​អាង​ខ្លួន​ធ្វើ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ​គ្រាន់តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​តិច​តួច​ដក​កាំ​ភ្លើង​បាញ់​មេឃ​ផ្អើល​ទាំងយប់

ខេត្ត​កំពង់​ស្ពឺ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​បុរស​ម្នាក់​​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​កាល​ពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ តុលា នេះ បន្ទាប់​ពី​បើក​រថយន្ត​ប​ង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍រួច​ដក​កាំ​ភ្លើង​បាញ់​បង្អើរ​មេឃ​​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង៧​យប់ ថ្ងៃ​ទី​៣ តុលា នៅ​ចំណុច​ភូមិ​ទឹក​អន្ទង់ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​បង្ក​បាន​បើក​រថយន្ត​​​ចេញ​ពី​ផ្ទះមក​​បុក​រថយន្ត​មួយ​គ្រឿង​ទៀតបណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​​។ បន្ទាប់​ពី​កើតហេតុ​រួច​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ទាម​ទារ​សំណង​ចំនួន​៧០០​ដុល្លារ​អាមេរិក​ តែ​ជន​បង្ក​ថា មិន​បាច់​ដោះ​ស្រាយ​ទេ ហើយ​ក៏​ឡើង​បើក​រថយន្ត​ចេញ​ទៅ​បាត់​ទៅ​ ខណៈនោះ​ម្ចាស់​រថយន្ត​រង​គ្រោះ​ក៏​មិន​បាន​ទៅ​ណា​ដែរ គឺ​នៅ​ឈប់​ចាំនៅ​មុខ​ផ្ទះ​ជន​បង្ក។

លុះ​ពេល​ជនបង្ក​ត្រឡប់​មក​វិញ​ឃើញ​ម្ចាស់​រថយន្ត​រង​គ្រោះ​កំពុង​ចាំ​នៅ​មុខ​ផ្ទះ​របស់ខ្លួន​ក៏​កើត​ក្តី​ក្តៅ​ក្រហាយ​ដក​កាំ​ភ្លើង​បាញ់​បង្អើរ​មេឃ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់​ខ្លួន​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​បង្ក​បាន​និយាយ​ថា «មិន​បាច់​យក​គេ​ទៅ​ណា​ទេ គេធ្វើ​ការ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ក្រសួង​មហា​ផ្ទៃ​ ដោះ​ស្រាយ​នៅ​ទី​នេះ​ហើយ»៕