វត្ត​ព្រៃ​បន្ទាយ​ជាវត្ត​​ខ្សត់​​ចង្ហាន់​​ក្នុង​ពិធី​បុណ្យកាន់​បិណ្ឌ​ ​​ក្នុង​ស្រុកស្វាយ​ជ្រំ​

ខេត្ត​​ស្វាយរៀង ៖ ​បើ​យើង​ធ្វើ​ដំណើរ​ចេញ​​ពី​រាជ​ធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​​​ខេត្ត​ស្វាយរៀង​តាម​ផ្លូវ​ជាតិ​១ ​ឆ្លង​កាន់​ស្ពាន​អ្នក​លឿន​ រហូត​ទៅ​ដល់​​ផ្សារគ្រោល​គោ រួច​បត់​ឆ្វេង​​​​​ចូល​តាម​ផ្លូវ​លំ​ចម្ងាយ​​១៧​គីឡូម៉ែត្រ ឃើង​​នឹង​ឃើញ​វត្ត​​ដ៏​កម្សត់​មួយ​​​​​​ដែល​មាន​ឈ្មោះ​ថា «វត្តព្រៃបន្ទាយ» ​ដែល​មាន​​ព្រះសង្ឃ​​តែ​៤​អង្គ​ប៉ុណ្ណោះ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​បន្ទាយ ​ឃុំ​ស្វាយយា ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង ។

​នៅ​ពេល​ភ្នាក់​​ងារ​សារព័ត៌មាន​​កោះ​សន្តិភាព​​បាន​ចូល​ទៅ​ដល់​​​វត្ត​​​ព្រៃ​បន្ទាយ​ ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេនទី​៦​​ ត្រូវ​នឹង​ថ្ងៃទី​៣ តុលា ២០១៥ ​​​​​​​​​សង្កេត​ឃើញ​​ក្នុង​វត្ត​ហាក់​ដូច​ជា​ស្ងាត់​ជ្រងំ និង​មាន​​ពុទ្ធ​បរិស័ទ​​​​ប្រមាណ​​​ជាង​២០នាក់​ប៉ុណ្ណោះ ដែល​​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​​ព្រះ​សង្ឃ​​​ក្នុង​រដូវ​កាន់​បិណ្ឌ​នេះ ​​។

ជួប​ជា​មួយ​​ស្ត្រី​​ម្នាក់​​ដែល​បាន​យក​ចង្ហាន់​​មក​ប្រគេន​ព្រះ​សង្ឃ​​ដែរ​នោះ ​បាន​រៀប​រាប់​ថា កាល​ពី​វេន​ទី​១ ​​​ជា​​វេន​កាន់​បិណ្ទ​របស់​ក្រុម​​គាត់​ មាន​ពុទ្ធ​បរិស័ទ​ចំនួន​១៥​នាក់​ទៅ​២០​នាក់​​ ​​​ចំពោះ​បច្ច័យ​​ប្រមូល​​​បាន​ចំនួន​៩ម៉ឺន​រៀល ហើយ​​ប្រគេន​ព្រះសង្ឃ​៤​អង្គ​ ក្នុង​មួយ​អង្គ​ ចំនួន៨៨០​០រៀល នៅ​សល់​ប៉ុន្មាន​​តម្កល់​ទុក​​កសាង​​វត្ត​​ ។

​​​​ចំណែក​លោក​ប្រធាន​ភូមិ​​បានមាន​ប្រសាសន៍​ថា នៅ​វត្ត​ព្រៃ​បន្ទាយ​​​​ចាប់​ពី​វេន​ទី​១​រហូត​មក​ដល់​វេនទី​៦នេះ ​ក្នុង​មួយ​ថ្ងៃ​មាន​ប្រជា​ពុទ្ធ​បរិស័ទ​​ពី​១៥​នាក់​ទៅ​ជាង​​២០​នាក់​​​​​ដែល​នាំ​គ្នា​​​យកចង្ហាន់​មក​​វត្ត ​​​​​ពុំ​សូវ​ឃើញ​​​ពុទ្ធ​បរិស័ទ​មក​ពី​ឆ្ងាយ​នោះ​ទេ ​មាន​តែ​​​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​​ប៉ុណ្ណោះ​ ​​ចំណែក​​បច័្ចយ​ទាំងពេល​​ព្រឹក​និង​ថ្ងៃ​​ត្រង់​​​​ដែល​ប្រមូល​​ក្នុង​១​ថ្ងៃ​​​​សរុប​​​ចំនួន​​​ជាង​១០ម៉ឺ​ន​រៀល ។ ​​ហើយ​នៅ​​ថ្ងៃ​ធម្ម​តា​​មិន​មែន​ជា​រដូវ​ភ្ជុំ​បិណ្ឌ​វិញ ព្រះ​សង្ឃ​​ស្ទើរ​​តែ​ដាច់​ចង្ហាន់​ម្តងៗ​ហើយ ។​ 

​ពួក​គាត់​​សំណូម​ពរ​ដល់​ប្រជាពុទ្ធបរិស័ទ​​ជិត​ឆ្ងាយ​​​ ​ក៏​ដូច​​ឯក​ឧត្តម លោក​ជំទាវ ជា​​ថ្នាក់​ដឹក​នាំ​​ស្រុក​ ខេត្ត ជា​ពិសេស​​អ្នក​​តំណាង​រាស្ត្រ​​ ដែល​​ចូល​ចិត្ត​ធ្វើ​បុណ្យ​ដាក់​ទាន​​​សូម​អញ្ជើញ​មក​​កាន់​​វត្ត​​ព្រៃ​បន្ទាយ​ ​ជា​វត្ត​ដ៏​កម្សត់​ជាង​គេ​​​​ ក្នុង​ចំណោម​វត្ត​​អារាម​ទាំង​អស់​ក្នុង​ខេត្ត​ស្វាយ​រៀង ៕