ឃី​ម ឌី​យ៉ា ចាញ់​ពិន្ទុ ចំ​ណែ​កឌុម កែវ​ដា ស្មើ​ថៃ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​អ្នក​រៀបចំ​ការ​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ផ្លាស់​ប្ដូរ​គូប្រកួត​ដ៏​ខ្លាំង ហើយ​តម្រូវ​ឲ្យ​កីឡាករ​ថៃ​ផ្សេង​មក​ប្រកួត​ជំនួស​ក៏​ដោយ ក៏​កីឡាករ​កម្ពុជា ឃី​ម ឌី​ម៉ា នៅ​តែ​ចាញ់​កីឡាករ​ថៃ ដែល​មក​ប្រកួត​ជំនួស​នោះ​ដដែល កាលពី ថ្ងៃ​សៅរ៍​ទី​៣ កញ្ញា ។ ចំពោះ​កីឡាករ​ឌុ​ម កែវ​ដា ដែល​មាន​មហិច្ឆតា​ចង់​ឈ្នះ​គូប្រកួត​ឲ្យ​បាន​ដាច់ខាត​នោះ ក៏​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ក្នុង​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។

ក្នុង​ការ​ប្រកួត​អន្តរជាតិ​ពេល​ព្រឹក​នៅ​លើសង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ កីឡាករ ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ មិន​ត្រូវ​គេ​ឲ្យ​ឡើង​ប្រកួត​ជា​មួយ​​កីឡាករ Chheang Krai នោះ​ទេ ។ ការ​ផ្គូផ្គង​ឲ្យ​ជួប​គ្នា​នោះ​គឺ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​គ្នា​កាលពី​លើក​មុន ហើយ​បាន​ត្រឹម​ស្មើគ្នា ។ ការ​ប៉ះ​គ្នា​ជាមួយ Chheang Krai មានការ​ប៉ាន់ស្មាន​តិច​ណាស់​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ដោយសារ​តែ​ការ​មក​ប្រកួត​លើក​ទី​មួយ​របស់​កីឡាករ​ថៃ គេ​ចាញ់​កីឡាករ​កម្ពុជា ឯម វិចិត្រ មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​៤ ដោយសារ​តែ​ហេតុផល​ជ្រុលដៃ​វាយ​ខុស​លក្ខន្តិកៈ ហើយ ឯម វិចិត្រ ក៏​មានឱកាស​ស៊ី​ឡាក់ និង​ការ​ប្រកួត​លើក​ទី​២​របស់​គេ គឹ​ស្មើនឹង ឃី​ម ឌី​ម៉ា ។ ការ​យល់​ឃើញ​បែប​នោះ គឺ​បណ្ដាល​មក​ពី​ការ​ប្រកួត​ទាំង​២​លើក​របស់ Chheang Krai គឺ​គេ​ឈ្នះ​កីឡាករ​កម្ពុជា​ទាំង​ពីរ​លើក ដោយ​គ្រាន់តែ​លើក​ទី​១ ឯម វិចិត្រ ស៊ី​ឡាក់ និង​លើក​ទី​២ ឃី​ម ឌី​ម៉ា បាន​ស្មើ​ពិន្ទុ ព្រោះតែ​គណៈកម្មការ​មិន​ចង់​បំបាក់មុខ​ឌី​ម៉ា ប៉ុណ្ណោះ​។ អ​ញ្ចឹ​ង​ហើយ​ទើប​ម្នាក់​ៗ​បង្ហាញ​អារម្មណ៍​ធូរចិត្ត​នៅ​ពេល​ដឹង​ថា​កីឡាករ
ChheangKrai​ត្រូវ​បាន​ប្ដូរ​ចេញ​ហើយ​ដាក់​កីឡាករ​ថៃ​ឈ្មោះ​Chhok Chhai Sor Karavek ឲ្យ​មក​ជំនួស ដោយសារ​តែ​ហេតុផល​បច្ចេកទេស​។ ការ​ដាក់​ជំនួស​ដោយ​សមាសភាព​ខុស​ពី​គូប្រកួត​ចាស់ គឺជា​អ្វី​ដែល​អ្នកគាំទ្រ​គិត​ថា​នឹង​ជួយ​ឲ្យ ឃី​ម ឌី​ម៉ា ទទួល​បាន​ជ័យជម្នះ បើ​ទោះជា​មានការ​អះអាង​ថា កីឡាករ​ដែល​មក​ជំនួស​ក៏​មិន​អន់​ជាង​​អ្នក​ត្រូវ​ប្ដូរ​ចេញ ។ យ៉ាងណា​ក៏​ដោយ នៅ​ពេល​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង Chhok Chhai Sor Karavek ត្រូវ​បញ្ចប់​គឺ ឃី​ម ឌី​ម៉ា នៅ​តែ​ចាញ់​ដោយ​គេច​មិន​ផុត បើ​ទោះជា​គេ​ប្រឹងប្រែង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្ដី​។ នោះ​គឺ​ដោយសារ​តែ​កីឡាករ​ដែល​មក​ប្រកួត​ជំនួស​ខ្លាំង​ជាង Chheang Krai ទៅ​ទៀត​។ ឆ្លងកាត់​ការ​ប្រកួត​៥​ទឹក កីឡាករ Chhok Chhai Sor Karavek គឺ​ល្អ​ដាច់​ឆ្ងាយ​កីឡាករ​កម្ពុជា ទើប​ធ្វើ​ឲ្យ ឌី​ម៉ា មិន​មានឱកាស​ស្មើ​ដូច​ពេល​ប្រកួត​ជាមួយ​កីឡាករ Chheang Krai កាលពីមុន ។ លទ្ធផល​នេះ បង្ហាញ​ថា កីឡាករ​កម្ពុជា​ខាតដើម​ខាតចុង​ជា​ជាង​ត្រូវ​ប្រកួត​ជាមួយ​ដៃគូ​សងសឹក​នោះ​ទៅ​ទៀត ។ មានការ​លើក​ឡើង​ថា បើ​ឌី​ម៉ា ឡើង​ប្រកួត​ជាមួយ Chheang Krai ស្រួល​មិន​ស្រួល​នឹង​ឈ្នះ​ការ​ប្រកួត​នោះ​ផង ដោយ​ផ្អែក​តាម​ការ​ប៉ះ​គ្នា​កាលពី​លើក​ទី​១ គេ​មាន​សមត្ថភាព​ប្រដំប្រសង​គ្នា ។

អ្នក​ទស្សនា​បាន​បង្ហាញ​ការ​សោកស្ដាយ​ដែល ឃី​ម ឌី​ម៉ា មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ Chhok Chhai Sor Karavek ហើយ​ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​នៅ​វគ្គ​ចុង​ក្រោយ ។ បើ​ទោះជា​គេ​ប្រឹងប្រែង ហើយ​អាច​ធ្វើ​ឲ្យ​ការ​ប្រកួត​កក្រើក​ពេញ​សង្វៀន ក៏​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង ហាក់​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ប្រឡាក់ប្រឡូស​ដោយ​ការ​រិះគន់​ថា​ធ្លាក់ដៃ​ដែរ ។

ងាក​ទៅ​កាន់ការ​ប្រកួត​របស់​ឌុ​ម កែវ​ដា​វិញ គេ​ហាក់​មាន​យីអ៊ុន​បន្តិច​ជាមួយ​កីឡាករ​ថៃ Yorth Sing ។ ឆ្លងកាត់​ការ​ប្រកួត​ពេញ​រយៈពេល​៥​ទឹក កីឡាករ​កម្ពុជា​រូប​នេះ​ធ្វើ​បាន​ល្អ​ជាង​បើ​ធៀប​នឹង​កីឡាករ ឃី​ម ឌី​ម៉ា ជា​មិត្ត​រួម​អាជីព ។ ទោះ​មិន​អាច​មាន​ប្រៀប​ទៅ​លើ​គូប្រកួត ក៏​គេ​មិន​ធ្វើ​ឲ្យ​គូបដិបក្ខ​មាន​ប្រៀប​ចំពោះ​ខ្លួន​ដូច​គ្នា ។ ធៀប​នឹង​កីឡាករ Chheang Krai ឬ Chhok Chhai Sor Karavek ដែល​ប៉ះ​ជាមួយ​ឌី​ម៉ា កីឡាករ Yort Sing  ត្រូវ​គេ​ទទួលស្គាល់​ថា សមត្ថភាព​ខ្លាំង​ជាង​ដែល​មិន​គួរ​ឲ្យ​ឌុ​ម កែវ​ដា ទៅ​រួច​នោះ​ទេ ដោយសារ​តែ​ការ​មក​ប្រកួត​៤​លើក​របស់​គេ​នៅ​កម្ពុជា គឺ​ឈ្នះ​ទាំងអស់ ។ ការ​ប្រកួត​លើក​ទី​១ គេ​ឈ្នះ ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើង​គោក​​ដោយ​ពិន្ទុ លើក​ទី​២​ឈ្នះ​អុ​ឹ​ង បូ​រ៉ា មក​ពី​ក្លិប​គជសារ​កីឡា​ក្នុង​ទឹក​ទី​១ លើក​ទី​៣​ឈ្នះ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ដោយ​ពិន្ទុ និង​លើក​ទី​៤ វាយ​ឈ្នះ​កីឡាករ ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ ។ អ​ញ្ចឹ​ង​ហើយ ទើប​លទ្ធផល​ស្មើ​របស់​កីឡាករ Yorth Sing និង​កីឡាករ​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍ ហាក់​ធ្វើ​ឲ្យ​ម្នាក់​ៗ​សប្បាយចិត្ត និង​សម្ដែង​ការ​អបអរសាទរ ។ ទាំង​កែង ទាត់ និង​ម៉ាត់ កីឡាករ​ឌុ​ម កែវ​ដា ធ្វើ​បាន​ល្អ​ហួស​ស្មាន​ក្នុង​ជំនួប​ជាមួយ​កីឡាករ Yort Sing ។ ប៉ុន្តែ​ភាគី​ខាង​ថៃ ក៏​មាន​សមត្ថភាព​លោត​ខ្លាំង​សម្រាប់​ការ​ប្រកួត​នោះ​ផង​ដែរ ទើប​លទ្ធផល​ស្មើ​របស់​អ្នក​ទាំង​ពីរ​មាន​អ្នក​ត្រូវចិត្ត​ច្រើន​ជាង​មិន​ពេញចិត្ត ។ គូ​នេះ​ត្រូវ​គេ​ចាត់ទុកជា​គូ​ជក់ចិត្ត នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំងមូល​នោះ​ផង ហើយ​តាម​ការ​បញ្ជាក់​ក្រៅផ្លូវការ អ្នក​ទាំង​ពីរ​នឹង​អាច​បើក​ជំនួប​សងសឹក​ក្នុង​ពេល​ដ៏​ខ្លី បើ​ទោះ​មិន​ប្រាកដ​ពី​កាលបរិច្ឆេទ ។

សម្រាប់​ការ​ប្រដាល់​នៅ​ពេល​រសៀល​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ កីឡាករ​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្ដួល​កីឡាករ​ប្រាក់ រស្មី មក​ពី​ក្លិប​តា​ឯក​ខេត្តបាត់ដំបង​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ និង​កីឡាករ​ស៊ូ វណ្ណៈ មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ ក៏​បាន​ផ្ដួល​កីឡាករ​តក់ សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ក្នុង​ទឹក​ទី​២​ដូច​គ្នា ៕