តា​កូ​ម៉ា​បើក​បុក​រះ​តូប​លក់ដូរ ម៉ូតូ​លក់​ពង​ទា និង​ធុង​ទឹកអំពៅ​ជា​បន្តបន្ទាប់ របួសធ្ងន់​៣​នាក់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​បាន​រង​របួសធ្ងន់​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ តុលា ២០១៥ នៅ​លើ​កំណាត់​ផ្លូវ​បេតុង រោង​ចក្រ​កាត់ដេរ QMI ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​លក់​ពង​ទា​១​គ្រឿង​បណ្ដាល​ឲ្យ កំពប់​រេល​បែក​ពេញ​ផ្លូវ បន្ទាប់​មក​បាន​ជ្រុល​ទៅ​បុក​រះ​តូប​លក់ដូរ និង​ធុង​ទឹកអំពៅ ព្រមទាំង​ម៉ូតូ​ម៉ា​កវី​វ៉ា​១​គ្រឿង​ទៀត​ជា​បន្តបន្ទាប់​ទើប​ឈប់​ស្ងៀម ។

រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង​នោះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2P-4214 ចំណែក​ម៉ូតូ​លក់​ពង​ទា ម៉ាក​គុប​មូល ពណ៌​ស្លែរ អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ចំណែក​តូប​លក់ដូរ​បាន​រង​ការ​ខូចខាត​ទ្វារ​យ៉ាងដំណំ និង​មិន​ទាន់​ត្រូវ​បាន​ស្គាល់​ម្ចាស់​ទេ រីឯ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-9275 ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ណ​ន ថា​រី អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​រូប​នោះ​បាន​រង​របួសធ្ងន់ ចំណែក​អ្នក​រួម​ដំណើរ​ដែល​រង​របួស​ដែរ ឈ្មោះ ធី តា ភេទ​ស្រី អាយុ​៨​ឆ្នាំ ត្រូវជា​កូនស្រី​រង​របួសធ្ងន់ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ដែល​រង​របួស​ដែរ​ឈ្មោះ ស្លេក អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដោយ​មាន​មនុស្ស​ជិះ​នៅ​ក្នុង​នោះ​៤​ទៅ​៥​នាក់ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច កើត​ហេតុ ដែល​ជា​ចំណុច​ផ្លូវ​តូច​ង្អៀ​ត​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​អ្នកលក់​ពង​ទា បណ្ដាល​ឲ្យ​ដួល​កំពប់​ពង​ទា​បែក​រេល​ពេញ​ផ្លូវ ។ បន្ទាប់​មក​រថយន្ត​បង្ក​មិន​បាន​ឈប់​ស្ងៀម​នោះ​ឡើយ​បាន​ជ្រុល​ទៅ​មុខ​បុក​រះ​តូប​លក់ដូរ​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទ្វារ​ជា​ច្រើន​ផ្ទាំង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ម្ចាស់​តូប​រង​របួស​នោះ​ឡើយ ព្រោះ​តូប​នោះ​បិទទ្វារ​ម្ចាស់​មិន​នៅ ។ ខណៈនោះ​រថយន្ត​នៅ​តែ​ព្យាយាម​បើក​រត់​ទៀត និង​បាន​ជ្រុល​ទៅ​បុក​រះ​ធុង​លក់​ទឹកអំពៅ និង​អ្នកទិញ​ទឹកអំពៅ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់ ទើប​រថយន្ត​ឈប់ ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើ ការ​វាស់វែង និង​នាំ​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ និង​បាន​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕