ពុល​កាហ្វេ​ទឹកដោះគោ​នៅ​វត្ត​តា​អុង​ខេត្តសៀមរាប កើន​ដល់​២៥​អង្គ​/​នាក់

ខេត្តសៀមរាប ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៥ នេះ ចំនួន​អ្នក​ពុល​កាហ្វេ​ទឹកដោះ​គោក​បណ្តាល​ឱ្យ​ក្អួតចង្អោរ​នៅ​វត្ត​តា​អុង ស្ថិត​ក្នុងភូមិ​តា​អុង ឃុំ​ល្វែង​ប្ញ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប​បាន​កើនឡើង​ដល់​២៥​អង្គ​/​នាក់​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​បាន​ត្រឡប់​មក​វត្ត​/​ផ្ទះ​វិញ​ធម្មតា​ហើយ ដែល​ហេតុការណ៍​នេះ​ពុល​កាហ្វេ​ទឹកដោះគោ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ពិធី​កាន់បិណ្ឌ​វេនទី​៧ របស់​អ្នក​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ជីក្រែង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣ តុលា ២០១៥ ស្ថិត​នៅ​ក្នុង​វត្ត​តា​អុង ភូមិ​តា​អុង ឃុំ​ល្វែង​ប្ញ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក តូច សាកល អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា​នេះ​ថា ហេតុការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​លោកសង្ឃ និង​ប្រជាពលរដ្ឋ​ចាស់​-​ក្មេង​-​ប្រុស​-​ស្រី​សរុប​២៥​អង្គ​/​នាក់​នៅ​វត្ត​តា​អ៊ុ​ង​បាន​ឆាន់​កាហ្វេ​ទឹកដោះគោ រយៈពេល​ជិត​២​ម៉ោង​ក្រោយមក​ក៏​មាន​អាកា​រៈ​ក្អួតចង្អោរ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោង​ពិធី​កាន់បិណ្ឌ​ទី​៧​របស់​ប្រជាពលរដ្ឋ​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ជីក្រែង ខេត្តសៀមរាប​តែ​ម្តង ។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ លោក​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ពិនិត្យ​រួច​បញ្ជូន​​ប្រជា​ពលរដ្ឋ និង​លោកសង្ឃ​មួយ​ចំនួន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ល្វែង​ប្ញ​ស្សី និង​មួយ​ចំនួន​ទៀត​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ជីក្រែង ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ និង​លោកសង្ឃ​ចំនួន​២៥​អង្គ​/​នាក់​បាន​ត្រឡប់​ទៅ​វត្ត និង​ទៅ​ផ្ទះ​វិញ​អស់ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​យ៉ាង​ដុតដៃដុតជើង ។

លោក តូច សាកល បញ្ជាក់​ថា លោក​កំពុង​ឱ្យ​កម្លាំង​ជំនាញ​ប្រមូល​យក​វត្ថុ​តាង​ដែល​ជា​កាហ្វេ​ទាំង​អស់នោះ ដើម្បី​យក​ទៅ​រក​ម្ចាស់​ដែល​លក់​ឱ្យ​ម្ចាស់​បុណ្យ​មក​សួរនាំ ប៉ុន្តែ​កា​ហ្វ​ទាំង​អស់នោះ​បាន​ទិញ​មក​ពី​កន្លែង​ផ្សេង​ៗ​គ្នា ។

ទោះជា​យ៉ាងណា ពលរដ្ឋ​នៅ​ក្នុងស្រុក​ជីក្រែង និង​នៅ​ជុំវិញ​ខេត្តសៀមរាប ទន្ទឹងរង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​ជំនាញ​ និង​លោក​អភិបាលខេត្ត មាន​ចំណាត់ការ​ទៅ​លើ​ម្ចាស់​លក់​កាហ្វេ និង​នំ​បុ័ង​ដែល​ពុល​កន្លង​មក រហូត​ពុល​ដល់​លោកសង្ឃ​ផង​ដែរ​នោះ​យ៉ាងណា ហើយ​នេះ​ជា​ករណី​ពុល​លើក​ទី​៤​ហើយ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​មិន​ទាន់​អាច​ចាប់​បាន​ម្នាក់​នៅ​ឡើង​ទេ គ្រាន់តែ​សមត្ថកិច្ច​មានការ​សង្ស័យ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​កើត​មាន​ករណី​ពុល​បែប​នេះ​នៅ​ខេត្តសៀមរាប ដែល​លើក​១ ករណី​ពុល​នំប៉័ង នៅ​ស្រុក​ជីក្រែង​, លើក​ទី​២ ករណី​ពុល​នំប៉័ង នៅ​ស្រុក​សូត្រ​និគម​, លើក​ទី​៣ ករណី​ពុល​នំប៉័ង នៅ​ស្រុក​អង្គរធំ ក្រោយ​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ទិញ​នំប៉័ង​ដែល​គេ​ដឹក​លក់​តាម​ម៉ូតូ​យក​មក​បរិភោគ និង​លើក​ទី​៤​នេះ ពុល​កាហ្វេ​ទឹកដោះគោ​ចំ​ថ្ងៃ​ពិធី​កាន់បិណ្ឌ​ទី​៧​របស់​អ្នក​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​វត្ត​តា​អុង ស្ថិត​ក្នុងភូមិ​ល្វែង​ឫស្សី ឃុំ​ប្រឡាយ ស្រុក​ជីក្រែង​នេះ​តែ​ម្តង ៕