អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ នឹង​បម្លាស់ទី​ប្រជាពលរដ្ឋ​ រស់នៅ​លើ​ផ្ទះ​បណ្តែត​ នៅទន្លេ​ផ្សារ​ក្រោម​

ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ភាគច្រើនដែលដឹងថា ជាជនវៀតណាម មានចំនួនច្រើន និងខ្មែររស់នៅតាម បណ្តោយដងទន្លេ នៅផ្សារក្រោម ស្ថិតនៅ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នឹងត្រូវអាជ្ញាធរធ្វើការបម្លាស់ទីទៅទីតួដីគោកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ខាងមុខ។

ការផ្លាស់ប្តូរនេះ ទីតាំងរស់នៅរបស់ពួកគាត់នេះ ក្រោមហេតុផលដើម្បីរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សោភ័ណ្ឌភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេ ផ្សារក្រោមនៃក្រុងកំពង់ឆ្នាំង។

លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយផ្ទាល់ពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៣០ កញ្ញា ដើម្បីជម្រាបជូនពលរដ្ឋបម្លាស់ទី បានឲ្យដឹងថា “ចាប់ពីថ្ងៃទី១៥-២៥ តុលា អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ នឹងធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹក និងប៊ែត្រីទៅទីតាំងថ្មី។ដូច្នោះសូមម្ចាស់ផ្ទះបណ្តែតទឹក និងម្ចាស់ប៊ែត្រីត្រៀមលក្ខណៈក្នុងការបម្លាស់ទីនេះ”។

សេចក្តីសម្រេចចុះថ្ងៃទី២១ កញ្ញា របស់ក្រុមប្រឹក្សាខេត្តស្តីពីការដាក់ឲ្យអនុវត្តតំបន់មាត់ទន្លេផ្សារក្រោមនេះ នៃក្រុងកំពង់ឆ្នាំងរយៈពេល៥ឆ្នាំគឺចាប់ពីឆ្នាំ២០១៥-២០២៥។

លិខិតខាងលើបន្តថា ពីថ្ងៃទី៨ តុលា ត្រូវបញ្ឈប់ជាស្ថាពរនូវអាជីវកម្មផ្សេងៗដែលប៉ះពាល់ដល់បរិស្ថានទឹកធ្ងន់ធ្ងរ ដូចជាគ្លីនិក អាជីវកម្ម បញ្ចូលអាគុយ ជួសជុលគ្រឿងម៉ាស៊ីន។លើកលែងអាជីវកម្ម ចិញ្ចឹមត្រី។ចំពោះអាជីវកម្មដែលមានច្បាប់អនុញ្ញាត ម្ចាស់អាជីវកម្មត្រូវជ្រើសរើសទីតាំងលើគោកវិញ។

ពាក់ព័ន្ធអគ្គិសនីវិញនៅថ្ងៃទី១៣-១៤តុលា អាជ្ញាធរ មានសមត្ថកិច្ច និងក្រុមហ៊ុន អគ្គិសនី នឹងធ្វើការផ្តាច់ចរន្តអគ្គិសនី ដែលបានតភ្ជាប់ផ្ទះបណ្តែតទឹក ទាំងអស់ដើម្បីជៀសវាង គ្រោះថ្នាក់ក្នុងពេលបម្លាស់ទី។

ពាក់ព័ន្ធករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ទងសុំការអធិប្បាយ បន្ថែមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប៉ុន្តែបែរជាលោកមិនព្រមឆ្លើយ ដោយលើកហេតុផលផ្សេង ដោយគេចវេសមិនព្រមឆ្លើយ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានមករស់នៅ ទីនេះអស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដែលភាគច្រើនជាជនជាតិវៀតណាម បានមកតាំងលំនៅដ្ឋាន របស់ពួកគេ៕

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ នឹង​បម្លាស់ទី​ប្រជាពលរដ្ឋ​ រស់នៅ​លើ​ផ្ទះ​បណ្តែត​ នៅទន្លេ​ផ្សារ​ក្រោម​

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ នឹង​បម្លាស់ទី​ប្រជាពលរដ្ឋ​ រស់នៅ​លើ​ផ្ទះ​បណ្តែត​ នៅទន្លេ​ផ្សារ​ក្រោម​

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ នឹង​បម្លាស់ទី​ប្រជាពលរដ្ឋ​ រស់នៅ​លើ​ផ្ទះ​បណ្តែត​ នៅទន្លេ​ផ្សារ​ក្រោម​