឹក​កុមារ ពេជ្រ និង កុមារ ទេព ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ

Sanofi

​តាំងតែ​ពី​ដើម​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ បើទោះបី​ជាមាន​បច្ចេកវិជ្ជា​ជឿនលឿន​យ៉ាងណាក្តី តែ​រឿងរ៉ាវ​អប្បិយ​ជំនឿ​នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ ។ ជាក់ស្តែង​ដូចជា​ទីកន្លែង​អណ្តូងទឹក កុមារ ពេជ្រ និង​កុមារ ទេព នៅលើ​កំពូលភ្នំ​ខ្លែង ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី បាននាំគ្នា​មក​បែរបន់​សុំ​ទឹកមន្ត​ពី​អណ្តូង​លើ​ផ្ទាំង​ថ្ម​យកមក​ផឹក លុបមុខ ឬ លាប​ខ្លួនប្រាណ គ្មាន​លស់​ពេល​ឡើយ ដោយ​ពួកគេ​បាន​ល្បី​តៗ​គ្នា​ថា​អណ្តូង​នេះ​មាន​ឫទ្ធិ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ ព្រោះ​អណ្តូង​នេះ​មាន​បារមី កុមារ ពេជ្រ និង កុមារ ទេព នៅ​ថែរក្សា ។​

​ទាក់ទង​នឹង​បារមី​កុមារ ពេជ្រ និង កុមារ ទេព នៅលើ​ភ្នំ​ខ្លែង​នេះ លោកតា ណុប សេស អាយុ ៧៨ ឆ្នាំ ជា​អ្នកថែរក្សា​នៅ​ទីកន្លែង​អណ្តូង​កុមារ ពេជ្រ និង កុមារ ទេព និង មាន​ទីលំនៅ​នៅ​ភូមិ​ភ្នំ​ខ្លែង ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ដែរនោះ បាន​រៀបរាប់​ឲ្យ​ដឹងថា បារមី​កុមារ ពេជ្រ និង កុមារ ទេព បានមក​គង់​រង់ចាំ​ថែរក្សា​ទីនេះ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ ។

ជា​និច្ចកាល​នៅពេល​ដែលមាន​អ្នកស្រុក​ជួបប្រទះ​ទុក្ខភ័យ​អាសន្នអន្ធក្រ ដូចជា​អ្នកមាន​ជំងឺ​ឈឺ​ថ្កាត់​ដាក់​ថ្នាំ​ពុំជា ហើយ​អ្នកខ្លះ​រៀបការ​អស់​រយៈពេល​រាប់​ឆ្នាំ​ហើយ​ពុំមាន​កូនចៅ​ដូច​បំណងប្រាថ្នា​នោះ ពួកគេ​តែងតែ​មក​អុជ​ធូប​បែរបន់​សុំ​ទឹក​អណ្តូង​ដែល​កុមារ ពេជ្រ និង កុមារ ទេព ថែរក្សា​នេះ យកទៅ​លុបមុខ លាប​ខ្លួនប្រាណ ឬ ក៏​យកទៅ​ផឹក​តាម​ជំនឿ​របស់​ពួកគេ ។ លុះដល់​បាន សម្រេច​តាម​បំណងប្រាថ្នា​របស់ខ្លួន​ហើយ​ពួកគេ​ត្រូវតែ​នាំយក​នូវ​តង្វាយ ដូច ជា​បង្អែម ចម្អាប និង កាត់​សម្លៀកបំពាក់​មក​ថ្វាយ​ដល់​ព្រះរាជ​កុមារ​ទាំងពីរ​នេះ ដោយ​មិនអាច​គេចវេះ​បានឡើយ ។

 

បើកាលណា​មាន​នរណាម្នាក់​ហ៊ាន​គេចកែ​នោះ​ច្បាស់​ជា​ត្រូវ​បារមី​ព្រះរាជ​កុមារ​ទាំងពីរ​តាម​ផ្តន្ទា​ពុំខាន​នោះទេ ។ ចំពោះ​ទឹក​នៅក្នុង​អណ្តូង​នេះ លោកតា​បាន​ឲ្យ​ដឹង​ទៀតថា ទឹក​ក្នុង​អណ្តូង​នេះ​ពុំមែន​ជា​ទឹកភ្លៀង ឬ ទឹក​ដង​យកមក​ចាក់​ទេ គឺជា​ទឹក​ចេញ​ដោយ​ឯកឯង មិន​ថា​ខែប្រាំង ឬ ខែវស្សា​នោះទេ តែងតែមាន​ទឹក​នៅ​ដក់​ក្នុង​អណ្តូង​នេះ​មិនដែល​រីងស្ងួត​ឡើយ បើទោះបី​ជាមាន​អ្នក​មក​ដួស​ទឹក​ច្រើន​យ៉ាងណាក្តី​ក៏​ទឹក​នៅក្នុង​អណ្តូង​នេះ​មិន​រីងស្ងួត​ដែរ ។​

​រីឯ​លោកយាយ ប៊ិន រ៉េ​ន អាយុ ៦២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នក់​ក្នុង ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ដែរនោះ​មានប្រសាសន៍ថា កុមារ ពេជ្រ និង កុមារ ទេព នេះ​លោក​មាន​បារមី​ខ្លាំងពូកែ​គ្រាន់បើ​ដែរ ។ កន្លងមក​មាន​អ្នកជំងឺ​ជាច្រើន​លេបថ្នាំ​ពេទ្យ​ថ្នាំខ្មែរ​មិនបាន​ជាសះស្បើយ តែ​នៅពេល​ពួកគេ​មក​អុជ​ធូប​បន់ស្រន់​សុំ​ទឹក​ពី​អណ្តូង​នេះ​យកមក​ប្រោះព្រំ​លុបមុខ​លុប​មាត់ ឬ លាប​ខ្លួនប្រាណ​នោះ អាការ​ជំងឺ​របស់​ពួកគេ​ក៏បាន​ធូរស្បើយ ធ្វើ​ឲ្យ​ពួកគេ​ល្បី​តៗ​គ្នា​រហូតដល់​សព្វថ្ងៃនេះ ។ មាន​អ្នកខ្លះ​នៅពេល​បានជា​ពី​ជំងឺ​ពួកគេ​បាននាំគ្នា​យក​តង្វាយ​មក​ថ្វាយ​ដល់​បារមី​កុមារ ពេជ្រ និង កុមារ ទេព តាម​ពាក្យសន្យា ។ ជាងនេះទៅទៀត​បើ​នៅពេល​បន់ស្រន់​ទៅបាន​ជា​ពី​ជំងឺ ហើយ​មិន​យក​តង្វាយ មក​ថ្វាយ​នោះ​គឺ​ប្រាកដជា​រស់នៅ​ពុំបាន​សុខ​ឡើយ ។

​ចំណែកឯ​លោកតា ប៉ែន ខាត់ អាយុ ៧៨ ឆ្នាំ ដែលជា​អាចារ្យ​នៅ​វត្តភ្នំ​ខ្លែង​នោះបាន​ប្រាប់​ឲ្យ​ដឹងថា កុមារ ពេជ្រ និង​កុមារ ទេព ពី​សម័យ​ដើម​មកទល់​សម័យ​បច្ចុប្បន្ននេះ​លោក​ទាំងពីរ​នៅតែមាន​បារមី​ខ្លាំងពូកែ​ដដែល ។ នៅ ពេលដែល​គេ​មកដល់​ភ្នំ​ខ្លែង​នេះ​គេ​តែងតែ​នាំគ្នា​ដើរ​សំដៅ​ទៅរក​ទីកន្លែង​អណ្តូងទឹក​កុមារ ពេជ្រ កុមារ ទេព នោះ​ដើម្បី​សុំ​ទឹក​យកមក​ប្រោះព្រំ​ខ្លួនប្រាណ និង កន្លែងធ្វើការ កន្លែង​រកស៊ី​របស់​ពួកគេ​ឲ្យ​បាន​ចម្រុងចម្រើន​មិនដែល​ខាន​នោះទេ ។ នៅពេល​បានសម្រេច​បំណងប្រាថ្នា​របស់ខ្លួន​ហើយ​នោះ​ពួកគេ​តែងតែ​នាំគ្នា​រៀបចំ​តង្វាយ​ថ្វាយ​តាម​អ្វីដែល​ខ្លួន​បាន​សន្យា​ជាមួយ​រាជកុមារ​ទាំងពីរ​អង្គ​នេះ ។

កាលពី​ប្រាំមួយ​ឆ្នាំមុន​ខ្ញុំ​តែងតែមាន​ជំងឺ​ប្រចាំកាយ​ហើយ​បើ​និយាយ​ពី​រឿង​ពេទ្យ​វិញ​នោះ គឺ​ទៅ​ព្យាបាល​រហូតដល់​ស្រុក​យួន​ឯណោះ ហើយ​បើ​និយាយ​ពី​គ្រូខ្មែរ​វិញ​មាន​ទាំង​ព្រះសង្ឃ មាន​ទាំង​គ្រហស្ថ​រាប់មិនអស់​នោះទេ ។ នៅ​ថ្ងៃ​មួយពេល​សម្រាក​ថ្ងៃត្រង់​ស្រាប់តែ​គាត់​យល់​សុបិន​ឃើញ​កូនក្មេង​ពីរ​នាក់មក​ប្រាប់ថា ស្តេច​ថ្នាំ​នៅក្បែរ​ច្រមុះ​មិន​ទៅរក ភ្លាមៗ​នោះ​ព្រលឹង​របស់គាត់​សួរថា ស្តេច​ថ្នាំ​នៅឯណា​អា​ចៅ កុមារ​ទាំងពីរ​ក៏​ឆ្លើយថា​មាននៅ​ឯណា​ឆ្ងាយ រោគ​ហ្នឹង​ទៅ​ដងទឹក​នៅតាម​ជង្ហុក​ថ្ម​លើ​ភ្នំ​យកមក​ផឹក​ទៅ​គឺជា​ហើយ តែបើ​បានជា​ពី​ជំងឺ កុំ​ភ្លេច​ទៅ​មើលថែ​នៅ​ទីនោះ​ផង ។ ក្រោយពី​ដឹងខ្លួន​គាត់​ក៏​ខំ​ប្រវេប្រវា​ឡើង​ភ្នំ និង ដងទឹក​នៅ​ជង្ហុក​តាម​ផ្ទាំង​ថ្ម​នោះ​យកមក​ផឹក​ស្រាប់តែ​បាន​ធូរស្រាល និង ជាសះស្បើយ ហើយ​ក្រោយមក​កុមារ​ទាំងពីរ​នាក់​ក៏​មក​ពន្យល់​សុបិន​ទៀតថា ម៉េច​បានជា​ពី​ជំងឺ​ហើយ​ចង់​ភ្លេច​សន្យា​មែន​ទេ នៅពេល​ភ្ញាក់​ភ្លាម​គាត់​ក៏​ឡើងមក​រៀន​ធម៌ និង ជួយ​ថែទាំ​ថែរក្សារ​អណ្តូង​នេះ ។​

បុរស​ម្នាក់​ឈ្មោះ រ៉ា កំពុង​កាប់​អុស​នៅ​ខាងក្រោម​ផ្ទះ​ក្បែរ​ជើងភ្នំ​ខ្លែង​នោះដែរ បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ថា ទាក់ទង​នឹង​អប្បិយ​ជំនឿ​ទៅលើ​អណ្តូង​កុមារ ពេជ្រ និង កុមារ ទេព នោះ លោក​មិនដែល​បាន​ចាប់អារម្មណ៍​នោះទេ ហើយក៏​មិនដែល​ដឹងថា​អណ្តូង​នេះ​ពូកែ​ស័ក្តិសិទ្ធិ​អ្វី​នោះ ដែរ ឃើញតែ​គេ​ឡើង​ចុះ​ទៅសុំ​ទឹក​ពី​អណ្តូងនោះ ៕



      


Related