កម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ជិត១០០០នាក់​ធ្វើ​ពលកម្ម​សម្អាត​ក្រុង

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ប្រមាណ​ជិត​១០០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​៣ តុលា ២០១៥ បាន​រួម​គ្នា​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ទីប្រជុំជន​ក្រុង​សិរី​សោភ័ណ ។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត ថ្លែង​ថា នៅ​ថ្ងៃ​ទី​១២ តុលា ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ហើយ​នៅ​ថ្ងៃនេះ​(៣​តុលា​) មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​ទូ​ទាំង​ខេត្ត​ប្រមាណ​ជិត​១០០០​នាក់ បាន​នាំ​គ្នា​សម្អាត​អនាម័យ ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព​ក្នុង​ក្រុង​សិរី​សោភ័ណ ដែល​ជាទី​ប្រជុំជន​ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ការ​រួម​គ្នា​ធ្វើ​ទិវា​អនាម័យ​នេះ ក៏​ដូច​ជា​ការ​ដាស់តឿន និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ភ្ញាក់រលឹក និង​ចូលរួម​ធ្វើ​អនាម័យ និង​បរិស្ថាន​ក្នុង​ក្រុង​ឱ្យ​មាន​សោភ័ណ​ភាពល្អ ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ។ ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែល​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឆ្លងកាត់ ដូច្នេះ​យើង​រួម​គ្នា​សម្អាត ឲ្យ​មាន​បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូល​សម្រាក និង​កម្សាន្ត​ក្នុង​ខេត្ត ។

លោក​អភិបាលខេត្ត​បន្ត​ទៀត​ថា ទិវា​ពលកម្ម​សម្អាត​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​មាន​មន្ត្រីរាជការ​ខេត្ត​-​ក្រុង​ជាង​៤០០​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​នគរបាល​នៃ​ស្នងការ​ដ្ខា​ន​ខេត្ត​ជាង​៥០០​នាក់ ៕