ឃាត់​ខ្លួន​ជ​ន​សង្ស័យ​៣នាក់​ពាក់​ព័ន្ធ​ថ្នាំ​ញៀន​ជិត​កន្លះ​គីឡូ​ក្រាម​

ខេត្ត​តាកែវ​ ៖ ជន​សង្ស័យ​ចំនួន​៣​នាក់​ត្រូវ​ប៉ូលិស​ក្រុង​ដូន​កែវ​ឃាត់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​រួម​ជាមួយ​ថ្នាំ​ញៀន​៧កញ្ចប់​ធំ(ជិត​កន្លះ​គីឡូ​ក្រាម)​កាល​ពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២ តុលា ២០១៥ នៅ​លើ​ផ្លូវ​ជាតិ​លេខ​២​ទល់​មុខ​ផ្ទះ​សំណាក់​សុខ​សាន្ត​ក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូ​ន​កែវ​ ខណៈ​ពេល​ពួក​គេ​បង្ក​ឱ្យ​មានគ្រោះ​ថ្នាក់​ចរាចរណ៍ហើយ​ត្រូវ​ប៉ូលិស​ចុះ​ទៅអន្តរាគមន៍​ឆែក​ឃើញ​ថ្នាំ​ញៀន​។

​លោក​វរ​​សេនីយ៍​ត្រី​ឆាយ សាវុធ​ អធិការ​នគរ​បាល​ក្រុង​ដូន​កែវបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថ​យន្ត​​ម៉ាកកាមរី​​ឆ្លាម​ ពណ៌​​ខ្មៅ​ ពាក់​ស្លាក​លេខ​២B៩១៥៣ បាន​បើក​កៀរ​ខឿន​ចិញ្ចើម​ថ្នល់​នៅ​ចំណុច​ខាងលើ​បណ្តាល​​ឱ្យ​រថ​យន្ត​ដាច់​កង់​ក្រោយ​ខាង​ឆ្វេង ​ពេល​នោះ​លោក​អធិការ​បាន​ដឹក​នាំ​កម្លាំង​ទៅ​ត្រួត​ពិនិត្យ​ ក៏​ឃើញ​រថ​យន្ត​ឆ្លាម​ពណ៌​សជា​របស់​បក្ស​ពួក​គេ​​បាន​ឈប់​នៅ​ទី​នោះ​ដែរ ប៉ូលិស​ក៏​សួរ​នាំ​ស្រាប់​តែ​អ្នក​បើក​បរ​​​​​​​រត់​គេច​ខ្លួន​បាត់​ ពេល​នោះ​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​បាន​ភ្លាម​ៗ មាន​ឈ្មោះ​សែស សុវណ្ណារាន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​អូរ​ប្រយុទ្ធ​ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង​ ជិះ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​ស ពាក់​ស្លាក​លេខ​២D២០០៤ ​។

បន្ទាប់ពី​ឃាត់​ជាប់​ហើយ​លោក​ក៏​បាន​រាយ​ការណ៍​ជូន​លោក​ឧត្តម​សេនីយ៍​ត្រី​អ៊ុក សំណាង​ ស្នង​ការ​នគរ​បាល​ខត្ត​ ហើយ​លោក​ស្នង​ការ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើ​ការ​ឆែក​ឆេរ​រថយន្ត​ឆ្លាម​នោះ​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់​ធំ​ស្មើ​ជិត​កន្លះ​គីឡូ​ក្រាម ទូរ​ស័ព្ទ​ដៃ​២​គ្រឿង ស្លាក​លេខ​រថយន្ត​១ (លេខ២D២៤៩១ភ្នំពេញ)  និង​សម្ភារ​មួយ​ចំនួន​ទៀត​។ ចំណែក​ជន​សង្ស័យ​ដែល​រត់​គេច​ខ្លួន​ត្រូវ​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​តាម​ចាប់​បាន​២នាក់​ទៀត​ ឈ្មោះ​សឿង រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ​ឈិន សាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ពួក​គេ​រស់​នៅ​ភូមិ​ព្រៃ​ទូក​ ឃុំ​អង្គញ់ ស្រុក​ទ្រាំង ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យ​ទាំង​៣នាក់​បាន​សារភាព​ថា ពួក​គេ​ពិត​ជាបាន​រក​ស៊ី​ជួញ​ដូរ​ថ្នាំ​ញៀន​ពិត​ប្រាកដ​មែន​ កុំ​តែ​រថយន្ត​របស់​គេ​គ្រោះ​ថ្នាក់​ដាច់​កង់​កុំ​អី​សមត្ថ​កិច្ច​ចាប់ពួក​គេ​មិន​បាន​ទេ​៕