ឈាន ហុង យក​បាន​9​ពិន្ទុ​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូ​ល

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​ជុំ​ចុង​ក្រោយ​ក្នុង​ពូ​ល​B កាលពី​ថ្ងៃ​សៅរ៍ ទី​៣ តុលា រវាង​ជើង​ខ្លាំង ឈាន ហុង និង វ៉ា​ន់ ចាន់​វ៉េ​ត បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កីឡាករ​ជើង​ចាស់ វ៉ា​ន់ ចាន់​វ៉េ​ត មិន​អាច​រកបាន​៩​ពិន្ទុ​តាម​ការ​ចង់បាន​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ អ្នក​ទាំង​២​ក៏​នៅ​តែ​ឈរ​ចំណាត់ថ្នាក់​ទី​១ និង​ទី​២ ហើយ​បន្ត​ឆ្ពោះទៅ​កាន់​វគ្គ​ឆ្លង​ពូ​ល​ជាមួយ​ពូ​ល​A ដដែល ដើម្បី​ឡើង​ទៅ​យក​តំណែង​ជើងឯក​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​នៅ​វគ្គ​បន្ត ។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ម្នាក់​៣​លើក កីឡាករ​ឈាន ហុង បាន​ក្លាយជា​អ្នក​មិន​ធ្លាប់​ចាញ់​សោះ​និង​ទទួល​បាន​៩​ពិន្ទុ​ពេញ​ឈរ​នៅ​លើ​តារាង​ក្នុង​ពូ​ល​A ដើម្បី​បន្ត​ទៅ​ជួប​កីឡាករ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​ពូ​ល​B ។ ក្នុង​នោះ​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ បន្ត​ទៅ​កាន់​វគ្គ​ខ្វែង​ផង​ដែរ បើ​ទោះ​ការ​ប្រកួត​លើក​ទី​៣​របស់​គេ គឺ​ចាញ់ហើយ​បាន​ត្រឹមតែ​១​ពិន្ទុ​យក​ទៅ​បូក​បន្ថែម​ប៉ុណ្ណោះ ។ ការ​ប្រកួត​៣​លើក វ៉ា​ន់ ចាន់​វ៉េ​ត ឈ្នះ​២​ចាញ់​១ គឺ​ចាញ់​កីឡាករ​ឈាន ហុង​ចុង​ក្រោយ​នេះ​តែ​ម្ដង ជាមួយនឹង​លទ្ធផល​ត្រូវ​សន្លប់​ក្នុង​ទឹក​ទី​២ ។ យ៉ាងណា​ក៏​ដោយ​គេ​មើលឃើញ​ថា កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត មិន​ចង់​ប្រកួត​ច្រើន​ជាង ទើប​បង្ហាញ​ការ​តតាំង​ត្រឹមតែ​២​ទឹក ក៏​សុំ​ចុះចាញ់​តែ​ម្ដង ដោយសារ​តែ​គេ​ដឹង​ថា ទោះ​ឈ្នះ​ក៏​បាន​ឡើង​ទោះ​ចាញ់​ក៏​បាន​ឡើង ដែល​ចាំបាច់​មិន​ត្រូវ​ចំណាយ​កម្លាំង​សម្រាប់​ការ​ប្រកួត​នេះ​ទៀត​ទេ ។ រវាង​អ្នក​ទាំង​ពីរ​បើ​ឱ្យ​ប្រកួត​ត្រឹមត្រូវ​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត មិន​អាច​ចាញ់​ប្រៀប​នោះ​ទេ ដោយសារ​តែ​គេ​គឺជា​ជើង​ខ្លាំង​ម្នាក់ ហើយ​ចំពោះ​បច្ចេកទេស​ក៏​មិន​អន់ បើ​ទោះជា​កម្លាំង​ស៊ុ​ហ្វ​រាង​ធ្លាក់​ខុស​ពី​មុន​បន្តិច​ក្ដី​។ វ៉ា​ន់ ចាន់​វ៉េ​ត បើ​ប្រកួត​មិន​ចាញ់​សម្លុត​ឈាន ហុង នោះ​លទ្ធផល​នឹង​មិន​ងាយ​ចប់​ដោយ​ស្រួល​នោះ​ទេ​។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប៉ះ​គ្នា​ហើយ វ៉ា​ន់ ចាន់​វ៉េ​ត បោះបង់​ឆាកប្រយុទ្ធ​កណ្ដាល​ទី ដោយ​គ្រាន់តែ​ត្រូវ​ប៉ុន្មាន​ជើង មិន​អាច​កាត់ក្ដី​ថា​អ្នក​ណា​ខ្លាំង​អ្នក​ណា​ខ្សោយ​បាន​ឡើយ ។ ២​នាក់​នេះ​នឹង​ឡើង​ប្រកួត​គ្នា​នៅ​វគ្គ​ឆ្លង​ពូ​ល​មួយ​លើក​ទៀត ទើប​អាច​ដឹង​ថា​អ្នក​ណា​ខ្លាំង អ្នក​ណា​ខ្សោយ​ពិតប្រាកដ ។ នោះ​គឺ​ដោយសារ​តែ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​នោះ នឹង​មិន​មាន​អ្នក​ណា​សំចៃ​ដៃ​ឱ្យ​គ្នា​នោះ​ទេ ដើម្បី​ឆ្មក់​ឱកាស​ទៅ​យក​តំណែង​ជើងឯក និង​ប្រាក់​លាន​ដែល​ទុក​រង់ចាំ ។

ជាមួយនឹង​លទ្ធផល​ចុង​ក្រោយ​សម្រាប់ពូ​ល​A គឺ​រក​ឃើញ​ហើយដោយ​ឈាន ហុង ឈរ​លេខ​១​មាន​៩​ពិន្ទុ​ពេញ និង​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត ឈរ​លេខ​២​មាន​៧​ពិន្ទុ ។  ក្នុង​ចំណោម​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​លាន ព្រមទាំង​ពាន​ម្នាក់​មួយ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​ព្រឹត្តិការណ៍​នេះ​កំណត់​យក​ចំណាត់ថ្នាក់​៤​រូប​ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​ពួក​គេ​បន្ត​ការ​ប្រកួតប្រជែង​ដើម្បី​ក្លាយជា​ជើងឯក​និង​ទទួល​ទឹកប្រាក់​តាម​លំដាប់ ។

លោក​សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥​អះអាង​ថា ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួល​បាន​ពាន​ជើងឯក និង​ទឹកប្រាក់​២.៥០០​ដុល្លារ ។ ចំណាត់ថ្នាក់​លេខ​២ បាន​ពាន​តូច​មួយ​និង​ទឹកប្រាក់​១.០០០​ដុល្លារ ។ ចំណាត់ថ្នាក់​លេខ​៣​បាន​ពាន​តូច​ព្រម​ជាមួយ​ទឹកប្រាក់​៥០០​ដុល្លារ  និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ពាន​តូច​មួយ​ដូច​គ្នា ជាមួយ​ទឹកប្រាក់​៣០០​ដុល្លារ ៕