អាជ្ញាធរ៖ ខ្មាន់​កាំភ្លើង​ដែល​បាញ់​ប្រហារ​នៅ​រដ្ឋ Oregon បន្សល់​ទុក​សារ​ស្អប់ខ្ពើម​នៅ​កន្លែង​កើត​ហេតុ

អាជ្ញាធរ៖ ខ្មាន់​កាំភ្លើង​ដែល​បាញ់​ប្រហារ​នៅ​រដ្ឋ Oregon បន្សល់​ទុក​សារ​ស្អប់ខ្ពើម​នៅ​កន្លែង​កើត​ហេតុ

កម្រង​ផ្កា​សម្រាប់​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​គេ​ដាក់​នៅ​ខាង​ក្រៅ​មហាវិទ្យាល័យ​សហគមន៍​ Umpqua ក្នុង​ក្រុង Roseburg រដ្ឋ Oregon កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។

អាជ្ញាធរ​ក្នុង​រដ្ឋ​ Oregon ​បាន​និយាយ​ថា​ ជន​ប្រដាប់​អាវុធ​ម្នាក់​ដែល​បាន​បាញ់​កាំភ្លើង​សម្លាប់​មនុស្ស​នៅ​ក្នុង​មហាវិទ្យាល័យ​សហគមន៍​មួយ​បាន​បន្សល់​កំណត់​ហេតុ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្អប​ខ្ពើម​មួយ ​នៅ​កន្លែង​កើត​ហេតុ។​

បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC និង​ CBS បាន​ដក​ស្រង់​ពាក្យ​សម្តី​ពី​ប្រភព​ផ្លូវ​ការ​មួយ​ដែល​បាន​និយាយ​កាល​ពី​រសៀល​ថ្ងៃសុក្រ​ថា ​អ្នក​បាញ់​កាំភ្លើង​នេះ​ «មាន​អារម្មណ៍​ថា​ពិភពលោក​ប្រឆាំង​នឹង​គាត់»។ ​បុរស​នេះ​បាន​សរសេរ​ថា គាត់ «ឋិត​ក្នុង​ផ្លូវ​ខុស» និង​ថា​គាត់​គ្មាន​សង្សារ​ទេ ដោយ​បន្ថែម​ថា​គាត់ «គ្មាន​ជីវិត​ឡើយ»។

នៅ​ក្នុង​សារ​គាត់​ដែល​វាយ​តាម​កុំព្យូទ័រ​មាន​ច្រើន​ទំព័រ​ ឈ្មោះ​ Christopher Harper Mercer អាយុ​២៦ឆ្នាំ ​ដែល​បាន​បាញ់​សម្លាប់​និស្សិត​៩នាក់​ និង​បាន​ធ្វើ​ឱ្យ​និស្សិត​៩នាក់​ទៀត​ត្រូវ​របួស​នៅ​មុន​ពេល​គាត់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ត​គ្នា​ជាមួយ​ក្រុម​ប៉ូលិស​នៅ​ក្នុង​មហាវិទ្យាល័យ​សហគមន៍​ Umpqua ក៏​បាន​សរសេរ​ដែរ​ថា​គាត់​នឹង «ត្រូវ​ស្វាគមន៍​នៅ​ក្នុង​ឋាន​នរក​ និង​ត្រូវ​ឱប​ក្រសោប​ដោយ​បីសាច»។

ក្រុម​អ្នក​ស៊ើបអង្កេត​សហព័ន្ធ​បា​នរក​ឃើញ​អាវុធ​១៣ដើម​របស់​ជន​ប្រដាប់​អាវុធ​តែ​ម្នាក់​ឯង​នេះ​ ដោយ​កាំភ្លើង៦​ដើម​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​មហាវិទ្យាល័យ​នោះ​ និង​៧​ដើមទៀត​នៅ​ក្នុងផ្ទះ​របស់​ជន​នេះ៕