ទីផ្សារ​អចលនទ្រព្យ​ទីក្រុង​ហាណូយ​បន្ត​រើប​ឡើង​ក្នុង​ត្រីមាស​ទី​3​នេះ

ប្រទេស​វៀតណាម ៖ ការ​រើប​ឡើង​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម​ក្នុង​ត្រីមាស​ទី​៣​និង​ការ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ជួញដូរ​លំនៅ​ឋាន​និង​អចលនទ្រព្យ បាន​ជួយ​សម្រួល​ដល់​ការ​រើប​ឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រជាជាតិ​មួយ​នេះ ។

តាម​ការ​អះអាង​ពី​ក្រុមហ៊ុន CB Richard Ellis Viet Nam Co Ltd (CBRE Viet Nam) ក្នុង​អំឡុង​សន្និសីទកាសែត​មួយ​ស្តី​ពី​ការ​ពិនិត្យ​ឡើង​វិញ​ក្នុង​ត្រីមាស​ទី​៣​របស់​ខ្លួន​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី ២៩ កញ្ញា ឲ្យ​ដឹង​ថា ការ​រើប​ឡើង​នេះ​ដែរ​គឺ​បាន​កើត​មាន​ឡើង​ជាក់ស្តែង​ជា​ពិសេស​នៅ​ក្រុង​ហាណូយ​តែ​ម្តង ។

ក្រុមហ៊ុន​បាន​ថ្លែង​ថា សេដ្ឋកិច្ច​វៀតណាម​នៅ​តែ​បន្ត​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​នៃ​ការ​រើប​ឡើង​វិញ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៥​នេះ​ដដែល ដោយសារ​តែ​កំណើន​ក្នុង​ផ្នែក​ផលិតកម្ម ។ ម្យ៉ាងទៀត​ប្រជាជាតិ​មួយ​នេះ​ក៏​នៅ​តែ​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើ​សមាហរណកម្ម​បន្ថែម​ទៀត ជាមួយនឹង​បណ្តា​តំបន់​ដែល​នៅ​សេសសល់​លើ​ពិភពលោក​តាម​រយៈ​កិច្ចព្រមព្រៀង​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ផង​។

ការ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ​នោះ និង​ការ​ប្រែប្រួល​ថ្មី​នូវ​អ្វី​ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ការ​ធ្វើ​និយ័ត​កម្ម​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ជនបរទេស​ក្នុង​ប្រទេស​វៀតណាម​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៥​កន្លង​មកនេះ ធ្វើ​ឲ្យ​មាន​កម្លាំង​ថាមពល​ឡើង​វិញ​នៃ​ចក្ខុវិស័យ​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម ។

អគ្គនាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន CBRE Viet Nam លោក Marc Townsend បាន​ថ្លែង​ថា «​ការ​សម្រួល​នូវ​ការ​រឹត​បន្តឹង​នៃ​ភាព​អាច​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ជនបរទេស គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ការ​ប៉ាន់​ប្រមាណ​ទុក​កាលពីមុន​ទៅ​ទៀត ហើយ​ថែម​ទាំង​ជា​ការ​កត់សម្គាល់​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ការ​បើក​ប្រតិបត្តិការ​ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម​នៅ​ក្នុង​ការ​វិនិយោគ​បរទេស​»​។

កត្តា​វិជ្ជមាន​ទាំងនេះ​បាន​បង្កើត​គុណប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​នៅ​ក្នុង​ក្រុង​ហាណូយ​ក្នុង​អំឡុង​ត្រីមាស​ទី​៣​នេះ ។

រីឯ​លោកស្រី Nguyen Hoai An អគ្គនាយករង​ក្រុមហ៊ុន CBRE Viet Nam បាន​ថ្លែង​ថា នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​៣​នេះ ភាព​វិជ្ជមាន​នៃ​កម្លាំង​រុញច្រាន​ទីផ្សារ​នៅ​តែ​បន្ត​កើត​មាន​ដដែល ដែល​ការ​ជំរុញ​នូវ​សកម្មភាព​នៃ​ការ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ថ្មី​ៗ ក៏​ដូច​ជា​ការ​ប្រតិបត្តិការ​លក់​ជាដើម ។ ជាក់ស្តែង​គឺ​បរិមាណ​សរុប​នៃ​យូ​នី​ត​ថ្មី​មាន​ចំនួន​៩.១៦០​យូ​នី​ត​ត្រូវ​បាន​ចាប់ផ្តើម​ដាក់​លក់​តាម​រយៈ​២៦​គម្រោង​ដែល​ជា​តួលេខ​កើនឡើង​ទ្វេ​ដង ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

ផ្ទះល្វែង​លំដាប់​ខ្ពស់​នៅ​តែ​បន្ត​តំណាង​ឲ្យ​ភាគហ៊ុន​ធំ​ជាងគេ​ដដែល​នៅ​ក្នុង​ផ្សារ​ហ៊ុន​ដែល​ចាប់ផ្តើម​ដំណើរការ​ថ្មីថ្មោង ។ ក្នុង​នោះ​ផ្ទះល្វែង​ប្រមាណ​ជា​២.៩០០​ខ្នង​ផ្ទះ បាន​ចាប់ផ្តើម​ដាក់​លក់​ក្នុង​ត្រីមាស​ទី​៣​នេះ​ដែល​ស្មើនឹង​៣២%​នៃ​ការ​ចាប់ផ្តើម​ដំណើរការ​ថ្មី​សរុប​ទាំងអស់ ។

ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ការ​ផ្គត់ផ្គង់​ផ្ទះល្វែង​លំដាប់​ខ្ពស់​ស្មើនឹង​២៥%​នៃ​ការ​ផ្គត់ផ្គង់​ថ្មី​សរុប​ទាំងអស់​កើនឡើង​២០%​នៅ​ក្នុងអំឡុងពេល​ឆមាស​ទី​១​នេះ ។
សរុប​មក ភាព​វិជ្ជមាន​នៃ​ផ្លូវចិត្ត​ចំពោះ​ទីផ្សារ​នៅ​តែ​មាន​ដដែល​ក្នុង​ត្រីមាស​នេះ​ដែល​ជា​កម្លាំង​ជំរុញ​នៃ​លំហូរ​ចូល​សាច់ប្រាក់​ពី​បណ្តា​អ្នកទិញ​នានា ។ ពោល​គឺ​គេ​បាន​វាយតម្លៃ​នូវ​បរិមាណ​៦.៨៨០​យូ​នី​ត​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុងអំឡុងពេល​ត្រីមាស​នេះ កើនឡើង​១៥៤%​ធៀប​នឹង​ត្រីមាស​ទី​៣​ក្នុង​ឆ្នាំ​២០១៤ ។

តាម​រយៈ​ការ​បន្ត​និន្នាការ​ពី​ត្រីមាស​មុន ផ្ទះល្វែង​លំដាប់​ខ្ពស់​នៅ​តែ​តំណាង​ឲ្យ​ការ​ពង្រីក​ផ្សារ​ហ៊ុន​មួយ​នៅ​ក្នុង​យូ​នី​ត​ដែល​បាន​លក់​ចេញ​នោះ​ដដែល ។ សម្រាប់​អំឡុង​ពេល​៩​ខែ​ដំបូង​នេះ​ការ​លក់​ផ្ទះល្វែង​ប្រភេទ​នោះ​គឺ​ស្មើនឹង​២៩%​កើនឡើង​ពី​២៥%​ក្នុង​រយៈពេល​៦​ខែ​ដំបូង ។

នៅ​ក្នុង​ផ្នែក​តម្លៃ​លើ​មូលដ្ឋាន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តម្លៃ​លក់​ចេញ​វិញ​ជា​មធ្យម​គឺ​ស្ថិត​លើ​និន្នាការ​កើនឡើង​ទាំង​ប្រាក់​ដុល្លារ​និង​លុយ​ដុ​ង​វៀតណាម កើន​១,៤%(​ដុល្លារ​)​និង​៧%(​ដុ​ង​)​។

គម្រោង​ថ្មី​ដែល​ស្ថិត​ក្រោម​ការ​សាងសង់​កំពុង​តែ​សម្លឹង​ឃើញ​នូវ​តម្លៃ​កើនឡើង​ខ្លាំង​ជាង​គម្រោង​ដែល​បាន​បិទ​បញ្ចប់​កាលពី​ពេល​មុន​ទៅ​ទៀត ។ តម្លៃ​ជាបឋម​គឺ​ស្ថិត​នៅ​លើ​កំណើន​នៅ​ក្នុង​ពពួក​លំនៅ​ឋាន​ជា​ច្រើន ពិសេស​ចំពោះ​គម្រោង​លំនៅ​ឋាន​លំដាប់​ខ្ពស់​និង​ប្រណីត​ដែល​មានការ​កើន​ឡើងជា​មធ្យម​៥​ទៅ​៧%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោកស្រី​An​បាន​លើក​ឡើង​ថា «​ក្នុង​រយៈពេល​៣​ខែ​គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​និយ័ត​កម្ម​នៃ​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​មក ចំណាប់អារម្មណ៍​កាលពីមុន​ពី​សំណាក់​អ្នកទិញ​ត្រូវ​បាន​ចុះបញ្ជី »​។

«​ពុំ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​នៅ​ក្នុង​ការ​លក់​ឲ្យ​ជនបរទេស ស្រប​ពេល​ដែល​សេចក្តីណែនាំ​ជា​ច្រើន​នៅ​តែ​មាន​ភាព​ចាំបាច់​ចំពោះ​ការ​ប្រតិបត្តិ​។ សកម្មភាព​ប្រកបដោយ​វិជ្ជាជីវៈ ជំនាញ​ភាសា និង​ការ​សម្រួល​ដល់​ការ​ទូទាត់​ប្រាក់​គឺជា​បញ្ហា​គន្លឹះ​នៅ​ពេល​ដែល​អ្នកទិញ​បរទេស​បាន​ជាប់​ពាក់ព័ន្ធ »​។

លោកស្រី​បាន​បន្ត​ទៀត​ថា នៅ​ពេល​ទិញ​ផ្ទះ​ឬ​លំនៅ​ឋាន​ក្នុង​ប្រទេស​វៀតណាម បណ្តា​អ្នកទិញ​ជា​ជនបរទេស​យកចិត្តទុកដាក់​ជា​ចម្បង​លើ​គុណភាព​អចលនទ្រព្យ ក៏​ដូច​ជា​ហេតុផល​សម​ស្រប​នៃ​តម្លៃ​លក់​ចេញ​ផង​ដែរ ។ ម្យ៉ាងទៀត​ពួក​គេ​ក៏​ពិចារណា​ទៅ​លើ​ថា តើ​អចលនទ្រព្យ​នោះ​អាច​ផ្គូរ​ផ្គង​ជាមួយនឹង​តម្រូវការ​របស់​ពួក​គេ​សម្រាប់​ការ​រស់នៅ​ទីនោះ​ឬ​ក៏​ការ​ដាក់​ជួល​វា​បន្ត​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អតិថិជន​បរទេស​តែងតែ​ផ្តោត​លើ​ផ្ទះល្វែង​លំដាប់​ខ្ពស់​និង​រី​សត​នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​បង្កើន​គុណប្រយោជន៍​នៃ​ការ​ជួល​ផលិតផល​អចលនទ្រព្យ​ទាំងនោះ ៕