ទៅ​បោះ​បាយបិណ្ឌ ​ប្រពន្ធ​រត់​តាម​ប្រុស​ថ្មី​បាត់

ខេត្ត​កែប ៖ បុរស​ម្នាក់​ឈ្មោះ និ​ន ជៀង អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ បាន​រៀបរាប់​ទុក្ខសោក​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ​ប្រាប់​កោះសន្តិភាព​ថា ដោយសារ​តែ​ប្រពន្ធ​ ជាទី​ស្រឡាញ់​របស់​ខ្លួន​ឈ្មោះ អឹ​ម ផល អាយុ​៤៦​ឆ្នាំ បាន​បាត់​ពី​ផ្ទះ រួម​ទាំង​លួច​យក​គ្រឿងអលង្ការ​ទៅ​ជាមួយ ។

ការ​បាត់​ខ្លួន​ពី​ផ្ទះ​នោះ​ ត្រូវ​បានលោក និ​ន ជៀង ជា​ប្តី​ប្រាប់​ថា រត់​តាម​សហាយ​ ជា​ប្រុស​ស្នេហ៍​ទៅ​បាត់​ហើយ​អត់​ប្រាប់​អ្វីមួយ​ម៉ាត់ គឺ​ឆ្លៀត​ឱកាសលោក​ ទៅ​បោះ​បាយបិណ្ឌ​នៅ​ឯ​វត្ត ។

បុរស​ដែល​ប្រពន្ធ​បាយ​បាយ​ តាម​ប្រុស​ថ្មី បាន​រៀបរាប់​ថា ខ្លួន​បាន​ព្រមព្រៀង​គ្នា​ ធ្វើ​ជា​ប្រពន្ធ​-​ប្តី​ អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ និង​មានកូន​ប្រុស​-​ស្រី​៤​នាក់ ប៉ុន្តែ​កាល​ណោះ​ មិន​បាន​រៀប​មង្គលការ​ទេ ។ ទោះបីជា​បែប​ណា ការ​ស្មោះស្ម័័គ្រ​ដឹក​ដៃ​គ្នា​ កសាង​អនាគត​គ្រួសារ​រកស៊ី​ ជាមួយ​គ្នា​តាំងពី​បាតដៃ​ទទេ រហូត​មក​ដល់​ពេល​នេះ​សល់​លុយកាក់​ទិញ​ដី​ នៅ​ជិត​ស្រែអំបិល​ឆ្នេរសមុទ្រ​កែប​ នេះ​បានជា​ច្រើន​កន្លែង ដែល​ជា​ទ្រព្យ​រួម​សំណព្វចិត្ត ។ លោក និ​ន ជៀង និយាយ​ថា ប្រពន្ធ​គាត់​រស់នៅ​ស្រួល​បំផុត ព្រោះ​ជា​អ្នក​លក់ដូរ​នៅផ្ទះ ប៉ុន្តែ​ថ្មី​ៗ​នេះ គាត់​សម្គាល់​ឃើញ​ប្រពន្ធ​មាន គំនិត​មិនល្អ ដោយសារ​តែ​រាប់រក​បុរស​ម្នាក់ ​មិន​សក្តិ​សម​ភ្នែក​លោក​ជា​ប្តី​ទេ ។

ទោះបី​ភរិយា​មាន​អាកប្បកិរិយា ​បែកឆ្វេង​ក្តី​លោក​បាន​ព្យាយាម ​ប្រាប់​ប្រពន្ធ​ថា កុំ​ឧស្សា​និយាយ​ជាមួយ​បុរស​ម្នាក់​នោះ​ពេក ប៉ុន្តែ​ប្រពន្ធ​នៅ​តែ​ធ្វើ​មិន​គប្បី មិន​ព្រម​ស្តាប់​តាម​សម្តី​ គាត់​ជា​ប្តី​ណែនាំ​ទេ ។ ម្តង​ហើយ​ម្តងទៀត ការ​ណែនាំ​របស់​គាត់​គឺ ​ប្រពន្ធ​មិន​ស្តាប់​ទេ រហូត​ដល់​មាន ការ​ទាស់ទែង​គ្នា​ផង​ដែរ ។ លោក និ​ន ជៀង ដកដង្ហើម​ធំ​រួច​ចោល​កន្ទុយភ្នែក​មើល ទៅ​ធ្លាមុខផ្ទះ​ដ៏​ស្មុគស្មាញ​និយាយ​ថា ខ្ញុំ​មិនដឹង​ប្រពន្ធ​ក្បត់ចិត្ត​ទេ ។ នៅ​យប់​ថ្ងៃ​ទី​២៧ កញ្ញា គាត់​ជា​ប្តី​បាន​ឡើង​មក​បោះ​បាយបិណ្ឌ នៅ​វត្ត​ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច នៅ​វេលា​ទៀប​ភ្លឺ ។ មិន​ទាន់​បោះ​បាយបិណ្ឌ​១​ជុំ​ ព្រះ​វិហារ​ផង ស្រាប់តែ​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា ប្រពន្ធ​ខ្ញុំរ​ត់ទៅ​តាម​ប្រុស​ថ្មី​នោះ​បាត់​ហើយ ។ ពេល​ឮដំណឹង​ ដ៏​រន្ធត់​ចិត្ត​នេះ គឺ​ដូច​អ្វី​ដែល​គាត់​សង្ស័យ ​ទៅ​លើ​មនុស្ស​ម្នាក់​នៅ​ក្នុងភូមិ ដែល​ធ្លាប់​មក​ទាក់ទង​ជាមួយ​ប្រពន្ធ​គាត់ ។ ពេល​គាត់​វិល​មក​ ដល់​ផ្ទះ​វិញ​មើល​គ្រឿងអលង្ការ​ បាត់​អស់ ក្នុង​នោះ​មាន​មាស​អស់​៣​តម្លឹង​កន្លះ ប្រាក់​រៀល​មិនដឹង​ប៉ុន្មាន​លាន​រៀល​ទេ ព្រោះ​គាត់​មិន​បាន​កាន់​លុយ​ទេ គឺ​ប្រពន្ធ​ជា​អ្នក​ទុកដាក់ ។

ដោយសារ​តែ​ប្រពន្ធ​ក្បត់ចិត្ត ​លួច​រត់​តាម​ប្រុស​បែប​នេះ គាត់​ជា​ប្តី​បាន​ដាក់ ​ពាក្យបណ្តឹង​តាំងពី​ភូមិ​រហូត​ដល់​ស្រុក ការពារ​ទ្រព្យសម្បត្តិ ខ្លាច​ស្ត្រី​ជា​ប្រពន្ធ​ត្រឡប់​មក​វិញ ដណ្តើម​ទ្រព្យសម្បត្តិ​បន្ថែម​ទៀត ។

និ​ន ជៀង ប្រាប់​ឱ្យ​ដឹង​ថា ការ​សង្ស័យ​ទៅ​ បុរស​ម្នាក់​ដែល​ធ្លាប់​ទាក់ទង​ជាមួយ​ប្រពន្ធ​គាត់​នោះ ក៏​ព្រោះតែ​ពេល​ប្រពន្ធ​គាត់​បាត់​ខ្លួន អ្នក​ភូមិ​ក៏​ឃើញ​ គេ​ជិះ​ម៉ូតូ​ចេញ​បាត់​នា​យប់​ថ្ងៃ​ទី​២៧ កញ្ញា​នោះ​ដែរ ។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​នេះ​ បុរស​ជា​សហាយ បាន​ទាក់ទង​ក្រុម​គ្រួសារ​ របស់​គេ​ឱ្យ​ឡើង​មក​យក​ម៉ូតូ ដែល​ផ្ញើ​ទុក​ផ្ទះ​បងប្អូន​នៅ​ជិត​ក្រុង​កំពត ។

ស្ត្រី​ម្នាក់​នៅ​ភូមិ​អ​ង្គោ​ល ​បាន​និយាយ​ថា និ​ន ជៀង ស្រឡាញ់​ប្រពន្ធ​ណាស់ ព្រោះ​នាង​មាន​សម្រស់​ស្អាត​ជាងគេ នៅ​ក្នុងស្រុក ថ្វីបើ​វ័យ​ចំណាស់​បន្តិច​ក៏​ដោយ ហើយ​បុរស​ជា​ប្តី​ក៏ ​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ណាស់​ដែរ រហូត​ដល់​វាយតប់​គ្នា​ទៀត​ផង ។

ស្ត្រី​ឈ្មោះ អឹ​ម ផល ដែល​ប្តី​ថា​មាន ​សហាយរ​ត់ទៅ​ជាមួយ​ប្រុស​ថ្មី ការ​ទាក់ទង​តាម​ទូរស័ព្ទ​ សុំ​ការ​បំភ្លឺ​មិន​បាន​ទទួល​ជោគជ័យ​ទេ ព្រោះ​តេ​ទូរស័ព្ទ​ចូល​ហើយ អត់​មាន​អ្នក​លើក ។

លោក ង៉ា​ន់ កុក អនុប្រធាន​ភូមិ​អ​ង្គោ​ល បាន​ប្រាប់​ឱ្យ​ដឹង​ថា ឈ្មោះ និ​នជៀង និង អឹ​ម ផល ជា​ប្តី​ប្រពន្ធ​គឺជា​គ្រួសារ​មួយ​មាន​ជីវភាព​ធូរធារ គ្រាន់បើ​ដែរ និង​មិន​ដែល​ឮ ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ទេ ស្រាប់តែ​ទទួល​ដំណឹង​ថា​នាង​អឹ​ម ផល បាន​រត់​បាត់​ចេញពីផ្ទះ ។ លោក ង៉ា​ន់ កុក មាន​ប្រសាសន៍​រលាស់​ខ្លួន​ពី​ការ​ដឹង​ឮ​។ ពេល​សួរ​ទាក់ទង​ការ​រត់​ចោល ​ប្តី​តាម​ប្រុស​ថ្មី​នោះ លោក​មិនដឹង​ថា គាត់រ​ត់ទៅ​តាម​អ្នក​ណា​អ្នក​ណី​ទេ ព្រោះ​លោក​មិនឃើញ និង​មិន​មាន​អ្នក​ប្តឹង ៕

ទៅ​បោះ​បាយបិណ្ឌ ​ប្រពន្ធ​រត់​តាម​ប្រុស​ថ្មី​បាត់

ទៅ​បោះ​បាយបិណ្ឌ ​ប្រពន្ធ​រត់​តាម​ប្រុស​ថ្មី​បាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត