ជាមួយ TRIDENT JUNCTURE 15 អូតង់​បើក​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​2002​មក

អង្គការ​អូតង់​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤ តុលា ទៅ នូវ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០០២​មក ជាមួយ​ការ​ចូលរួម​របស់​នាវាចម្បាំង​ជាង​៦០​គ្រឿង យន្តហោះ​ប្រយុទ្ធ​១៤០​គ្រឿង និង​ទាហាន​ជាង​៣៦.០០០​នាក់​មក​ពី​ប្រទេស​ជាង​៣០ ។

សមយុទ្ធ​យោធា​នេះ​មានឈ្មោះ​ថា TRIDENT JUNCTURE-15 សំដៅ​ធ្វើការ​ហ្វឹកហ្វឺន និង​សាកល្បង​កម្លាំង​ប្រតិកម្ម​រហ័ស​របស់​អូតង់​ហៅ NATO RESPONSE FORCE (NRF) ព្រមទាំង​របស់​កងកម្លាំង​សម្ព័ន្ធមិត្ត​ឯទៀត​ៗ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ តុលា ក្រសួង​ការពារ​ប្រទេស​អង់គ្លេស​និយាយ​ថា កងទ័ព​ទាំង​៣​ប្រភេទ​របស់​ចក្រភព​អង់គ្លេស គឺ​កងទ័ពជើងទឹក ជើង​អាកាស និង​ជើង​គោក​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​អង់គ្លេស​គូសបញ្ជាក់​នៅ​ទីក្រុង​ឡុ​ង​ដ៍​ថា សមយុទ្ធ TRIDENT JUNCTURE-15 នឹង​ជា​ការ​សាកល្បង​កម្លាំង​របស់ NRF ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​រៀបចំ​ដែល​កងកម្លាំង​នេះ​អាច​ឆ្លើយ​តប​នឹង​សភាពការណ៍​នៃ​វិបត្តិ ដោយ​បង្ហាញ​ពី​ការ​រៀបចំ​តាម​ភាព​បត់បែន និង​សមត្ថភាព​របស់​អូតង់​ឆ្លើយ​តប​ចំពោះ​បណ្តា​ការ​គំរាមកំហែង​មក​ពី​គ្រប់​ទិស​ទី ។

គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​៣ តុលា ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ជា​២​ដំណាក់កាល ។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បែប​នេះ អូតង់​ពុំ​ធ្លាប់​រៀបចំ​ធ្វើ​ឡើយ​ចាប់តាំងពី​ឆ្នាំ​២០០២​មក ។

សមយុទ្ធ TRIDENT JUNCTURE-2015 ហៅ​កាត់​ថា TJ-15 បង្ហាញ​ពី​កម្រិត​ថ្មី​នៃ​មហិច្ឆតា​របស់​អូតង់​ក្នុង​សង្គ្រាម​ទំនើប​រួម ដោយ​បង្ហាញ​ថា សង្គ្រាម​បែប​នេះ​មាន​សម្ព័ន្ធភាព​ដឹកនាំ​មួយ ។

ទោះបី​យ៉ាងណា ឧត្តមសេនីយ៍​បារាំង លោក PALOMEROS ជា​ប្រមុខ​យោធា​អូតង់​ម្នាក់​ថ្លែង​ថា សមយុទ្ធ TJ-15 ពុំ​ទាក់ទិន​ជា​ពិសេស​នឹង​ភាព​តានតឹង​បច្ចុប្បន្ន​ជាមួយ​រុ​ស្ស៊ី​ឡើយ ។ សមយុទ្ធ​ប្រព្រឹត្ត​ទៅ​ជា​ពិសេស​នៅ​អុ​ី​តា​លី អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់ ។ សមយុទ្ធ​នឹង​ចូលរួម​ដោយ​ប្រទេស​២៧ ក្នុង​ចំណោម​ប្រទេស​ទាំង​២៨ ជា​សមាជិក​អូតង់ ព្រមទាំង​របស់​ប្រទេស​៧​ជា​ដៃគូ​អូតង់ ។

ឧត្តមសេនីយ៍ PALOMEROS បន្ត​ថា បានជា​សមយុទ្ធ​នេះ​ពុំ​ទាក់ទិន​ជា​ពិសេស​ជាមួយ​ភាព​តានតឹង​នឹង​រុ​ស្ស៊ី ព្រោះ​វា​ត្រូវ​បាន​សម្រេច​ធ្វើ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អូតង់​កាលពី​ឆ្នាំ​២០១២ នៅ​ទីក្រុង​ស៊ី​កា​ហ្គោ ។ ពេល​នោះ​យើង​នៅ​មាន​ទំនាក់ទំនង​ល្អជា​មួយ​រុ​ស្ស៊ី ។ វា​ពុំ​មាន​លក្ខណៈ​ឈ្លានពាន​ឡើយ​ដោយ​អូតង់​បំពេញ​តួនាទី​របស់​ខ្លួន​ខាង​កិច្ច​ការពារ​រួម និង​គ្រប់គ្រង​វិបត្តិ ។

សេណា​រី​យ៉ូ​របស់​សមយុទ្ធ រួម​បញ្ចូល​រាល់​សមាសភាព​នៃ​សង្គ្រាម​សម័យ​ទំនើប ដូច​ជា​កិច្ច​ការពារ​ប្រឆាំង​មី​ស៊ី​ល ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា និង​សង្គ្រាម HYBRIDE ជាមួយនឹង​បណ្តា​ប្រតិបត្តិការ​ឃោសនា ។ បណ្តា​បណ្តាញ​សង្គម​ក៏​នឹង​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ដែរ ។

យោង​តាម​ឧត្តមសេនីយ៍ PALOMEROS ថា​សមយុទ្ធ​ធំ​បំផុត​លើក​ក្រោយ​របស់​អូតង់​ប្រឆាំង​រាល់​ការ​ឈ្លានពាន​ជាយថាហេតុ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​២០១៨ នៅ​ន័​រវេ​ស ក្នុង​សមុទ្រ​ខាងជើង និង​បាល់​ទិ​ក ។ សមយុទ្ធ​នេះ​សម្រេច​ធ្វើ​កាលពី​ឆ្នាំទៅ​មិ​ញ បាន​ន័យ​ថា ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ក្រុង​មូ​ស្គូ ។

យោង​តាម​ក្រសួងការពារជាតិ​ន័​រ​វែ​ស​ថា គឺ​ក្រុង​អូ​ស្លូ​ដែល​ស្នើ​ទទួល​ធ្វើ​សមយុទ្ធ​នេះ​លើ​ទឹកដី​ខ្លួន ។ សមយុទ្ធ​២០១៨​នេះ​នឹង​មាន​ទាហាន​ចូលរួម​ដល់​ទៅ​២៥.០០០​នាក់ ក្នុង​រដូវរងា​ចុង​ខាងជើង​ប្រទេស ៕