កំដៅ​នៃ​ភាព​តានតឹង​កំពុង​តែ​កើន​ឡើង​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ ក្រោយ​ឃាតកម្ម​ផ្ទួនៗ

ភាព​តានតឹង​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​កំពុង​តែ​ពុះ​កញ្ជ្រោល​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ឃាតកម្ម ​បាន​កើត​ឡើង​ផ្ទួនៗ​គ្នា។ យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ នៅ​ក្រុង​ហ្ស៊េរូសាឡឹម ​បុរស​ប៉ាឡេស្ទីន​ម្នាក់ ​បាន​យក​កាំបិត​ ដើរ​ចាក់​ប្រជាជន​អ៊ីស្រាអែល ​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ ​ហើយ​ជន​ដៃដល់​ ​ក៏​ត្រូវ​បាន​ប៉ូលីស​អ៊ីស្រាអែល​បាញ់​សម្លាប់​ផង​ដែរ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្តី​ប្រពន្ធ​អ៊ីស្រាអែល​ ពីរ​នាក់ ​ក៏​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ។ អាជ្ញាធរ​អ៊ីស្រាអែល ​បាន​បិទ​ទីលាន​វិហារ​ម៉ូស្កេ​បូរាណ​នៅ​ហ៊្សេរូសាឡឹម ​ហើយ​បាន​ទាំង​ចេញ​ប្រតិបត្តិការ​រុករក​ឃាតករ ​ពាស​ពេញ​តំបន់​ស៊ីសហ្សកដានី​ទៀត​ផង។