​សមត្ថកិច្ច​នគរបាល​ ​ឃាត់​ខ្លួន​​ជន​សង្ស័យ​៣នាក់ ​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ជិត​១​គីឡូក្រាម ​

ខេត្តកំពង់ឆ្នាំង ៖​ ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា ព​ណ៌​ផ្កាឈូក ជិត​១​គីឡូក្រាម ត្រូវ​បាន​សមត្ថកិច្ចអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ ដោយ​មាន​ការ​​សម្របសម្រួល​ពីលោក​ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​​កាលពី​វេលា​ម៉ោង៣​និង​២៥​នាទីល្ងាច​ថ្ងៃ​ទី​៣ ​តុលា ​២០១៥ នៅ​​​ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៏ ខណៈ​ដែល​ជនសង្ស័យ​ចំនួន​៣​នាក់ កំពុង​ចរាចរ​ណ៏​តាម​រថយន្ត​ទួ​រី​ស​ មួយ​គ្រឿង ក្នុង​ដំណើរ​ពី​ខេត្តបាត់ដំបង ទៅ​​​រាជ​ធានី​ភ្នំពេញ ។

លោក ជុន ថា​រិ​ទ្ឋ ស្នងការ​រង ​បាន​ឱ្យ​ដឹង​ថា ករណី​បង្ក្រាប​បទ​ល្មើ​ជួញដូរ​ថ្នាំ​ញៀន ដ៏​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅខេត្តកំពង់ឆ្នាំង​លើក​នេះ  គឺ​បាន​ដឹកនាំ​ដោយ​លោក វរសេនីយឯក ពៅ សុង​អេ​ង នាយ​រង​មន្ទីរ​ប្រឆាំងគ្រឿងញៀន និង​លោក​ យិ​ន បញ្ញា​រិ​ទ្ឋ នាយ​កា​រិ​យា​ផ្សព្វផ្សាយអប់រំនៃ​អគ្គស្នងការ​​ដ្ឋាន​នគរបាល​ជាតិ និងមានការ​ចូល​រួម​ពី​រូប​លោក​ផ្ទាល់ប្រមាណ​ជាង​១៥​​រូប​ ដោយ​មានការ​សម្រប​ស​ម្រូ​ល​ពី លោក ឡុ​ង ស៊ី​ថា​ ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត​ផង ​​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ថ្នល់ជាតិ  នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​បាន​ឆែក​រក​ឃើញថ្នាំ​ញៀនប្រភេទ​មេ​តំ​វីតាមីន (WY) ឬ​ហៅ​ថា​យ៉ា​ម៉ាចំនួន​១​ក​ញ្ចា​ប់​​ធំ ស្មើនឹង​៥០​កញ្ចប់ ឬ​ស្មើ​នឹង១០.១០០​គ្រាប់ ឬ​ស្មើនឹង០,៩៣៨គីឡូក្រាម  ។

លោក​ បាន​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​​ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំង​៣​នាក់ ជិះ​រថយន្ត​ម៉ាក​ទួរី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-1371 ដែល​​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបងទៅ​ភ្នំពេញ ។

​ជនសង្ស័យ​ទាំង​៣​នាក់​​នេះ ១-​ឈ្មោះ សំ សា​រឿ​ន អាយុ​៥៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ២-ឈ្មោះ យ័ន្ត មុំ អាយុ​៣៦​ឆ្នាំ ជា​ប្រ​ព​ន្ឋ​ឈ្មោះ សំ សា​រឿ​ន ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ មាន​ទីលំនៅសង្កាត់​ទួល​សង្កែ ខ​ណ្ឌឫ​ស្សី​កែវ ​រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ មី រ៉ែ​ម អាយុ​៤៥ឆ្នាំ មាន​ទីលំនៅភូមិ​កណ្តាល ឃុំ​ពា​ន្ត​រោង ស្រុកស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​យក​របស់​ឱ្យ​គេ ក្នុង​តម្លៃ៦.០០០​បាត​ តែ​ប៉ុណ្ណោះ ។ ជនសង្ស័យ​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​មាន​ថ្នាំ​ញៀន ជិត១​គីឡូក្រាម ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​៕