បាក់​ដី​នៅ​ហ្គា​​តេ​ម៉ា​ឡា​ស្លាប់​យ៉ាងតិច​56​នាក់

បណ្តា​អ្នក​ទទួលខុសត្រូវ​រាយការណ៍​ថា ការ​បាក់​ដី​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​៣ តុលា ក្នុងភូមិ​មួយ នៃ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ជិត​រដ្ឋធានី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥៦​នាក់ ហើយ​បំផ្លាញ​ផ្ទះ​១២៥​ខ្នង ចំណែក​មនុស្ស​ប្រមាណ​ជា​៣៥០​នាក់ នៅ​តែ​បាត់​ខ្លួន ។

លោក Julio Sanchez អ្នកនាំពាក្យ​របស់​ក្រុម​ជួយ​សង្គ្រោះ ដែល​កំពុង​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត បញ្ជាក់​ថា កុមារ​ច្រើន​នាក់ ក្នុង​នោះ​មានកូន​ង៉ែត​ទាំងឡាយ​ផង ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​នៅ​ភូមិ​កា​តា​រី​ណា ពី​នូ​ឡា ។ ការ​បាក់​ដី​នេះ​កើត​មាន​ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​តំបន់​កា​តា​រី​ណា ពី​នូ​ឡា ចម្ងាយ​១៥​គីឡូម៉ែត្រ​ខាងត្បូង​រដ្ឋធានី​ហ្គា​តេ​ម៉ា​ឡា ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ប៉ុនប៉ង​រុករក​អ្នក​នៅ​រស់រាន​មានជីវិត​ក្នុង​ភក់​លាយ​ថ្ម ហើយ​មនុស្ស​ប្រមាណ​ជា​៣៦​នាក់ ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕