ច្រក​ទ្វារ​ដូង​៧​ដើម​សម្រាប់​រថយន្ត​ដឹកឈើ​ទៅ​វៀតណាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​យក្ស​ចំនួន​៣​គ្រឿង ដឹកឈើ​កំណាត់​កង់​ៗ​ហៀរ​ដល់​ដំបូល​ក្នុង​មួយ​គ្រឿង​អាច​មាន​ទម្ងន់​រាប់​សិប​តោន បាន​ឈប់​ចត​នៅ​មាត់ច្រក​ទ្វារ​ដូង​៧​ដើម​ ទំនង​ម្ចាស់​ទៅ​រត់ការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​កាលពី​រសៀល​ថ្ងៃ​ទី​២ តុលា ២០១៥ ។ គ្រាន់តែ​ក្រុម​អ្នក​យក​ព័ត៌មាន​លើក​កាមេរ៉ា​ថតរូប​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​ប្រញាប់​នាំ​គ្នា​រត់​ចូល​ក្នុង​កាប៊ី​ន​រថយន្ត​បញ្ឆេះ​ម៉ាស៊ីន រួច​បើក​ចូល​ទៅ​ប្រទេស​វៀតណាម​ភ្លាម​ៗ​តាម​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា​ រថយន្ត​ទាំងនោះ​ទំនងជា​បង្កប់​ឈើ​ប្រណីត​ហើយ​មើលទៅ ទើប​បាន​ជា​តក់​ក្រហល់​បែប​នេះ?

ស្ថិត​ក្នុង​សំលៀក​បំពាក់​ស៊ី​វិល បុរស​មាន​គ្នា​ពី​៣​ទៅ​៤​នាក់​កំពុង​តែ​អង្គុយ​នៅ​ក្រោម​រថយន្ត​ផ្នែក​ខាងក្រោយ​ក្រោម​កំ​ដៅ​ថ្ងៃ​ប្រាប់​ឲ្យ​ដឹង​ថា ឈើ​ទាំង​៣​រថយន្ត​នេះ​ជា​ប្រភេទ​អាកា​ស្យា​បង្កប់​ឈើ​ប្រណីត ត្រូវ​បាន​ដឹក​ចេញ​មក​ពី​ខេត្តកោះកុង​យក​មក​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​ជា​របស់​ឈ្មួញ​ណា​ម្នាក់ ឬ​ក្រុមហ៊ុន​ណាមួយ​ឡើយ ហាក់ដូចជា​មានការ​លាក់លៀម ។

លោក យឹ​ម វណ្ណៈ ប្រធាន​គយ​ប្រចាំ​ច្រក​ដូង​៧​ដើម បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ទាំង​៣​គ្រឿង​នោះ​គឺ​បាន​ដឹកឈើ​​មក​ពី​ខេត្តកំពង់ធំ​ចេញ​តាម​ច្រក​របស់​លោក​ចូល​ទៅ​វៀតណាម ។

ចំណែក​លោក ឃួ​ន ស៊ី​ណាត ប្រធាន​ច្រក​ដូង​៧​ដើម​(​ហៅ​ច្រក​ដារ​)​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៥ ភ្នាក់ងារ​របស់​យើង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជា​ច្រើន​លើក ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​ខាងលើ តែ​មិន​អាច​ទាក់ទង​បាន​នោះ​ទេ  ។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​មួយ​រូប​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ឈើ​ប្រណីត​ក៏​ដូច​មិន​ប្រណីត​ដែរ​បាន​ដឹក​ពេញ​ៗ​រថយន្ត​ស្ទើរ​រាល់​យប់​ចេញ​តាម​ច្រក​ទ្វារ​ដូង​៧​ដើម​ដោយ​គ្មាន​បញ្ហា ។ មន្ត្រី​ដដែល​និយាយ​ថា អ្នក​រកស៊ី​នៅ​ផ្លូវ​នេះ​គេ​ស្គាល់​គ្នីគ្នា​អស់ហើយ គេ​រត់ការ​រួចរាល់​តាំងពី​មន្ត្រី​ចល័ត​គ្រប់​ស្ថាប័ន​តាម​ដងផ្លូវ​អស់ហើយ ទើប​គេ​ហ៊ាន​បើក​មក​ដល់ទី​នេះ ។ ពួក​គេ​និយាយ​ថា ចាប់​យក​ឈើ​បាន​ប្រយោជន៍​អី ... ៕