រុស្ស៊ី​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​​មួយ​លើក​ថ្មី​ទៀត​នៅ​ស៊ីរី

រុស្ស៊ី​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​​មួយ​លើក​ថ្មី​ទៀត​នៅ​ស៊ីរី

ផែនទី​បង្ហាញ​ពី​ប្រទេស​ស៊ីរី។ រុស្ស៊ី​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​​មួយ​លើក​ថ្មី​ទៀត​នៅ​ស៊ីរី។

ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីតាំង​ភេរវកម្ម​មួយ​ និង​ទីដៅ​ភេរវកម្ម​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃសៅរ៍ ​ហើយ​បាន​និយាយ​ទៀត​ថា ​ខ្លួន​នឹង​បន្ត​ធ្វើ​ការ​វាយប្រហារ​របស់​ខ្លួន​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម ​ថ្វី​បើ​ប្រទេស​លោក​ខាង​លិច​ទាម​ទារ​ថា ​យុទ្ធ​នាការ​វាយ​ប្រហារ​តាម​អាកាស​ភាគ​ច្រើន​កំពុង​ចាត់​ទីដៅ​លើ​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​ក៏ដោយ។

ឧត្តមសេនីយ៍​ត្រី Andrei Kartapolov អ្នកនាំ​ពាក្យ​ក្រសួងការពារ​ប្រទេស​នៃ​ប្រទេស​រុស្ស៊ី ​ដែល​បាន​ថ្លែងកាល​ពី​ថ្ងៃ​សៅរ៍​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​រុស្ស៊ី បាន​ពណ៌​នា​ភាព​ស្លន់​ស្លោ​ និង​ការរត់​ចោល​ជួរ​ក្នុង​ចំណោម​ក្រុម​រដ្ឋ​ឥស្លាម ហើយ​លោក​បាន​និយាយ​ថា ​ពួក​ទាហាន​ស៊ី​ឈ្នួល​ជិត​៦០០នាក់​បាន​រត់​គេច​ខ្លួន​នៅ​ទី​ក្រុង Raqqa ភាគ​ខាង​ជើង។

លោក Kartapolov ​បាន​និយាយ​នៅ​ក្នុង​អត្ថាធិប្បាយ ​ដែល​ត្រូវ​បាន​ទី​ភ្នាក់​ងារ​ព័ត៌មាន RIAនៃ​ប្រទេស​រុស្ស៊ី​ដក​ស្រង់​សម្តី​យក​មក​ចុះផ្សាយ​ថា «យើង​នឹង​មិន​ត្រឹមតែ​បន្ត​ការ​វាយ​ប្រហារ​នោះ​ទេ ​យើង​ក៏​នឹង​បង្កើន​ទំហំ​នៃ​ការ​វាយ​ប្រហារ​ផង​ដែរ‍»។

​សហរដ្ឋ​អាមេរិកនិងសម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​ថ្កោល​ទោស​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ដែលរដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ​បាន​អះអាងថា ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​កំពុង​ប្រើ​ប្រាស់​ការ​វាយ​ប្រហារ​នោះ​ជា​ខែ​ល​ដើម្បី​ការពារ​រដ្ឋាភិបាលរបស់​ប្រធានា​ធិបតីលោក ​Bashar al-Assad ដែល​មាន​ជម្លោះ។

នៅ​ក្នុង​ការ​រិះគន់​នៅ​ពេល​ថ្មី​ៗ​បំផុត​នេះ​របស់​ប្រទេស​លោក​ខាង​លិច ​លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេសអង់គ្លេស​បាន​និយាយ​ថា ​មាន​តែ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​តែ​៥​ភាគ​រយ​ប៉ុណ្ណោះ ​ដែល​បាន​ចាត់​ទី​ដៅលើ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ ​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​ភាគ​ច្រើន​របស់​រុស្ស៊ី​សំដៅ​លើក្រុមឧទ្ទាម​ស៊ី​រី​ ដែល​គាំទ្រ​ដោយ​ប្រ​ទេស​លោក​ខាង​លិច ដែល​កំពុង​ស្វះស្វែង​បណ្តេញ​ប្រធានា​ធិបតី​លោក​ Assad ​ចេញ​ពី​ដំណែង៕