កម្មករកម្មការិនី​​​​​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​ចូលរួម​ទិវា​គ្រួសារ​បេះ​ដូងខ្មែរ​

​ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ​តុលា ​២០១៥ កន្លង​មក នៅ​ចំណតរថយន្ត​ក្រុមហ៊ុនរោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ ដែល​មាន​ទីតាំង​ស្ថិត​នៅសង្កាត់១ ក្រុង​​ព្រះសីហនុ កម្មករ​បាន​ជួបជុំ​គ្នា ដើម្បី​ប្រារ​ព្ឋ​ខួប​លើក​ទី២២ ថ្ងៃ​ទិវា​មហា​គ្រួសារ​បេះដូង​ខ្មែរ ​សម្រាប់​​ឆ្នាំ២០១៥ ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

​ពិធី​ខាងលើ​បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព ​លោក លី​ម សេង​ហុង នាយក​បច្ចេកទេសនៃ​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ លោក ឆេ​ង សុ​ភ័ក្ត្រ ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់ ផ្នែក​ធនធានមនុស្ស​ និង​​មានគ្រួសារ កម្មករ កម្មការិនី និ​យោ​ជិ​ត​ និងនិយោជក ​​មក​ចូលរួម​ចំនួន​២.៨៦៨​នាក់ ផង​ដែរ ។

​លោក ឆេ​ង សុ​ភ័ក្ត្រ ​ជួសមុខឱ្យ​​អគ្គនាយក និងគណៈ​គ្រប់គ្រង​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ បាន​​សម្តែង​នូវ​ភាព​រំភើប​រីករាយយ៉ាង​ក្រៃ​លែង​​​ និងបាន​ពាំនាំសាកសួរ​សុខ​ទុក្ខ​របស់លោក​អគ្គនាយក ក៏​ដូច​ជា​គណៈ​គ្រប់គ្រង​រោងចក្រ​ខាងលើគ្រប់​លំដាប់ថ្នាក់ ។ លោក​បាន​បន្ត​​​ថា ខួប​ទិវា​មហា​គ្រួសារ​របស់​ក្រុមហ៊ុន​ខាងលើ តែងតែ​ប្រារ​ព្ឋ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ជូន​ដល់​បងប្អូនកម្មករ កម្មការិនី ​និ​យោ​ជិ​ត និងក្រុម​គ្រួសារ​របស់​ពួក​​គាត់​។ ក្នុង​គោលបំណង​ដើម្បី​បាន​ផ្សារ​ភ្ចា​ប់នូវ​ចំណងមិត្តភាព សាមគ្គីភាព រវាង​ក្រុម​គ្រួសារ​​​ទាំងអស់​គ្នា ក៏​ដូច​ជា​ការ​រឹតចំណង​សាមគ្គីភាព ឱ្យ​កាន់តែ​​​​ល្អ​ប្រសើរ​ឡើង ​រវាងថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ ។

ឆ្លៀត​​ក្នុង​ឱកាស​នេះ​ដែរ លោក ឆេ​ង សុ​ភ័ក្ត្រ បាន​អំពាវនាវ​ដល់ បងប្អូន កម្មករ កម្មការិនី និ​យោ​ជិ​តទាំងអស់ ត្រូវ​យក​ថ្ងៃ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​សម្រាប់​ការ​ស្គាល់គ្នា ការ​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​យ៉ាងណា​ប្រែក្លាយ​ទិវា​ខាងលើឱ្យ​ដិតដាម​ទៅ​ដោយ​អនុស្សាវរីយ៍ដ៏​ស្រស់​ត្រកាលល្អ​ផូរផង់ សម្រាប់​អនាគត​ដ៏​វែង​ឆ្ងាយ ។

លោក​បាន​បន្ថែម​ទៀត​ថា ដោយសារ​តែក្រុមហ៊ុនស្រា​បៀរ​អង្គរ បេះដូង​ខ្មែរ ទទួល​បានការ​គាំទ្រ ពី​អតិថិជន​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ការ​និយម​គាំទ្រ​ពី​អតិថិជន នៅ​ឯ​ក្រៅប្រទេស បាន​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​ទទួល​បាន​​មេដាយមាស នៅ​លើ​ឆាក​អន្តរជាតិ ហេតុ​ដូចនេះ​ហើយ ទើប​ក្រុមហ៊ុន​មានឱកាស​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​​ទទួល​បានការ​ងារ​ធ្វើ ជាក់ស្តែង​នៅ​ឆ្នាំ២០១៤ កន្លង​មក ចំនួន​កម្មករ កម្មការិនី មាន​តែ២.៥៧០​នាក់ ប៉ុន្តែ​​​ឆ្នាំ២០១៥នេះ ចំនួន​កម្មករ កម្មការិនី ​​កើនឡើង​ដល់២.៨៦៨​នាក់ ដែល​បញ្ជាក់​ថា ចំនួន​​នេះ​​ចេះ​តែ​កើន​ឡើងជា​បន្តបន្ទាប់​​ ។

លោក ឆេ​ង សុ​ភ័ក្ត្រ បាន​បញ្ជាក់​​ទៀត​ថា កត្តា​ទាំងនេះ​ហើយ គឺជា​ចក្ខុវិស័យ​របស់​ក្រុមហ៊ុនខាងលើ ក្នុង​ការ​ចូលរួម​ចំណែក​កាត់​បន្ថយការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើនៅ​ឯ​ក្រៅប្រទេស ដែល​អាច​ប្រឈម​ទៅ​នឹង​ហានិភ័យដល់​អាយុជីវិត​គ្រប់ពេលវេលា ​ហើយ​ក៏​ជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅជូន​ដល់​បងប្អូន​ជា​កម្មករ កម្មការិនី ឱ្យ​​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

នៅ​ចុងបញ្ចប់នៃ​កម្មវិធី​សំណេះសំណាលជាមួយ​បងប្អូនកម្មករ កម្មការិនី និ​យោ​ជិ​តទាំងអស់ បាន​ពិសា​អាហារ​សាមគ្គី​ក្នុង​បរិយាកាស​រំភើបរីករាយ និងស្និ​ទ្ឋ​ស្នាល​ក្រៃ​លែង ៕