ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ពី​ការ​សម្លាប់​ជនជាតិ​ជប៉ុន​ម្នាក់​នៅ​បង់​ក្លា​ដែ​ស

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​ជា​លើក​ទី​២​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ។ បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​៣ តុលា ដោយ​ពួក​ជនប្រដាប់អាវុធ គឺ​៥​ថ្ងៃ​បន្ទាប់​ពី​ការ​សម្លាប់​បុរស​អីុតា​លី​ម្នាក់​ធ្វើការ​ឱ្យ​អង្គការ​មនុស្សធម៌​មួយ ។ ការ​វាយប្រហារ​ទាំង​២​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ប៉ូលិស​បង់​ក្លា​ដែ​ស​គូសបញ្ជាក់​ថា ជន​រង​គ្រោះ​ជនជាតិ​ជប៉ុន លោក​ហូ​ស៊ី គូ​នី​អូ អាយុ​៦៦​ឆ្នាំ ត្រូវ​បាញ់​សម្លាប់​ក្នុង​ទីក្រុង KAUNIA ស្រុក RANGPUR នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។ លោក​ជិះ​ក្នុង​ស៊ី​ក្លូ​មួយ ពេល​រថយន្ត​របស់​លោក​ត្រូវ​ឃាត់​ដោយ​បុរស​៣​នាក់​ជិះ​ម៉ូតូ ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​របស់​ប៉ូលិស​ថា ក្នុង​ចំណោម​បុរស​ទាំង​៣​នាក់​នេះ បុរស​២​នាក់​បាន​បាញ់​២​លើក​លើ​រូប​គាត់​ត្រង់​ទ្រូង ដោយ​កាំភ្លើងខ្លី ចំណែក​ម្នាក់​ទៀត​ត្រៀម​លើ​ម៉ូតូ​សម្រាប់​រត់គេច​ខ្លួន ។ មនុស្ស​៤​នាក់​ត្រូវ​បាន​ហៅ​មក​សួរ​ចម្លើយ តែ​ពុំ​ទាន់​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅឡើយ ។ ជន​រង​គ្រោះ​ជនជាតិ​ជប៉ុន​រូប​នេះ​តែង​មក​កាន់​បង់​ក្លា​ដែ​ស​ជា​ញឹកញាប់ ហើយ​ធ្វើការ​លើ​គម្រោង​កសិកម្ម​មួយ​នៅ RANGPUR ។

រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​និយាយ​ថា ខ្លួន​ចាប់អារម្មណ៍​ខ្ពស់​បំផុត​លើ​ការ​សម្លាប់​ជនបរទេស​ទាំង​២​ករណី​នេះ ។ រដ្ឋមន្ត្រី​មហាផ្ទៃ​បង់​ក្លា​ដែ​ស លោក ASADUZZAMAN KAMAL និយាយ​ថា ការ​ធ្វើឃាត​ជន​ស្លូតត្រង់​បែប​នេះ​គឺ​ដំ​ដៅ​បង្ក​អ​ស្ថេ​រ​ភាព​ក្នុង​ប្រទេស ៕