ប្រទះ​ឃើញ សព​ហើម​ស្អុយ ​មិន​ស្គាល់​អត្តសញ្ញាណ ​នៅ​លើ​ភ្នំ​គិរី​រម្យ

ខេត្តកំពង់ស្ពឺ ៖ សាកសព​មនុស្ស​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ជិត​ផ្លូវ​ចូល​ទៅ​ទឹកធ្លាក់​ទី​១​ភ្នំ​គិរី​រម្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ។ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រលប់ ថ្ងៃ​ទី​៣ តុលា ២០១៥ នៅ​ជិត​ផ្លូវ​ចូល​ទៅ​ទឹកធ្លាក់​ទី​១ តាម​ផ្លូវ​ប៉េសេ​១ លើ​ភ្នំ​គិរី​រម្យ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ទាំង​យប់ ។ ប្រភព​បន្ត​ថា សព​ទំនងជា​ស្លាប់​អស់​រយៈពេល​៦-៧​ថ្ងៃ​ហើយ​ទើប​មាន​សភាព​ហើម​ស្អុយ និង​មាន​ដង្កូវ​ចោះ​បែប​នេះ ។ នៅ​លើ​ក្បាល​សព​គេ​ឃើញ​មាន​ស្នាម​បែក​ដែល​ស្នាម​នេះ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​តែ​ករណី​ឃាតកម្ម​ណាមួយ ។ ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​តែ​ប៉ុណ្ណោះ មិន​អាច​យក​ជា​ការ​បាន​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា​នេះ​ដែរ សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​រក​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​នេះ ។ សព​ស្លៀកខោ​ជើង​ខ្លី​ក្រឡា​ការ៉ូ​ត្រឹម​ជង្គង់ អាវ​២​ជាន់​រាងស្តើង ។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​បាត់​សមាជិក​ដូច​ភិនភាគ​នេះ សូម​ទំនាក់ទំនង​មក​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច ដើម្បី​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រទះ​ឃើញ សព​ហើម​ស្អុយ ​មិន​ស្គាល់​អត្តសញ្ញាណ ​នៅ​លើ​ភ្នំ​គិរី​រម្យ
ប្រទះ​ឃើញ សព​ហើម​ស្អុយ ​មិន​ស្គាល់​អត្តសញ្ញាណ ​នៅ​លើ​ភ្នំ​គិរី​រម្យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត