​ឃាត់​ខ្លួន​វៀត​ណាម​២​នាក់បម្រុង​នាំសត្វ​អណ្តើក​ឆ្លង​ដែន​ទៅ​វៀត​ណាម​ ​រឹប​អូស​​អណ្តើក​៤៤​ក្បាល

ខេត្ត​កណ្តាល​ ៖ នគរ​បាល​ស្រុក​កោះ​ធំ​បាន​ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​២នាក់​ដែល​កំពុង​ជញ្ជូន​សត្ត​អណ្តើក​ព្រៃ​ដើម្បី​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀត​ណាម​ និង​ដក​ហូត​​បាន​សត្វ​អណ្តើក​ចំនួន៤៤​ក្បាល​ កាល​ពី​វេលា​ម៉ោង​១០ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២ តុលា នៅ​ចំណុច​ក្រោយ​វត្ត​សំពៅ​មាស ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ​។

លោក​ឈឿន ប៊ុន​ឆន អធិការ​នគរ​បាល​ស្រុក​កោះ​ធំ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​មាន​ឈ្មោះជិន វ៉ៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ​វ៉ឹង ទូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​២​ជា​ជន​ជាតិ​វៀត​ណាម​ រស់​នៅ​ភូមិ​ជ្រំ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ​។

លោក​​អធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា កាល​ពី​យប់​ថ្ងៃ​ទី​២ តុលា កម្លាំង​នគរ​បាល​ស្រុក និង​នគរ​បាល​ប៉ុស្តិ៍​សំពៅ​ពូន​បាន​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​បាន​ជួប​មុខ​សញ្ញា​ជន​សង្ស័យ​ខាង​លើ​កំពុង​ជញ្ជូន​សត្វ​អណ្តើក​ច្រក​ស្បោង​ត្រៀម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀត​ណាម​នៅ​ត្រង់​ចំណុច​ខាង​ក្រោយ​វត្ត​សំពៅ​មាស​ ក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅពូន​។

ពេលក្រុម​​ជន​សង្ស័យ​ឃើញ​សមត្ថ​កិច្ច​ ពួក​គេ​បាន​រត់​គេច​ខ្លួន​អស់ខ្លះ និង​យក​សត្វ​ព្រៃ​មួយ​ចំនួន​ដែល​ច្រក​ក្នុង​ស្បោង​ទម្លាក់​ចោល​ក្នុង​ទឹក​ទន្លេ​អស់​ នៅ​តែ​ជន​សង្ស័យ​២​នាក់​ខាងលើ​ត្រូវ​នគរ​បាល​ឃាត់ខ្លួន​បាន​ជាមួយ​និង​សត្វ​អណ្តើក​ព្រៃ​ច្រក​ស្បោង​៤​ស្បោង​នាំ​មក​អធិការ​នគរ​បាល​ស្រុក​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់​៕