រាជរដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​ប្រជាកសិករ​រក្សា​ទឹក​ក្នុង​ស្រែ អាង និង​ប្រឡាយ​ទុក​បង្ក​បង្កើន​ផល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលជាអ្នកធ្វើស្រែចំការនៅទូទាំងប្រទេស ត្រូវចេះរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងការបង្កបង្កើនផលស្រូវ។

ការអំពាវនាវរបស់សម្តេចនេះ ដោយសារតែទឹកនៅឆ្នាំ២០១៥នេះ មិនសូវមានកម្ពស់ឡើងខ្លាំងដើម្បីហូរចូលព្រែក ចូលអាងសំរាប់ការធ្វើស្រែប្រដេញទឹក ឬស្រែប្រាំងបានគ្រប់គ្រាន់។

នេះជាការលើកឡើងរបស់សម្តេចតេជោ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេច។

ព្រមជាមួយគ្នានេះ សម្តេចផ្តាំផ្ញើឲ្យប្រជាកសិករយកចិត្តទុកដាក់ផងដែរ ក្នុងការថែរក្សាដំណាំកសិកម្ម ជាពិសេសគឺសន្ទូង ។ ឆ្នាំនេះភ្លៀងធ្លាក់ពីដើមរដូវវស្សាតិចធ្វើឲ្យការបង្កបង្កើនផលរបស់ប្រជាកសិករនៅតំបន់មួយចំនួនជួបការលំបាក យឺតយ៉ាវនឹងរងផលប៉ះពាល់។

ចំណែកឯទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មានកំរិតទាបមិនអាចហូរចូលព្រែក ចូលអាងសំរាប់ការធ្វើស្រែប្រដេញទឹកឬស្រែប្រាំងបានគ្រប់គ្រាន់នោះទេ។ មិនសល់ពេលច្រើនទេដែលកសិករត្រូវខិតខំបង្ហើយការដកស្ទូងស្រូវវស្សានឹងចាប់ផ្ដើមស្រូវប្រាំង។

សម្តេចបញ្ជាក់ថា “ខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះកសិករយើងមេតា្តខិតខំរក្សាទឹកទុកក្នុងស្រែ ក្នុងអាង ក្នុងប្រឡាយដើម្បីការលូតលាស់ នៃស្រូវវស្សាផងនឹងសំរាប់ការ ចាប់ផ្តើមស្រូវប្រាំងផង”។

សម្តេចបន្តថា ចំណែកក្រសួងធនធានទឹកនឹងឧតុនិយម ក្រសួងកសិកម្ម និងអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវត្រៀមបម្រុងធ្វើអន្តរាគមន៍ក្នុងករណីចាំបាច់។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការត្រូវចូលរួមជួយបង្កបង្កើនផលប្រជាជនដែលនៅជិតទីតាំងឈរជើង ពិសេសគ្រួសារជនពិការ ស្ត្រីមេម៉ាយ រួមទាំងចាស់ជរាដែលខ្វះកម្លាំងពលកម្មផងដែរ៕

រាជរដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​ប្រជាកសិករ​រក្សា​ទឹក​ក្នុង​ស្រែ អាង និង​ប្រឡាយ​ទុក​បង្ក​បង្កើន​ផល

រាជរដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​ប្រជាកសិករ​រក្សា​ទឹក​ក្នុង​ស្រែ អាង និង​ប្រឡាយ​ទុក​បង្ក​បង្កើន​ផល