នេន វ​ណ្ណា ឈ្នះ​ពិន្ទុ វៀត ប៊ុ​ន​ឌឿ​ន ទាំង​វេទនា

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​កាលពី​ថ្ងៃ​សៅរ៍ ទី​៣ តុលា កន្លង​មកនេះ នេន វ​ណ្ណា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​យកឈ្នះ​ពិន្ទុ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ទាំង​វេទនា ។

គូ​នេះ​ប្រកួត​គ្នា​ក្នុង​ឋានៈ​ជា​គូ​ឯក​ប្រចាំ​ស​ប្ដា​ហ៍ ហើយ​កាលពី​ពេល​ផ្គូផ្គង​អ្នក​ដែល​ត្រូវ​ជួប​ជាមួយ នេន វ​ណ្ណា មិនមែន វៀត ប៊ុ​ន​ឌឿ​ន ទេ​គឺ​សល់ អា​ម៉ា មក​ពី​ក្លិប​កុសល​កីឡា ប៉ុន្តែ​ដោយសារ​សល់ អា​ម៉ា មាន​បញ្ហា​ផ្នែក​សុខភាព​មិន​អាច​មក​ប្រកួត​កើត ទើប​គណៈកម្មការ​ប្រកួត​សម្រេច​ជ្រើសរើស វៀត ប៊ុ​ន​ឌឿ​ន ឱ្យ​ប្រកួត​ជំនួស​វិញ​។ ដោយសារ​មិន​បាន​ត្រៀមខ្លួន​ទុកជា​មុន​បែប​នេះ គេ​សង្កេត​ឃើញ វៀត ប៊ុ​ន​ឌឿ​ន ហាក់​មិន​មាន​កម្លាំង​ពេញលេញ​ទេ ដោយ​ចាប់ផ្ដើម​អស់​ស៊ុ​ហ្វ​តាំងពី​ទឹក​ទី​២​ម្ល៉េះ ។ នេន វ​ណ្ណា ដែល​មាន​ប្រៀប​ជាង​ស្រាប់​ទាំង​កម្ពស់​និង​កម្លាំង​នោះ​បាន​សម្រុកចូល​វាយ និង​ទាត់​មិន​ប្រណី​ធ្វើ​ឱ្យ វៀត ប៊ុ​ន​ឌឿ​ន ដួល​ទាំង​ជំហរ​ជា​ច្រើន​លើក​ច្រើន​សា តាំងពី​នៅ​ក្នុង​ទឹក​ទី​១ និង​ទី​២ ម្ល៉េះ​។ ទោះជា​យ៉ាងណា វៀត ប៊ុ​ន​ឌឿ​ន មានចិត្ត​សឿង​គ្រាន់បើ​ពោល​គឺ​កាន់តែ​ត្រូវ​កាន់តែ​ដើរ​ចូល​និង​បាន​វាយ​កែង​ត្រូវ​គល់​ថ្គាម នេន វ​ណ្ណា ពេញ​ទំហឹង បណ្ដាល​ឱ្យ​ដួល​ទាំង​ជំហរ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រកួត​លែង​កើត​ទេ គ្រាន់តែ​ត្រូវ​អាជ្ញាកណ្ដាល​លោក ផា​ន់ ផា​ណាត រាប់​ដល់​៨ ក៏​អាច​ក្រោក​ប្រកួត​វិញ​បាន​ភ្លាម ។ នេន វ​ណ្ណា បន្ទាប់​ពី​ត្រូវ​១​កែង​ដួល គេ​ចាប់ផ្ដើម​ផ្ទុះ​កំហឹង​ដើរ​ចូល​វាយ​និង​ទាត់​មក​លើ វៀត ប៊ុ​ន​ឌឿ​ន មិន​ខុស​ពី​ខ្លា​ត្រូវ​របួស​ឡើយ ។ ផ្លែ​ជង្គង់​របស់​គេ​បាន​បុក​ចូល​ពោះ​ទឹក​គូប្រកួត​ពេញ​ៗ​ធ្វើ​ឱ្យ វៀត ប៊ុ​ន​ឌឿ​ន ស្ទើរតែ​លែង​ហ៊ាន​ចូល​កៀក​ម្ដង​ៗ​ទៅ​ហើយ ។ ទោះជា​យ៉ាងណា វៀត ប៊ុ​ន​ឌឿ​ន អាច​តស៊ូ​ប្រកួត​ដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

ចំណែក​លទ្ធផល​គូ​ផ្សេង ព្រំ វី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ធ្វើ​ឱ្យ គង់ ហូ​វ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ចាញ់​ការ​ប្រកួត​ទាំង​មិន​អស់ចិត្ត ។ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ឈ្នះ​ពិន្ទុ ឈាន រស្មី មក​ពី​ក្លិប​ខេត្តរតនៈគិរី​។ ទេស ឧត្ដម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ផ្ដួល ឆេ​ង ពន្លក មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ ៕