ព្រះសង្ឃ​និង​ពលរដ្ឋ​៣៦​នាក់​នៅ​សៀមរាប​សង្ស័យ​ពុល​កាហ្វេ​ក្នុង​ពិធី​កាន់​បិណ្ឌ

ទាញ​យក​កម្មវីធី

ព្រះសង្ឃ ១៧​អង្គ និង​ប្រជាពលរដ្ឋ​ស្រី​ប្រុស ព្រម​ទាំង​កុមារ ១៩​នាក់​ទៀត នៅ​ឃុំ​ល្វែងឫស្សី ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជាប់​ព្រំប្រទល់​គ្នា​នឹង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ពុល​កាហ្វេ​ក្នុង​អាការៈ​ធ្ងន់ធ្ងរ ដោយ​រថយន្ត​ពេទ្យ​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម ជា​បន្តបន្ទាប់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ។

ការ​ពុល​កាហ្វេ​នោះ កើត​មាន​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​សៀមរាប នាំ​គ្នា​ទៅ​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ក្នុង​វត្ត​តាអុង ហើយ​បាន​ឆុង​កាហ្វេ​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​ពិធី​សូត្រ​មន្ត​ពេល​ល្ងាច។

សមត្ថកិច្ច​ចម្រុះ មាន​ប៉ូលិស កង​រាជ​អាវុធហត្ថ និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​នាំ​គ្នា​ទៅ​កាន់​វត្ត​តាអុង នៃ​ឃុំ​ល្វែងឫស្សី ចម្ងាយ​ប្រមាណ​ជាង ៧៥​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​តុលា នេះ ដើម្បី​ធ្វើ​កំណត់​ហេតុ ព្រម​ទាំង​ស្វែងរក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន ពុល​កាហ្វេ​នៅ​ទីនោះ ថា​តើ​បណ្ដាល​មក​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ?

វត្តមាន​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល និង​សមត្ថកិច្ច​ចម្រុះ​នោះ បន្ទាប់​ពី​មាន​ហេតុការណ៍​ពុល​កាហ្វេ​នៅ​ក្នុង​វត្ត​តាអុង ក្នុង​ឃុំ​ល្វែងឫស្សី នៃ​ស្រុក​ជីក្រែង ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មក។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ៦​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា គឺ​មាន​ព្រះសង្ឃ​ចំនួន ១៧​អង្គ និង​ប្រជាពលរដ្ឋ ព្រម​ទាំង​កុមារ ១៩​នាក់​ផ្សេង​ទៀត បាន​ពុល​កាហ្វេ​ក្នុង​អាការៈ​ធ្ងន់ធ្ងរ នៅ​ពេល​ធ្វើ​ពិធី​សូត្រ​មន្ត​កាន់​វេន​ទី​៧ នៃ​ពិធី​កាន់​បិណ្ឌ ហើយ​មាន​ការ​ឆុង​កាហ្វេ​ប្រគេន​ព្រះសង្ឃ​មក។

សាមណេរ​ព្រះនាម ម៉ត ចាន្ថា គឺ​ជា​ព្រះសង្ឃ ១​អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ ១៦​អង្គ​ផ្សេង​ទៀត ដែល​ពុល​កាហ្វេ​នោះ។ ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​ថា ពិធី​សូត្រ​មន្ត្រ​វេន​ទី​៧ នៃ​បុណ្យ​កាន់​បិណ្ឌ​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មក​ពី​ខេត្ត​សៀមរាប ចូលរួម​ជា​ម្ចាស់​វេន​ផង។ នៅ​ក្នុង​ពិធី​សូត្រ​មន្ត គឺ​ម្ចាស់​វេន​ទី​៧ ក៏​បាន​ធ្វើ​ដូច​គ្នា​នឹង​ម្ចាស់​វេន​មុនៗ​ដែរ ដោយ​ឆុង​កាហ្វេ​ប្រគេន​ព្រះសង្ឃ​ពេល​សូត្រ​មន្ត​ចម្រើន​ព្រះ​បរិត្ត។ សាមណេរ​ដដែល​មាន​ព្រះ​ថេរ​ដីកា​បញ្ជាក់​ទៀត​ថា នៅ​មុន​ពេល​ពិធី​សូត្រ​មន្ត​ចាប់​ផ្ដើម គឺ​ពុទ្ធ​បរិស័ទ​បាន​លើក​ហ្វេ​មក​ប្រគេន​ព្រះសង្ឃ។ ព្រះអង្គ​ឆាន់​កាហ្វេ​នោះ ទើប​តែ​បាន​បន្តិច ក៏​ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល រួច​ហើយ​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ជា​បន្តបន្ទាប់ ក៏​មាន​អាការៈ​ដូច​គ្នា៖ «ឆាន់​កាហ្វេ​លាយ​ទឹក​កក ឆាន់​អស់ ៤​លេប ប្រហែល​ជា ២-៣​នាទី មាន​អាការៈ​វិល​មុខ ញ័រ​ដៃ​ញ័រ​ជើង មើល​ទៅ​វិល បេះដូង​ដើរ​ញាប់ រក​ក្អួត តែ​ក្អួត​អត់​ចេញ»

បន្ទាប់​ពី​កើត​មាន​អាការៈ​ពុល​កាហ្វេ​ភ្លាម​នោះ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពេទ្យ​ជាច្រើន​គ្រឿង​ដឹក​ជញ្ជូន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ណា​ដែល​មាន​អាការៈ​ស្រាល ទៅ​មណ្ឌល​សុខភាព​ល្វែងឫស្សី ចំណែក​អ្នក​ដែល​មាន​អាការៈ​ធ្ងន់ គឺ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម។

នៅ​ក្នុង​ទី​វត្ត​តាអុង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​តុលា ក្រុម​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ បាន​រក​ឃើញ​កាហ្វេ​យីហោ បឺតឌី (Birdy) និង​ណេសកាហ្វេ (NESCAFE) ដែល​ជា​ផលិតផល​របស់​ប្រទេស​ថៃ ត្រូវ​បាន​គេ​យក​ទៅ​ឆុង​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​នោះ។ ប៉ូលិស​ក៏​រក​ឃើញ​ថា ការ​ឆុង​កាហ្វេ​នោះ គឺ​ធ្វើ​មិន​មាន​អនាម័យ​ត្រឹមត្រូវ​ទេ ដោយ​អ្នក​ឆុង​បាន​ប្រើ​ក្រមា​សម្រាប់​បង់​ក​មួយ​ដែល​មាន​ពណ៌ សម្រាប់​ធ្វើ​ជា​ប្រដាប់​ច្រោះ​កាហ្វេ។

ម្ចាស់​វេន​ទី​៧ នៃ​ពិធី​កាន់​បិណ្ឌ​នោះ​ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត អ្នកស្រី នៅ ម៉ាឡៃ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ដែល​ធ្វើ​កំណត់​ហេតុ​ថា អ្នកស្រី​មិន​ដឹង​ថា​មូលហេតុ​អ្វី បាន​ជា​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​ពុល​នោះ​ទេ។ ស្ត្រី​ដដែល​បញ្ជាក់​ថា កាហ្វេ​ម៉ាក​បឺតឌី (Birdy) និង​ណេសកាហ្វេ (NESCAFE) ដែល​យក​មក​ឆុង​ប្រគេន​ព្រះសង្ឃ​នៅ​ពេល​កាន់​វេន​នេះ គឺ​ថៅកែ​របស់​គាត់​ជា​ជនជាតិ​បារាំង បាន​ទិញ​ចែក​បុគ្គលិក។ អ្នកស្រី​បាន​ទទួល​កាហ្វេ​នេះ​ពី​ថៅកែ​ចំនួន ៦​គីឡូក្រាម ហើយ​អ្នកស្រី​ក៏​ជូន​ឪពុក​ចំនួន ៣​គីឡូក្រាម ទុក​គ្រាន់​ពិសា។ រហូត​មក​ដល់​ពេល​នេះ កាហ្វេ​ដែល​ជូន​ឪពុក គឺ​គាត់​បាន​ពិសា​អស់ ១​គីឡូក្រាម​ទៅ​ហើយ មិន​ឃើញ​មាន​អាការៈ​ពុល​អ្វី​ទេ ហើយ​ឪពុក​របស់​អ្នកស្រី​ក៏​នៅ​តែ​បន្ត​ពិសា​កាហ្វេ​នេះ​រាល់​ថ្ងៃ។

អ្នកស្រី នៅ ម៉ាឡៃ បញ្ជាក់​ទៀត​ថា នៅ​សល់ ៣​គីឡូក្រាម នៅ​ពេល​ដែល​មាន​ពិធី​កាន់​វេន អ្នកស្រី​ក៏​យក​កាហ្វេ​នេះ​មក​ឆុង​ប្រគេន​ព្រះសង្ឃ ប៉ុន្តែ​ដោយ​គ្រាន់​តែ​វិធី​ធ្វើ​ខុស​គ្នា​បន្តិច គឺ​យក​កាហ្វេ​គីឡូ​ម៉ាក បឺតឌី ទៅ​ឆុង​លាយ​គ្នា​ជាមួយ​កាហ្វេ​កញ្ចប់​តូច​ម៉ាក​បឺតឌី ដែល​លាយ​ក្រែម ព្រម​ទាំង​កាហ្វេ​ម៉ាក​ណេសកាហ្វេ ព្រម​ទាំង​លាយ​ជាមួយ​ទឹក​ដោះ​គោ​ម៉ាក​ធីផត (Tea Pot) ផង៖ «ខ្ញុំ​អត់​ដឹង ព្រោះ​អី​ថៅកែ​ខ្ញុំ​ទិញ​មក យក​មក​ចែក​កូន​ចៅ។ កាហ្វេ​ហ្នឹង ១​កេស​ធំ លាយ​អា​ហ្នឹង​មុខ​ហើយ ឯ​របស់​ខ្ញុំ ១​មុខ​ទៀត គឺ ៣​មុខ លាយ​ចូល​គ្នា​ទាំងអស់»

ពុល​កាហ្វេ សៀមរាប ៦២០
រថយន្ត​សង្គ្រោះ​បន្ទាន់ ដឹក​​ពលរដ្ឋ​ដែល​មាន​អាការៈ​ពុល​ដោយ​សង្ស័យ​ថា​បណ្ដាល​មក​ពី​កាហ្វេ ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Hang Savyouth

 

ទោះ​យ៉ាង​ណា ការ​ពុល​កាហ្វេ​នៅ​វត្ត​តាអុង នោះ មិន​បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទេ ដោយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​អាទិត្យ ​ទី​៤ ខែ​តុលា គឺ​អ្នក​ពុល​ជាច្រើន​មាន​សុខភាព​ធម្មតា​ឡើង​វិញ​ហើយ នៅ​តែ​ព្រះសង្ឃ​ចំនួន ៥​អង្គ ដែល​មាន​អាការៈ​ខ្លាំង​ជាង​គេ បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ជុំវិញ​រឿង​ពុល​កាហ្វេ នៅ​វត្ត​តាអុង ឃុំ​ល្វែងឫស្សី នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​សូម​អភ័យទោស​ដោយសារ​កំពុង​ជាប់​រវល់។

ចំណែក​មន្ត្រី​ផ្នែក​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល លោក ប៊ូ សារិន ដែល​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង មាន​ប្រសាសន៍​ថា លោក​កំពុង​ប្រមូល​យក​វត្ថុ​សេសសល់​មួយ​ចំនួន ទៅ​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ពុល​នោះ។ មន្ត្រី​មន្ទីរ​សុខាភិបាល​ដដែល​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​កាហ្វេ និង​កាលបរិច្ឆេទ​នៃ​ការ​ផលិត គឺ​នៅ​មាន​គុណភាព និង​យីហោ​ត្រឹមត្រូវ មិន​គួរ​ពុល​ទេ ក៏ប៉ុន្តែ​លោក​សង្ស័យ​ទៅ​លើ​វត្ថុ​ពីរ​យ៉ាង គឺ​អាច​បណ្ដាល​មក​ពី​ទឹក​ដែល​ដង​ពី​ទី​វាល ដោយ​មាន​កសិករ​ធ្លាប់​ប្រើ​ថ្នាំ​ពុល ឬ​ក៏​អាច​បណ្ដាល​មក​ពី​ក្រមា​ដែល​ច្រោះ​កាហ្វេ ពីព្រោះ​ក្រមា​នោះ​មាន​ពណ៌​ជ្រលក់​ដោយ​សារធាតុ​គីមី៖ «ខ្ញុំ​មិន​ទាន់​ជឿ​ថា​មក​ពី​កាហ្វេ ឬ​ក៏​បណ្ដាល​ពី​អ្វី​ច្បាស់លាស់​ទេ គឺ​ត្រូវ​ការ​យក​ទៅ​ពិសោធ​សិន។ អាច​មក​ពី​ទឹក​កក​មិន​ដឹង ឬ​ក៏​អាច​មក​ពី​ក្រមា​ដែល​មាន​ជាតិ​ថ្នាំ​ជ្រលក់ ពីព្រោះ​ថ្មី»

ក្នុង​រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០១៥ នេះ នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​កើត​មាន​ព្រឹត្តិការណ៍​ពុល​ចំណី​ជា​ទ្រង់ទ្រាយ​ធំ​ចំនួន ២​លើក​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា កន្លង​ទៅ ប្រជាពលរដ្ឋ និង​កុមារ​ជាង ៨០០​នាក់​នៅ​ឃុំ​ពង្រលើ និង​ឃុំ​សង្វើយ ធ្លាប់​ពុល​នំប៉័ង​ដែល​ដាក់​លាយ​ជាមួយ​ជ្រក់​ត្រសក់ និង​សាច់​ប៉ាតេ បណ្ដាល​ឲ្យ​រាក ក្អួត និង​ចុក​ឆ្អល់​ក្នុង​ពោះ នៅ​ពេល​ដែល​អង្គការ​ទស្សនៈ​ពិភពលោក ប្រារព្ធ​ទិវា​លុប​បំបាត់​ពលកម្ម​កុមារ​នៅ​ទីនោះ ហើយ​យុវជន ១​ក្រុម​ជា​អ្នក​ទទួល​បន្ទុក​ធ្វើ​អាហារ​ចែក​ជូន​អ្នក​ចូលរួម​ទាំងអស់​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។