មេ​ឃុំ​នៅ​ខេត្ត​ក្រចេះ​រង​ការ​ចោទ​ថា​នៅ​ពី​ក្រោយ​នៃ​ការ​កាប់​ព្រៃ​សហគមន៍​ដៃគូ

ទាញ​យក​កម្មវីធី

មេ​ឃុំ​អូរគ្រៀង ខេត្ត​ក្រចេះ រង​ការ​ចោទ​ថា​នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ដៃគូ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​សហគមន៍​បាន​ចុះ​ល្បាត​ព្រៃ ប្រទះ​ឃើញ​ពលរដ្ឋ​ជនជាតិ​ចាម ជាច្រើន​ក្រុម បាន​សម្រុក​កាប់​ឆ្ការ​ព្រៃ​សហគមន៍​កាល​ពី​ថ្ងៃ​ទី​២ តុលា។ លើស​ពី​នេះ ក្រុម​ជនជាតិ​ចាម ទាំង​នោះ​អះអាង​ថា ពួក​គេ​អាច​កាប់​ឆ្ការ​ព្រៃ​សហគមន៍​នេះ​បាន ដោយសារ​មាន​ការ​អនុញ្ញាត​ពី​មេ​ឃុំ​អូរគ្រៀង ដែរ។ ចំណែក​មេ​ឃុំ​អូរគ្រៀង ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ ដោយ​ចាត់​ទុក​ថា ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។

សហគមន៍​ដៃគូ​ឋិត​នៅ​ក្នុង​ភូមិ​អូរព្រះ ឃុំ​អូរគ្រៀង ស្រុក​សម្បូរ ខេត្ត​ក្រចេះ កំពុង​រង​ការ​កាប់​ឆ្ការ​យ៉ាង​អនាធិបតេយ្យ ដោយ​ពុំ​ទាន់​មាន​ការ​ទប់ស្កាត់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ជាច្រើន​លើក​ច្រើន​សា​ក្តី។

សមាជិក​សហគមន៍​ព្រៃ​ដៃគូ​រស់នៅ​ភូមិ​អូរព្រះ លោក ហៀន សំអឿន ចោទ​ប្រកាន់​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ឃុំ ហាក់​ព្រងើយ​កន្តើយ​មិន​ទប់ស្កាត់​សកម្មភាព​កាប់​ឆ្ការ​ព្រៃ​សហគមន៍​ដៃគូ​យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ឡើង​ដោយ​ពលរដ្ឋ​ជនជាតិ​ចាម និង​មួយ​ចំនួន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​អស់​ជាង ១​ពាន់​ហិកតារ តាំង​ពី​ឆ្នាំ​២០១៤ រហូត​ដល់​បច្ចុប្បន្ន។ លោក​ថា ពលរដ្ឋ​ជនជាតិ​ចាម ជាង ១០​ក្រុម ក្នុង​មួយ​ក្រុម​ជាង ១០​នាក់ កាល​ពី​ថ្ងៃ​ទី​២ តុលា បាន​សម្រុក​កាប់​ឆ្ការ​ព្រៃ​សហគមន៍​ដោយ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ ឬ​ត្រង់សឺន័រ ខ្លះ​ដោយ​កាំបិត ខ្លះ​ពូថៅ​កាប់​រលំ​ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ជា​កម្មសិទ្ធិ​ឯកជន និង​លក់​បន្ត​បង្ក​ឲ្យ​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ជីវិត​ជនជាតិ​ដើម​ភាគ​តិច ដែល​អាស្រ័យ​ផល​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក ជាដើម៖ «បើ​និយាយ​ពី​កាប់​ល្វឹងល្វើយ​ខាល​លិច ខាង​កើត​ព្រំប្រទល់ អា​ក្នុង​ក៏​កាប់​ល្វឹងល្វើយ ប៉ុន្តែ​ធ្វើ​នៅ​ថ្មីៗ ហើយ​វា​បាន​និយាយ​ថា មិន​បាច់​ឈ្លោះ​ជាមួយ​វា​ទេ ឈ្លោះ​ជាមួយ​អាជ្ញាធរ​ទៅ​វា​អត់​ដឹង​រឿង​ទេ ឲ្យ​វា​មក​វា​មក​ហើយ វា​និយាយ​អ៊ីចឹង»

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​សកម្ម​ក្នុង​ការ​ចុះ​ល្បាត លោក ងាន់ សុខា ត្អូញត្អែរ​ថា មុខ​របរ​ដង​ជ័រ​ទឹក​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ក្នុង​ភូមិ​អូរព្រះ អាច​នឹង​បាត់បង់​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ប្រសិន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​បាន​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​ទាន់​ពេល​នោះ​ទេ។ លោក​បារម្ភ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​អារក្ស ព្រៃ​ជំនឿ និង​ព្រៃ​ស្រោង ដែល​សម្បូរ​ដោយ​អនុផល​ធម្មជាតិ​ដែល​នៅ​សេសសល់​ចុង​ក្រោយ ក៏​កំពុង​រង​ការ​គំរាម​កំហែង​ដែរ។ ចំណែក​ពលរដ្ឋ​ដែល​ជា​សមាជិក​សហគមន៍​ក្រុម​ល្បាត ក៏​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ «ខ្ញុំ​កំពុង​ព្រួយ​បារម្ភ​មិន​ដឹង​ថា រក​ពី​ណា​ជួយ​ដោះស្រាយ។ បើ​ថា​នៅ​ក្រចេះ អស់​ហើយ​រណ្ដៅ​ជ័រ​ខ្ញុំ អត់​មាន​សង្ឃឹម​អី​ទេ​ខ្ញុំ មាន​ចេះ​រក​ស៊ី​អី ខែ​ប្រាំង​ដង​ជ័រ ខែ​វស្សា​ក៏​ដង​ជ័រ។ បាន​ប្រហុក​ប៊ីចេង ដោយសារ​ដង​ជ័រ​នោះ​ឯង។​អត់​បាយ​ខ្វះ​អង្ករ​ខ្វះ​អី លក់​ទិញ​អង្ករ​គេ​ទៅ បើ​ថា​អស់​អា​នោះ​ទៀត​ចប់​ហើយ​ខ្ញុំ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ក្រចេះ លោក ទ្រី សុភ័ក្រ ដើម្បី​សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ តុលា។

ចំណែក​មេ​ឃុំ​អូរគ្រៀង លោក កែវ ប៊ូផា បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ ដោយ​លើក​ហេតុផល​ថា ជា​ការ​ចោទ​ប្រកាន់​គ្មាន​ការ​ពិត។ តែ​យ៉ាង​ណា​លោក​ថា កន្លង​មក​លោក​ធ្លាប់​ព្រមាន​ដល់​ក្រុម​ជនជាតិ​ភាគ​តិច​ចាម ទាំង​នោះ ឲ្យ​ដក​ខ្លួន​មិន​ឲ្យ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ប្រសិន​បើ​ពុំ​មាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ថ្នាក់​ជាតិ និង​អាជ្ញាធរ​ខេត្ត​នោះ​ទេ។ លើស​ពី​នេះ លោក​ថា អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​សរសេរ​លិខិត​សុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​ទប់ស្កាត់​ករណី​កាប់​ឆ្ការ​ព្រៃ​របស់​សហគមន៍​ដោយ​ពលរដ្ឋ​ជនជាតិ​ចាម ដែរ៖ «បង​ប្អូន​ឥស្លាម គ្រាន់​តែ​ដាក់​ពាក្យ​ស្នើសុំ​តាម​រយៈ​ស្រុក ខេត្ត ហើយ​ទៅ​ដល់​ខេត្ត​ហើយ ខេត្ត​ចុះ​រៀប​ក្រុម​ការងារ​មួយ ដើម្បី​ចុះ​មក​វាយ​តម្លៃ​ថា ព្រៃ​ហ្នឹង​ព្រៃ​យ៉ាង​ម៉េច? តើ​គួរ​ឲ្យ​ពួក​គាត់​ជា​ដី​សម្បទាន​សង្គមកិច្ច ឬ​អត់? មិន​ទាន់​អនុញ្ញាត​ផង ពួក​គាត់​ចុះ​កាប់ ហើយ​យើង​ក៏​ហាម​ឃាត់​ឲ្យ​គាត់​ចេញ​ដែរ។ ដូច្នេះ ការ​ចោទ​ប្រកាន់​ចេះ​តែ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន»

ប្រជា​សហគមន៍​អះអាង​ថា ព្រៃ​សហគមន៍​ដៃគូ​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ​២០០៩ មាន​ផ្ទៃដី​ចំនួន​ជាង ៣​ពាន់ (៣.១៦៣​ហិកតារ) ដែល​ក្រសួង​កសិកម្ម វាយ​តម្លៃ​ថា ព្រៃ​សហគមន៍​ដៃគូ​កំពុង​ឋិត​ក្នុង​គម្រោង​អភិរក្ស​សាកល្បង។ ចំណែក​អាជ្ញាធរ​ឃុំ​ឲ្យ​ដឹង​ទៀត​ថា ព្រៃ​សហគមន៍​ដៃគូ​បច្ចុប្បន្ន​ដែល​នៅ​សល់​ជាង ១​ពាន់​ហិកតារ គឺ​មួយ​ភាគ​ធំ​សម្បូរ​ដោយ​ថ្ម និង​ភ្នំ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ៣១២​នាក់ បាន​ផ្ដិត​មេដៃ​ស្នើសុំ​ដី​ព្រៃ​សហគមន៍​ដៃគូ​ប្រើប្រាស់​ជា​សមូហភាព និង​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បដិសេធ​សំណើ​របស់​ពលរដ្ឋ​ជនជាតិ​ចាម ជាង ៤០០​គ្រួសារ ដែល​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ក្នុង​ព្រៃ​សហគមន៍​គ្រប់គ្រង។

ភូមិ​អូរព្រះ ឃុំ​អូរគ្រៀង ស្រុក​សម្បូរ មាន​សហគមន៍​ព្រៃ​ឈើ​ចំនួន ៣ ដូចជា​ព្រៃ​សហគមន៍​ថ្ម​ទន្លេ មាន​ផ្ទៃ​ដី​ចំនួន​ជាង ២​ពាន់​ហិកតារ (២.២២៨​ហិកតារ) ព្រៃ​សហគមន៍​ភ្នំ​បាក់ មាន​ផ្ទៃ​ដី​ចំនួន​ជាង ៧​ពាន់​ហិកតារ និង​ព្រៃ​សហគមន៍​ដៃគូ មាន​ផ្ទៃ​ដី​ចំនួន​ជាង ៣​ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។