អ្នកកាសែត​ម្នាក់​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ទាក់ទិន​ការ​ទារ​លុយ​១០០​ដុល្លារ

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣ តុលា ២០១៥ នៅ​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​មេ​បញ្ជាការ​ទាក់ទិន​នឹង​ប្រាក់​ចំនួន​១០០​ដុល្លារ ។ អ្នកកាសែត​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ ជ័យ តារា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​សុជីវធម៌ ដែល​កាសែត​នេះ​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​យូរ​ឆ្នាំ​មក​ហើយ ។ ជនជាប់ចោទ​រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ថ្លែង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន គឺ​ឈ្មោះ ជ័យ តារា ដែល​អះអាង​ថា ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​សុជីវធម៌ បាន​ប្រើ​ល្បិច​ឆបោក​លោក​ដោយ​ប្រាប់​ថា ឈ្មោះ មុត សុវណ្ណ អ្នកកាសែត​នៅ​ភ្នំពេញ បាន​ទូរស័ព្ទ​មក​ទារ​លុយ​លោក​ចំនួន​១០០​ដុ​លា្ល​រ ។ ក្រោយ​ពី​ឈ្មោះ​នេះ​ទូរស័ព្ទ​មក​ទារ​លុយ លោក​ក៏​ឲ្យ​មក​យក​លុយ ហើយ​បានឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ ។ ពេល​នោះ ឈ្មោះ ជ័យ តារា ប្រាប់​ថា ខ្លួន​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​សុជីវធម៌​ប្រចាំ​ខេត្តបាត់ដំបង តែ​ពេល​សួរ​រក​ប័ណ្ណ​អង្គភាព​គ្មាន ទើប​ឃាត់​ខ្លួន​ដោយ​ចោទ​ពី​បទ​ឆបោក​លុយ​១០០​ដុល្លារ ។

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន បន្ត​ថា នៅ​ពេល​ឃាត់ខ្លួន​ឈ្មោះ ជ័យ តារា នេះ​ហើយ ក៏​បាន​សុំ​បញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ឃាត់ខ្លួន​សាកសួរ និង​ឈាន​ទៅ​អនុវត្ត​តាម​ច្បាប់ ។ រីឯ​ឈ្មោះ ជ័យ តារា ឆ្លើយ​ថា គាត់​ពិតជា​បាន​ទូរស័ព្ទ​ទៅ​លោក ឱ បូ​រិ​ន សុំ​លុយ​ចំនួន​១០០​ដុល្លារ​មែន ព្រោះ​ឈ្មោះ មុត សុវណ្ណ អ្នកកាសែត​នៅ​ភ្នំពេញ​បាន​ទូរស័ព្ទ​ប្រាប់​ថា ឱ្យទៅ​យក​លុយ​ពី​លោក ឱ បូ​រិ​ន ចំនួន​១០០​ដុល្លារ ។ នៅ​ពេល​ទូរស័ព្ទ​ណាត់ជួប​លោក ឱ បូ​រិ​ន នៅ​ទីបញ្ជាការ​ដើម្បី​យក​លុយ​១០០​ដុល្លារ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នាំ​មក​សាកសួរ ។

លោក ផា​ន់ ភិ​រម្យ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ថ្លែង​ថា ការ​ឃាត់ខ្លួន​ឈ្មោះ ជ័យ តារា ដែល​អះអាង​ថា​ជា​អ្នកកាសែត​នោះ គឺ​គ្មាន​ប័ណ្ណ​សម្គាល់​អង្គភាព​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ប្រើ​ល្បិច​ឆបោក​លុយ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើបត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​លុយ​នេះ ។

លោក ស៊ុំ ចាន់​គារ អ្នកសម្របសម្រួល​អង្គការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ថ្លែង​ថា ការ​ឃាត់ខ្លួន​អ្នកការ​សែត​ម្នាក់​ឈ្មោះ ជ័យ តារា នេះ ជា​ការ​ធ្វេសប្រហែស​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​មិន​បាន​ដាក់​កាត ឬ​ប័ណ្ណសម្គាល់ខ្លួន​ជាប់​នឹង​ខ្លួន ហើយ​ធ្វើ​ខុស​ពី​វិជ្ជាជីវៈ​។ ការ​ទូរស័ព្ទ​សុំ​លុយ​ ឬ​ទារ​លុយ គឺជា​ទ​ង្វើ​ខុស​ពី​ក្រមសីលធម៌ តែ​វា​មិន​អាច​ថា​មានទោស​ទៅ​ដល់​កម្រិត​ទោស​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ឆបោក​ឡើយ ៕