បើ​កម្ពុជា​ផ្តល់​សិទ្ធិ​ដល់​ជនបរទេស​ទិញ​ដី និង​ផ្ទះ​ជាន់​ផ្ទាល់​ដី តើ​មាន​អ្វី​កើតឡើង?

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​គម្រោង​បើក​សិទ្ធិ​ឲ្យ​ជនបរទេស​អាច​ទិញ​ដី និង​ផ្ទះ​ជាន់​ផ្ទាល់​ដី​នោះ​ទេ ថ្វី​ដ្បិតតែ​ប្រទេស​ជិតខាង​មួយ​ចំនួន​បើក​សិទ្ធិ​នេះ​ឲ្យ​ជនបរទេស​ដែល​វិនិយោគ​នៅ​ប្រទេស​ខ្លួន​អាច​ទិញ​ដី​សម្រាប់​វិនិយោគ និង​មាន​សិទ្ធិ​ទិញ​ផ្ទះ​ជាន់​ផ្ទាល់​ដី​ក៏​ដោយ ។

ចុះ​បើសិនជា​កម្ពុជា​ផ្ដល់​សិទ្ធិ​ដល់​ជនបរទេស​អាច​ទិញ​ដី និង​ផ្ទះ​ជាន់​ផ្ទាល់​ដី និង​អាច​កាន់កាប់​ប្លង់​រឹង​បាន តើ​មាន​នឹង​អ្វី​កើតឡើង​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​តើ​នឹង​អាច​ជួយ​អ្វី​បន្ថែម​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ?

ខាងក្រោម​នេះ​ជា​ទស្សនៈ​របស់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។

លោក ឌឹ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ វី អឹ​ម ស៊ី បាន​ឲ្យ​ដឹង​ថា ការ​បើក​សិទ្ធិ​ដល់​ជនបរទេស​អាច​ទិញ​ដី និង​ផ្ទះ​ជាន់​ផ្ទាល់​ដី ព្រមទាំង​អាច​កាន់កាប់​ប្លង់​រឹង​បាន វា​ជា​ការ​ល្អ តែ​វា​ក៏​មានគុណ​វិបត្តិ​មួយ​ចំនួន​ដែរ​ដល់​ប្រជាជន​កម្ពុជា​។ លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « បើសិនជា​មានច្បាប់​ហ្នឹង វា​អាច​ជួយ​បាន​មួយ​ផ្នែក​ដែរ​ដល់​ជនបរទេស ដែល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ខ្ញុំ​គិត​ថា ច្បាប់​ហ្នឹង​វា​អាច​តឹងតែង​បន្តិច ដោយសារ​តែ​នេះ​គឺជា​ការ​គ្រប់គ្រង​លើ​ដីធ្លី ដោយ​ជនបរទេស »​។

លោក​បន្ត​ថា​៖ « ជា​ធម្មតា ប្រជាពលរដ្ឋ​កម្ពុជា​មាន​ជីវភាព​នៅ​ល្មម ហើយ​បើ​ធៀប​នឹង​ជនបរទេស​គឺ​យើង​នៅ​ចាញ់​បរទេស​ច្រើន​ទាក់ទង​នឹង​លុយកាក់ ។ ដូចនេះ​បើសិនជា​បើក​សិទ្ធិ​នេះ​ឲ្យ​ជនបរទេស​អាច​ទិញ​ដីធ្លី គ្រប់គ្រង​ដីធ្លី​បាន វា​នឹង​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ពិបាក​រក​ទិញ​ដីធ្លី​សម្រាប់​សង់ផ្ទះ ឬ​ពិបាក​ទិញ​ផ្ទះ​ស្នាក់​នៅ​ជាដើម ព្រោះ​កាលណា​ជនបរទេស​មក​ទិញ​កាន់តែ​ច្រើន តម្លៃ​នៃ​ដីធ្លី និង​ផ្ទះ​ទាំងនោះ នឹង​ឡើងថ្លៃ ។ ជាក់ស្ដែង​សព្វ​ថ្ងៃនេះ តម្លៃ​ដីធ្លី និង​ផ្ទះ​នៅ​តំបន់​មួយ​ចំនួន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​រក​លុយ​ទិញ​មិន​បាន​ផង ព្រោះ​តម្លៃ​វា​ឡើងជា​លំដាប់ តាម​មិន​ទាន់ » ។

លោក​បញ្ជាក់​ថា បើសិនជា​មាន​ករណី​នេះ​កើតឡើង​មែន កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត​បាន តែ​វា​មិន​មាន​ខ្លាំង​ណាស់ណា​ទេ ហើយ​វា​ក៏​ជា​រឿង​ល្អ​សម្រាប់​ជនបរទេស ឬ​អ្នក​វិនិយោគ​បរទេស​ដែរ តែ​វា​ជា​រឿង​មិនសូវ​ល្អ​សម្រាប់​ប្រជាជន​ក្នុងស្រុក​ដែល​មាន​ជីវភាព និង​អ្នកមាន​របរ​ល្មម​ៗ ។

លោក ម៉ី វ៉ា​ន់ អគ្គនាយក​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ទាន់​មាន​គម្រោង​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ដល់​ជនបរទេស​ទិញ កាន់កាប់​ដីធ្លី និង​ផ្ទះ​នោះ​ទេ ហើយ​ប្រហែលជា​មិន​អាច​ទៅ​រួច​ដែរ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ លោក​ថា ៖ « នៅ​កម្ពុជា​យើង​មាន​បរិបទ​ពីរ ហើយ​យើង​ចង់​ណាស់​ឲ្យ​អ្នក​វិនិយោគ​មក​ស្រុក​ខ្មែរ ក៏​ប៉ុន្តែ​បញ្ហា​បច្ចុប្បន្ន​នេះ គឺ​មាន​អ្នកនយោបាយ​មួយ​ចំនួន ធ្វើ​ឲ្យ​ខ្មែរ​ស្អប់​វៀតណាម ដូចនេះ​បើសិនជា​បើក​ឲ្យ​ជនបរទេស​មាន​សិទ្ធិ​ទិញ​ដី ទិញ​ផ្ទះ​ជាន់​ផ្ទាល់​ដី​ទៅ ការ​ញុះញង់​កាន់តែ​ងាយស្រួល​ទៅ​ទៀត ។ យើង​គិត​ត្រូវ គិត​រឿង​នយោបាយ និង​រឿង​សេដ្ឋកិច្ច ដើរ​ទន្ទឹម​ជាមួយ​គ្នា » ។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​សិទ្ធិ​ឲ្យ​ជនបរទេស​អាច​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី​១​ទៅ ឃើញ​ថា កំណើន​ជនបរទេស​ដែល​មក​ស្រុក​ខ្មែរ និង​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី​១​ទៅ ក៏​ច្រើន​ដែរ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នា​ក់​អចលវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ខ្មែរ រៀល​អុ​ី​ស្ទេ​ត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មិន​ត្រូវ​ឲ្យ​មានច្បាប់​បើក​សិទ្ធិ​ឲ្យ​ជនបរទេស​ទិញ និង​កាន់កាប់​ដីធ្លី​បាន​ទេ ។ លោក​ថា « នរណា​ក៏​ដោយ​ដែល​ហ៊ាន​ស៊ីញេ​លក់​ដី​ឲ្យ​ជនបរទេស អ្នក​នោះ​នឹង​ក្លាយជា​ជន​ក្បត់ជាតិ ៥០​ឆ្នាំ​ក្រោយ ។ រឿង​នេះ​គឺ​ដាច់ខាត​មិន​ត្រូវ​ឲ្យ​កើត​មាន​ទេ នៅ​អា​មេ​រិ​ក​ផ្សេង សិង្ហ​បុរី​ផ្សេង ព្រោះ​ប្រជាជន​គេ​មាន​អ្នកចេះ​ដឹង​ច្រើន សូ​ម្បី​តែ​អ្នក​រត់​តាក់ស៊ី ក៏​ចប់​មហា​វិទ្យាល័យ​ដែរ តែ​ខ្មែរ​យើង​វិញ អ្នកចេះ​ដឹង​នៅ​មាន​កម្រិត​ទាប​នៅឡើយ » ។

លោក​បន្ត​ថា ៖ « ការ​បើក​សិទ្ធិ​ឲ្យ​ជនបរទេស​ទិញ​ខុន​ដូ​ចាប់ពី​ជាន់​ទី​១​ទៅ វា​ជា​រឿង​ប្រសើរ​ហើយ តែបើ​ខ្មែរ​យើង​បើក​សិទ្ធិ​ឲ្យ​ជនបរទេស​ទិញ​ដី​ទៀត​នោះ ថ្ងៃក្រោយ​លែង​មាន​ភ្នំពេញ​ហើយ ទៅ​ជា​ឆាយ​ណា​ថោ​ន​ហើយ​។ ចំពោះ​ខ្ញុំ​ជា​អ្នក​រកស៊ី​ដីធ្លី​មែន តែ​ខ្ញុំ​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​មានច្បាប់​នេះ​ឡើយ ទោះបីជា​ច្បាប់​នេះ​ផ្ដល់​ផល​ឲ្យ​ខ្ញុំ​ច្រើន​ប៉ុនណា​ក៏​ដោយ តែបើ​ជនបរទេស​ជួល​ដីធ្លី​គឺ​បាន បើ​ទោះជា​៥០​ទៅ​៦០​ឆ្នាំ​ក៏​ដោយ » ៕