​ពិធី​ប្រគល់​​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​​ជូន​គ្រួសារ​សពអតីត​យុ​ទ្ឋ​ជនចំនួន១៤​គ្រួសារ

ខេត្ត​ព្រះ​សីហ​នុ ៖ ​គ្រួសារ​សពអតីត​យុ​ទ្ឋ​ជនចំនួន១៤​គ្រួសារ បាន​ទទួល​ថវិកា​បេឡា​មរណៈ​សង្គ្រោះ កាលពី​រសៀល​ថ្ងៃ​ទី២ ​តុលា ​២០១៥ កន្លង​មក ​នៅ​បញ្ជាការ​​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ​លោក យន្ត មីន អភិបាល​ខេត្ត​​ និងជា​ប្រធានកិត្តិយស​គណៈ​កម្មាធិការសមាគម​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជាខេត្ត​ ​និង​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​​ និងជា​ប្រធាន​គណៈកម្មាធិការ​សមាគមអតីតៈ​យុ​ទ្ឋ​ជន​កម្ពុជាខេត្ត​​ និង​មាន​ការ​អញ្ជើញ​ពី​លោក​ លោក​ស្រី​ យ៉ាង​ច្រើន​កុះ​ករ ។

​លោក យន្ត មីន ​និងលោក​ ហេង ប៊ុ​នទី បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​គ្រួសារ​សព​ សមាជិកសមាគមអតីតៈ​យុ​ទ្ឋ​ជន​កម្ពុជាខេត្ត​ ដែល​មាន​អត្ថន័យ​ប្រហាក់ប្រហែល​គ្នា​ថា កន្លង​មក ​គ្រួសារ​សព​អតីតៈ​យុ​ទ្ឋ​ជន ត្រូវ​ទទួល​បាន​ថវិកា​ចំនួន៤​លាន​រៀល ​​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ ។ ស្រប​តាម​យុ​ទ្ឋ​សាស្ត្រ​ដំណាក់កាល​ទី៣ របស់​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​​គ្រួសារ​សព​អតីតៈ​យុ​ទ្ឋ​ជននៅ​តាម​បណ្តា​ខេត្ត​នានា ទទួល​បាន​ថវិកាយក​ទៅ​ធ្វើបុណ្យ​នៅ​ក្នុង​រដូវ​​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិឱ្យ​​បាន​គ្រប់​ៗ​គ្នា ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ដែល​បោះបង់​ចោល​អតីតៈ​យុ​ទ្ឋ​ជននោះ​ទេ ព្រមទាំង​មានការ​ជំរុញ​ឱ្យ​​គិតគូរពី​សុខទុក្ខ​ដល់​គ្រួសារ​អតីតៈ​យុ​ទ្ឋ​ជន ដែល​បាន​លះបង់​កម្លាំងកាយ-ចិត្ត និងបាន​បូជា​សាច់​ស្រស់ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដីនៃព្រះរាជាណា​ចក្រ​​កម្ពុជា​ នា​ពេល​កន្លង​មក ។​

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​​ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​អតីតៈ​យុ​ទ្ឋ​ជន​ខេត្ត​​ ​ដែល​ទទួលមរណភាព​មាន​ចំនួន៦០​នាក់ យើង​បាន​ប្រគល់​ថវិកា​បេឡា​មរណៈ​​សង្គ្រោះ ជូន​គ្រួសារ​សពសមាជិកសមាគម​អតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តបាន​ចំនួន៤៦​នាក់រួច​ហើយ នៅ​សល់១៤​នាក់ កំពុង​​​ប្រគល់​ជូន​នា​ពេល​នេះ ។ លោក​បញ្ជាក់​ទៀត​ថា ក៏​ប៉ុន្តែ​ថវិកា​ដែល​បាន​មក គឺ​សម្រាប់​ប្រគល់​ជូន​សពសមាជិកសមាគមអតីតៈ​យុ​ទ្ឋ​ជន​កម្ពុជា ចំនួន​តែ៨​នាក់​ប៉ុណ្ណោះ គឺ​រដូវ​ភ្ជុំបិណ្ឌ​បាន​មក​ដល់ លោក​នឹង​យក​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​​​ប្រគល់​ជូន​ចំនួន៦​នាក់​បន្ថែម​ទៀត ​។ ​

​បន្ទាប់​មក លោក យន្ត មីន និងលោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ជូន​គ្រួសារ​សពសមាជិកសមាគម​អតីតៈ​យុ​ទ្ឋ​ជនកម្ពុជាខេត្ត​​ចំនួន១៤​នាក់ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកាចំនួន៤​លាន​រៀល ​៕