ជឿ​ដែរ​អត់​ថា ការដាក់​កាស​ស្តាប់​ចម្រៀង​ជាប់​ជានិច្ច អាច​ធ្វើឱ្យ​ថ្លង់​បាន​?

ជឿ​ដែរ​អត់​ថា ការដាក់​កាស​ស្តាប់​ចម្រៀង​ជាប់​ជានិច្ច អាច​ធ្វើឱ្យ​ថ្លង់​បាន​?

​យុវវ័យ​ជា​ច្រើន នាពេល​បច្ចុប្បន្ន​នេះ តែងតែ​ស្តាប់​ចម្រៀង​ដែល​ខ្លួន​ចូល​ចិត្ត ដោយ​បើក​សម្លេង​លឺៗ​។ ជា​អកុសល អង្គការ​សុខភាព​ពិភពលោក (WHO) ជឿថា ទម្លាប់​បែបនេះ អាច​ប៉ះពាល់​ដល់​សមត្ថភាព  នៃ​ការ​លឺ​សម្លេង​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត​។ បច្ចេកវិទ្យា​ទូរស័ព្ទដៃ​ដ៏​ពេញនិយម គឺ​ពិបាក​នឹង​មិន​ដឹង មិនលឺ​ខ្លាំងណាស់ ហេតុដូច្នេះ​ហើយ បាន​ជា​យុវវ័យ​ជាច្រើន តែងតែ​ប្រើប្រាស់​វា​ជាប់​ខ្លួន​ជានិច្ច​។ ការ​ស្តាប់​ចម្រៀង​ដោយ​ការប្រើ​កាស អាច​នឹង​មាន​ឥទ្ធិពល​អាក្រក់ ដល់​សមត្ថភាព​នៃ​ការ​លឺ​សម្លេង​របស់​ពួកគេ​បាន​។

​បម្រាម​របស់​អង្គការ​សុខភាព​ពិភពលោក​
​អង្គការ​សុខភាព​ពិភពលោក បាន​ដាក់​បម្រាម​ដល់​យុវវ័យ ឱ្យ​កាត់បន្ថយ​ការប្រើ​កាស​ស្តាប់​ចម្រៀង មក​ត្រឹម​តែ​មួយ​ម៉ោង​បាន​ហើយ ដើម្បី​អាច​ចៀសផុត​ពី​ការ​ថ្លង់​នៅពេល​ក្រោយ​។ យុវវ័យ​មួយចំនួន​ប្រហែលជា​មិន​យល់​បែប​នេះ​ឡើយ ប៉ុន្តែ បើ​យោង​ទៅតាម អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹងថា មាន​យុវវ័យ​ប្រមាណ ១,១ ពាន់​លាន​នាក់ និង​មនុស្ស​វ័យ​កណ្តាល នៅ​ទូទាំង​ពិភពលោក ដែល​ប្រឈម​ខ្ពស់​នឹង​ការ​ថ្លង់​នោះ គឺ​ដោយសារតែ​ពួកគេ ប្រើ​កាស​ស្តាប់​ចម្រៀង​ច្រើន​ជ្រុល ដែល​វា​មាន​សម្លេង​ខ្លាំងពេក ស្ទើរតែ​ដូចគ្នា​នឹង​ការប្រគុំ​តន្ត្រី និង​នៅក្នុង​ក្លិប​កម្សាន្ត​ទៅហើយ​។ ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១២ ទៅ ៣៥ ឆ្នាំ គឺជា​មនុស្ស​ដែល​ប្រឈម​មុខ​ខ្លាំងជាងគេ​។ កាលពី ១០ ឆ្នាំមុន ចំនួន​អ្នក​ដែល​បាត់បង់​ការ​ស្តាប់លឺ បាន​កើនឡើង​ខ្ពស់ ដោយសារ​តែ​ការប្រើប្រាស់​ឧបករណ៍   ស្តាប់​ចម្រៀង និង​ទូរស័ព្ទ​ស្តាប់​ចម្រៀង​។

​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​
​ដោយសារតែ​មាន ចំនួន​យុវវ័យ​ជាច្រើន ដែល​បាត់បង់​ការ​ស្តាប់លឺ​នោះ អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​ថា វា​គឺជា​រឿង​សំខាន់​ណាស់ ដែល​យុវជន​ក្មេងៗ គួរតែ​លុប​បំបាត់​វា​ឱ្យបាន ចាប់ពី​ឥឡូវ​នេះ​ទៅ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​នោះ គឺ​ស្តាប់​ចម្រៀង​តាម​កាស តែ​រយៈពេល​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​ទៅ​បាន​ហើយ និង​បើក​សម្លេង​ត្រឹម ៦០ ភាគរយ​ទៅ​។ ​ដូច្នេះ យុវវ័យ​យើង គួរតែ​ធ្វើ​ទៅ​តាម​ការណែនាំ​នេះ ទើប​អាច​មាន​សុវត្ថិភាព នៃ​ការ​ស្តាប់​ចម្រៀង​តាម​ឧបករណ៍​ផ្សេងៗ​ដោយ​ប្រើ​កាស​។ ការ​បើ​សម្លេង​លឺ​ខ្លាំងពេក និង​ចំណាយពេល​យូរ វា​ពិតជា​ប៉ះពាល់ ដល់​សមត្ថភាព​នៃ​ការ​ស្តាប់លឺ​ជាមិនខាន​។

ការសន្ទនា​ធម្មតា គឺ​មាន​កម្រិត​សម្លេង ៦០​ដេស៊ីបែល ដូច្នេះ វា​នឹង​មិន​មាន​បញ្ហា ដល់​ការ​ស្តាប់លឺ    ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ការ​សម្លេង​នោះ បន្ត​លឺ​រហូតដល់ ៨ ម៉ោង វា​ពិតជា​អាច​ប៉ះពាល់ ដល់​ការ​ស្តាប់លឺ​បាន​។ នៅពេល​មនុស្ស​ម្នាក់ ប៉ះពាល់​នឹង​សម្លេង​រហូត​ដល់​កម្រិត ១២០ ដេស៊ីបែល វា​ក៏​អាច​បណ្តាលឱ្យ​ខូច សមត្ថភាព​នៃ​ការ​ស្តាប់លឺ​ដែរ ក្នុង​រយៈពេល​តែ ៩ វិនាទី​ប៉ុណ្ណោះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។