លោក សម រង្ស៊ី៖​ ១៨ឆ្នាំ តុលាការ​មិនទាន់​ រកយុត្តិធម៌​ដល់​អ្នកស្លាប់​ ដោយការ​គប់គ្រប់​បែក​ នៅអំឡុង​ ឆ្នាំ១៩៩៧

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានលើកឡើងថា តុលាការស្រុកខ្មែរ អស់រយៈពេល ១៨ឆ្នាំហើយ នៅតែមិនអាចវែកមុខឃាតករ និងរកយុត្តិធម៌ដល់ អ្នកស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រប់បែកនៅមុខ អតីតវិមានរដ្ឋសភាចាស់ ក្នុង ឆ្នាំ១៩៩៧។

ថ្លែងក្នុងកម្មវិធីរាប់បាត្រ ប្រគេនព្រះសង្ឃចំនួន ៥០អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្តបាតុករ ដែលបានបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក មុខអតីតរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រទេសប្រជាធិបតេយ្យ គឺឈរលើសេរីភាព និងយុត្តិធម៌។

 លោកថា “ឥឡូវរយៈពេល ១៨ឆ្នាំហើយ នៅតែមិនទាន់បានយុត្តិធម៌ ។ វែកមុខជនឧក្រិដ្ឋជនដៃដល់ ជននៅពីក្រោយ វែកមុខមិនទាន់បានជាក់ស្តែង ១០០ភាគរយ ហើយក៏មិនទាន់បានយកទៅផ្ដន្ទាទោសតាមច្បាប់ យើងមិនអាចរំពឹងលើតុលាការសព្វថ្ងៃនេះ រកមិនងាយឃើញទេ ពីព្រោះគេអត់មានឆន្ទៈរកការពិតលាត់ត្រដាងការពិត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ”។

 ប្រធានគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា បើស្រឡាញ់យុត្តិធម៌ ចង់ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ធានាមិនឲ្យមានអំពើឃោរឃៅព្រៃផ្សៃសាហាវ បាញ់សម្លាប់ជនស្លូតត្រង់ ហើយឲ្យជនឧក្រិដ្ឋរួចខ្លួន មិនចង់ឲ្យឃើញរឿងរ៉ាវបែបនេះទៀត គឺមានតែរៀបចំប្រទេសឡើងវិញ ដែលការរៀបចំប្រឡើងវិញនេះ មានលក្ខណៈច្រើនយ៉ាងច្រើនបែប។

លោកបញ្ជាក់ថា “តែថ្ងៃនេះខ្ញុំនិយាយតែមួយ គឺការរៀបចំលក្ខណៈប្រព័ន្ធតុលាការ ត្រូវតែរៀបចំឲ្យមានតុលាការឯករាជ្យ ដើម្បីស្វែងរកការពិត បើយើងមានឆន្ទៈរកឃើញ ខ្លាចតែយើងបិទបាំងហ្នឹងច្បាស់ជារកអត់ឃើញហើយ”។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍គប់គ្រាប់បែកនៅមុខអតីតរដ្ឋសភា នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ បានបណ្តាលឲ្យមនុស្សស្លាប់ ១៩នាក់ និងរបួសធ្ងន់ស្រាល ជាង ១០០នាក់៕

លោក សម រង្ស៊ី៖​ ១៨ឆ្នាំ តុលាការ​មិនទាន់​ រកយុត្តិធម៌​ដល់​អ្នកស្លាប់​ ដោយការ​គប់គ្រប់​បែក​ នៅអំឡុង​ ឆ្នាំ១៩៩៧