គណបក្ស​ទើប​បង្កើត​ថ្មី​មិន​ឲ្យ​តម្លៃ​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី

ទាញ​យក​កម្មវីធី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា គណបក្ស​លោក​មិន​បារម្ភ​ចំពោះ​ការ​កកើត​ឡើង​នៃ​គណបក្ស​ថ្មីៗ ដែល​មាន​ជំហរ​ប្រឆាំង​រដ្ឋាភិបាល​ដូច​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ឡើយ។ លោក សម រង្ស៊ី ប្រៀបធៀប​គណបក្ស​ថ្មី​ទាំង​នោះ ដូច​គ្នា​ទៅ​នឹង​សត្វ​អំពិលអំពែក ដែល​លេច​មុខ​តែ​ពេល​បោះ​ឆ្នោត ហើយ​ក៏​បាត់​ខ្លួន​ទៅ​វិញ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត។

យ៉ាង​ណា ប្រធាន​គណបក្ស​ទើប​បង្កើត​ថ្មី មិន​ឲ្យ​តម្លៃ​ចំពោះ​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី នេះ​ឡើយ។

លោក សម រង្ស៊ី ថ្លែង​ថា បើ​ទោះ​ជា​មាន​គណបក្ស​ថ្មីៗ​បង្កើត​ឡើង​ច្រើន​ក្តី ប៉ុន្តែ​គណបក្ស​ដែល​ជា​គូ​ប្រជែង​ជាមួយ​គ្នា​ពិត​ប្រាកដ មាន​តែ ២​ប៉ុណ្ណោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សម រង្ស៊ី ថ្លែង​បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចប់​សិក្ខាសាលា​របស់​ខ្លួន ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ នា​សណ្ឋាគារ អ៊ីមភើរៀល (Imperial Hotel) កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា កន្លង​មក​បើ​ទោះ​ជា​មាន​គណបក្ស​ច្រើន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្តី ក៏ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​ពីរ ឬ​បី​ប៉ុណ្ណោះ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​មាន​អាសនៈ​នៅ​ក្នុង​សភា។ ចំណែក​គណបក្ស​ដទៃ​ទៀត ទទួល​បាន​សំឡេង​គាំទ្រ​តិចតួច​ប៉ុណ្ណោះ។ លោក សម រង្ស៊ី ថ្លែង​បន្ត​ថា មូលហេតុ​ដែល​គណបក្ស​ទើប​តែ​បង្កើត​ថ្មី មិន​អាច​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​បាន ដោយសារ​គណបក្ស​ថ្មី​ទាំង​នោះ ពុំ​មាន​រចនាសម្ព័ន្ធ​រឹងមាំ​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។ លោក​ថា បើ​គ្រាន់​តែ​ឃោសនា​តាម​វិទ្យុ​ដោយ​គ្មាន​តំណាង​បក្ស​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន វា​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត រួច​ទៅ​បោះ​ឆ្នោត​ឲ្យ​នោះ​ទេ។

លោក សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Brach Chev

លោក សម រង្ស៊ី ដែល​បាន​ធ្វើ​ជា​មេ​បក្ស​ប្រឆាំង​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ​នោះ មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​មួយ​អាច​កសាង​កម្លាំង​រឹងមាំ​ពី​ថ្នាក់​លើ​រហូត​ដល់​មូលដ្ឋាន វា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន។ លោក​ថា បច្ចុប្បន្ន គណបក្ស​ដែល​មាន​កម្លាំង​រឹងមាំ និង​ជា​គូ​ប្រកួត​ប្រជែង​នឹង​គ្នា គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ចំណែក​គណបក្ស​ថ្មីៗ​ផ្សេង​ទៀត គឺ​គ្រាន់​តែ​ជា​បក្ស​អំពិលអំពែក៖ «យើង​បោះ​ឆ្នោត ៥​ដង​រួច​មក​ហើយ ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ម្តងៗ គឺ​មាន​គណបក្ស​ច្រើន យើង​អត់​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ តែ​ប្រៀប​ដូច​អំពិលអំពែក ពេល​ជិត​បោះ​ឆ្នោត មាន​គណបក្ស​បង្កើត​ព្រោងព្រាត​ដូច​អំពិលអំពែក​ភ្លឹបភ្លែតៗ ដល់​ពេល​បោះ​ឆ្នោត​ហើយ​បាត់ ដល់ ៥​ឆ្នាំ​ក្រោយ​ចេញ​អំពិលអំពែក​មក​ទៀត»

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ កាល​ពី​ឆ្នាំ​២០១៣ មាន​គណបក្ស​សរុប​ទាំងអស់​ចំនួន​៧ បាន​ចូលរួម​ប្រកួត​ប្រជែង។ គេ​រំពឹង​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ អាច​នឹង​មាន​គណបក្ស​ច្រើន​ចូលរួម ដោយសារ​តែ​ការ​កកើត​ឡើង​គណបក្ស​ថ្មីៗ​ក្នុង​ពេល​បច្ចុប្បន្ន។

គណបក្ស​ថ្មី​ដែល​ទើប​ត្រូវ​បាន​គេ​បង្កើត​ឡើង រួម​មាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់ លោក យ៉េង វីរៈ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ គណបក្ស​ខ្មែរ​សាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព ដែល​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​ចេញ និង​គណបក្ស​អំណាច​ខ្មែរ របស់ លោក សួន សេរីរដ្ឋា។ គណបក្ស​ថ្មី​ទាំងអស់​នេះ សុទ្ធតែ​តាំង​ខ្លួន​ជា​គណបក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ លើស​ពី​នេះ ពួក​គេ​ក៏​រិះគន់​ទៅ​លើ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ។

ចំពោះ​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដែល​ថា​មិន​ខ្វាយខ្វល់​ចំពោះ​គណបក្ស​ថ្មី​នេះ ត្រូវ​បាន​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ចាត់​ទុក​ថា គ្មាន​អ្វី​ប្លែក​នោះ​ទេ។

លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា លោក​មិន​យក​សម្ដី លោក សម រង្ស៊ី ជា​សម្ដី​បាន​ការ​នោះ​ទេ ព្រោះ​លោក​ថា គណបក្ស​ប្រឆាំង​មួយ​នេះ កំពុង​ដើរ​ទៅ​កាន់​ផ្លូវ​វិនាស​ហើយ។ លោក​ថា ការ​ដែល​លោក​បង្កើត​គណបក្ស​ពេល​នេះ ដោយសារ​លោក​អស់​សង្ឃឹម​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ តែ​ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆាំង​មួយ​នេះ​មិន​បាន​ធ្វើ​អ្វី​ទាំងអស់៖ «គាត់​ធ្វើ​កំហុស​ច្រើន​ណាស់​ដូចជា ២​ភាគ​៣ មក ៥០​បូក​១ ហើយ​ទាក់ទង​អ្នក​ការពារ​ជីវិត​គាត់​ពេល​បោក​គ្រាប់​បែក គាត់​បាន​ប្ដឹង​ច្រើន​ឆ្នាំ​ហើយ ពេល​ដែល​គេ​ត្រៀម​កោះ​ហៅ​ចុង​ចោទ​មក​បំភ្លឺ គាត់​ដក​ចេញ ពេល​គាត់​ដក​បង្គោល​ព្រំដែន គាត់​ធ្វើ​ឫក​ដូច​ក្លាហាន តែ​គាត់​រត់​ទៅ​បារាំង ហើយ​ពេល​គាត់​ចូល​មក​វិញ​សុំ​ទោស​គេ រណប​គេ ហើយ​រហូត​ដល់​សព្វថ្ងៃ​នៅ​តែ​រណប​គេ»

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្តី ប៉ុន្តែ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​បោះបង់​ចោល​នូវ​ជំហរ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ។

ចំណែក​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ដែល​ទើប​ចូល​មក​ប្រទេស​កម្ពុជា ក្រោយ​ពី​និរទេស​ខ្លួន​ជិត​មួយ​ទសវត្សរ៍​ទៅ​ក្រៅ​ប្រទេស យល់​ឃើញ​ថា ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ថា​បក្ស​ថ្មី​ប្រៀប​បាន​ទៅ​នឹង​អំពិលអំពែក​នោះ គឺ​មិន​ខុស​ទេ ព្រោះ​លោក​ថា កន្លង​មក គឺ​មាន​ករណី​បែប​នេះ​កើត​ឡើង​ពិត​ប្រាកដ​មែន។

ម៉ម សូណង់ដូ ៦២០
ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ (រូប​កណ្ដាល) ថ្លែង​​​ក្នុង​​​​ពិធី​សមាជ​គណ​បក្ស​លើក​ទី​១ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Uon Chhin

ទាក់ទង​នឹង​គណបក្ស​អំណាច​ខ្មែរ របស់​លោក​វិញ លោក សួន សេរីរដ្ឋា ថា លោក​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​វិនិច្ឆ័យ ថា​តើ​គណបក្ស​លោក​ជា​គណបក្ស​អំពិលអំពែក ដូច​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ឬ​យ៉ាង​ណា? លើស​ពី​នេះ លោក សួន សេរីរដ្ឋា ថា គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ ដែល​ជា​បក្ស​ប្រឆាំង​មាន​ចរិត​អំពិលអំពែក​នោះ៖ «គណបក្ស​ដែល​គ្មាន​កៅអី​ក្នុង​សភា ហើយ​ជា​គណបក្ស​អំពិលអំពែក មិន​សំខាន់​ទេ ប៉ុន្តែ​សំខាន់​បំផុត​គណបក្ស​ដែល​មាន​សំឡេង​ក្នុង​សភា ហើយ​ប្រកាស​ខ្លួន​ជា​បក្ស​ប្រឆាំង តែ​ប្រឆាំង​របៀប​អំពិលអំពែក គឺ​វា​អន់​ជាង​គណបក្ស​ដែល​គ្មាន​សំឡេង​ក្នុង​សភា ហើយ​អំពិលអំពែក​ទៅ​ទៀត»

ក្រៅ​ពី​មាន​គណបក្ស​ទើប​បង្កើត​ថ្មី កម្ពុជា ក៏​មាន​គណបក្ស​ចាស់​មួយ​ចំនួន ដែល​នៅ​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន គឺ​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់ លោក ខឹម វាសនា ជាដើម។

ចំពោះ​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​បក្ស​ថ្មី​ទើប​បង្កើត​ឡើង​ពុំ​ទាន់​មាន​រចនាសម្ព័ន្ធ​រឹងមាំ​ក្តី ប៉ុន្តែ​គណបក្ស​ខ្លះ​មាន​អ្នក​គាំទ្រ​របស់​ខ្លួន​រួច​ហើយ ក្នុង​នោះ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​មាន​អ្នក​គាំទ្រ​ជា​កសិករ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​អ្នក​គាំទ្រ​វិទ្យុ​សំបុក​ឃ្មុំ ជា​អ្នក​គាំទ្រ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​អ្នក​រាជា​និយម​ជា​អ្នក​គាំទ្រ។ លោក​ថា គណបក្ស​ទាំងអស់​នេះ អាច​ទាញ​យក​សំឡេង​ពី​បក្ស​ធំៗ​បាន មិន​ថា​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ៖ «មិន​អាច​មើល​ស្រាល​លើ​គណបក្ស​តូចៗ​បាន​ទេ បើ​មាន​គណបក្ស​តូចៗ​កើត​ឡើង​ច្រើន គណបក្ស​ធំៗ​ត្រូវ​តែ​មាន​ការ​បែង​ចែក​សំឡេង ព្រោះ​ការ​កកើត​ឡើង​នៃ​គណបក្ស​តូចៗ គឺ​មាន​សំឡេង​គំាទ្រ​របស់​គេ»

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា បើ​គណបក្ស​ធំៗ​ចង់​បន្ត​រក្សា​នូវ​សំឡេង​គាំទ្រ​របស់​ខ្លួន​មិន​ឲ្យ​បាត់បង់ បក្ស​ធំៗ​ត្រូវ​រៀបចំ​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ ត្រូវ​បង្កើន​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ មិន​ត្រូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ការ​ឈឺ​ចាប់​ដោយ​ការ​រំលោភ​អំណាច​របស់​ខ្លួន ត្រូវ​ធានា​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ និង​ជាពិសេស ត្រូវ​ហ៊ាន​ការពារ​អធិបតេយ្យ​ភាព​ទឹក​ដី​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។