នគរបាល​អាមេរិក​ជាប់ចោទ ថា​បាញ់​ជន​ពិការ​ស្បែក​ខ្មៅ​ម្នាក់​ស្លាប់

បុរសពិការម្នាក់ បានស្លាប់នៅក្នុង ការបាញ់ប្រហារគ្នាមួយ ជាមួយនឹងកងកម្លាំងនគរបាល។ បើតាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរសនេះមានអាវុធ ហើយបានសម្លាប់ខ្លួន។ តែគ្រួសាររបស់ជនពិការ បាន​លើក​ឡើង ពី​ការ​«បាញ់​សម្លាប់​ឆៅ» ដោយ​មន្ត្រី​អាជ្ញាធរ។ (រូបភាពអាចប៉ះពាល់អារម្មណ៍ របស់អ្នកទស្សនា)
វីដេអូដើម ថតដោយអ្នកនៅក្នុងហេតុការណ៍ បង្ហាញពីការបាញ់ប្រហារមួយ ដែលធ្វើឲ្យបុរស​ពិការស្បែក​ខ្មៅ​ម្នាក់​ស្លាប់។

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័រយូធូប កាលពីពាក់កណ្ដាលសប្ដាហ៍មុន បាន​បង្ហាញ​ឲ្យ​ឃើញថា បុរសម្នាក់ដែលអង្គុយ នៅក្នុងរទេះរុញជនពិការ កំពុងត្រូវបាននគរបាលមួយក្រុម នៃក្រុង វៀលមីងតោន (Wilmington ក្នុងរដ្ឋ Delaware) បាញ់ប្រហារ។ នគរបាលបានពន្យល់ថា បន្ទាប់ពីទទួល​បាន​ការហៅ​ទូរស័ព្ទ ពីមនុស្សម្នាក់ដែលទំនង ជាមានរបួសនោះ ភ្នាក់ងារនគរបាលមួយក្រុមនេះ ត្រូវបានចាត់​ឲ្យ​ទៅ​កាន់​ទី​កន្លែង ហើយបានដឹងថា ជនដែលរងរបួសនោះ មានអាវុធជាប់នឹងខ្លួន។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពី​បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់ ឈ្មោះ «NBC Philadelphia»។

សាក្សីម្នាក់ លោក សៀន អូវេន (Sean Owens) បានរៀបរាប់ថា៖ «ជនពិការបានដកកាំភ្លើង រឺវុលវ៉ែ ហើយ​បាន​ព្យាយាមសម្លាប់ខ្លួន។ ខ្ញុំគិតថា គាត់បានបាញ់ខ្លួនឯងម្ដង ឬពីរដង ប៉ុន្តែនៅមានការបាញ់ឡើងលើ ជាច្រើន​គ្រាប់​ទៀត។» វីដេអូដដែលបានថតឃើញ ភ្នាក់ងារនគរបាលម្នាក់ ដែលកាន់អាវុធ ត្រៀមនៅនឹងដៃជាស្រេច បាន​ប្រាប់ទៅជនពិការ ដែលមានឈ្មោះ ជេរ៉េមី ម៉ាកដូវ៉ែល (Jeremy McDowell) អាយុ២៨ឆ្នាំ ឲ្យលើកដៃឡើងលើ មុននឹងកម្លាំងនគរបាលពីរនាក់ទៀត ចូលមកភ្ជង់ជនពិការបន្ថែម។ បន្ទាប់មកស្នូរផ្ទុះកាំភ្លើង បានកើតឡើង តែ​មិន​ដឹងថា តើនរណាមួយជាអ្នកបាញ់នោះទេ។

នាយនគរបាល ការពារមន្ត្រីរបស់ខ្លួន

គេពិបាកនឹងដឹងថា តើលោក ជេរ៉េមី ម៉ាកដូវ៉ែល មានអាវុធនៅនឹងដៃ ដូចការអះអាងរបស់សាក្សី និងនគរបាល ឬយ៉ាងណាទេ? ប៉ុន្តែបើគេមើល តាមវីដេអូនោះ ក្នុងរយៈពេលមួយនាទីក្រោយមក គេឃើញបុរសពិការ បាន​គ្រវាសដៃចុះឡើង ជាមួយនឹងខោរបស់ខ្លួន ហើយគឺនៅពេលនោះហើយ ដែលការផ្ទុះអាវុធ បានកើតឡើង និង​បន្ទាប់មកបុរសស្បែកខ្មៅ បានធ្លាក់ពីលើរទេះរុញ ហើយដួលទៅលើដី។

នាយនគរបាលក្រុង វៀលមីងតោន លោក បប់ប៊ី ឃុំមីង (Bobby Cummings) បានទស្សនាវីដេអូដូចគ្នានេះ ហើយ​បានថ្លែងអះអាងថា មន្ត្រីក្រោមបង្គាប់របស់លោក បានធ្វើការរបស់ពួកគេ ប្រកបដោយជំនាញត្រឹមត្រូវ។ លោកបញ្ជាក់ថា នគរបាលបានរកឃើញ កាំភ្លើងខ្លីធុន រឺវុលវ៉ែ ៣៨ នៅនឹងកន្លែង ហើយមន្ត្រីរបស់​លោកចំនួន​៤នាក់ ស្ថិតនៅក្នុងហេតុការណ៍នេះ។ លោក ឃុំមីង បានថ្លែងឲ្យដឹងថា៖ «ច្បាស់ហើយ គឺជននេះមានអាវុធ​នៅ​នឹងខ្លួន និងត្រូវបានប្រាប់ ឲ្យទម្លាក់អាវុធចុះ ជាច្រើនដង»។

«ជាការបាញ់សម្លាប់ឆៅ»

សម្រាប់គ្រួសាររបស់បុរសពិការវិញ បានប្រតិកម្មតបវិញ ថានេះ ជាការបាញ់សម្លាប់មួយ ពីសំណាក់កង​កម្លាំង​នគរបាល។ បងស្រីរបស់លោក ជេរ៉េមី គឺអ្នកស្រី ឡេតេសា ហ្គ្រីន (Letesha Green) បានផ្ទុះ​សំណួរ​ទាំង​កំហឹង​ថា៖ «ហេតុអ្វីមិនប្រើកាំភ្លើងឆក់?» លោក អឺជេន ស្មីត (Eugene Smith) ឪពុកមារបស់បុរសពិការ បាន​អះអាង​ប្រាប់​សារព័ត៌មាន «New York Daily News» ថា លោកបាននៅជាមួយក្មួយរបស់លោក ១៥នាទីមុន​ហេតុ​ការណ៍ ហើយលោក ជេរ៉េមី ម៉ាកដូវ៉ែល មិនមានកាំភ្លើង នៅជាប់នឹងខ្លួននោះទេ។ លោក ស្មីត បាន​និយាយ​ថា៖ «វាមានកាន់កាបូបមួយ តែខ្ញុំមិនបានឃើញទាល់តែសោះ ថាវាមានកាំភ្លើងខ្លី។ ខ្ញុំមិនខ្វល់ថា វា​មាន​ស្បែក​ស ឬ​ស្បែកខ្មៅទេ តែរឿងនេះ ជាការបាញ់សម្លាប់ឆៅ។»៕