កែម ឡី ប្រកាស​ឈប់​ផ្តល់​បទ​វិភាគ ដល់​សារព័ត៌មាន​ទៀត

ជាដំណឹងដ៏អាក្រក់មួយ សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានឯករាជ្យ។ លោក កែម ឡី ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សង្គម និងត្រូវបានអ្នកសារព័ត៌មានភាគច្រើន ហៅលោក ជាអ្នកវិភាគឯករាជ្យនោះ បាន​ប្រកាស​ឈប់​ផ្ដល់​ការ​វិភាគ ណា​ផ្សេង​ទៀត ទៅឲ្យក្រុមអ្នកសារព័ត៌មានទៀតហើយ។
កែម ឡី ប្រកាស​ឈប់​ផ្តល់​បទ​វិភាគ ដល់​សារព័ត៌មាន​ទៀត
លោក កែម ឡី នៅក្នុងវេទិកាសាធារណៈមួយ កាលពីអំឡុងខែមករា ឆ្នាំ២០១៤។ (រូបថត monoROOM.info/ O. Vary)

តើអ្នកជំនាញ«ឯករាជ្យ» ខាងការផ្ដល់ការវិភាគ លើបញ្ហាសង្គម និងនយោបាយ នៅក្នុងប្រទេសកម្ពុជា មាន​ចំនួនកាន់តែតិចទៅៗឬ? គេពិបាកឆ្លើយ​នឹងសំនួរនេះណាស់ ខណៈលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងត្រូវបានអ្នកសារព័ត៌មាន ផ្ដល់ងារជូនលោក ជា«អ្នកវិភាគឯករាជ្យ» នៅកម្ពុជានោះ ទើបនឹងបាន​ប្រកាស​ដកខ្លួន ឈប់ផ្ដល់បទវិភាគ ទៅឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិតទៅទៀត។ នៅលើទំព័រហ្វេសប៊ុកផ្លូវ​ការ របស់លោក កាលពីវេលាម៉ោង១៩ និង២៣នាទី (ម៉ោងក្នុងស្រុក) យប់ថ្ងៃទី៤ ខែតុលានេះ លោក កែម ឡី បាន​សរសេរថា៖ «ខ្ញុំបាទសូមឈប់ផ្តល់​បទវិភាគ ដល់សារព័ត៌មានជាតិ និងអន្តរជាតិ ចាប់ពីខែតុលា ២០១៥​នេះ​​ត​ទៅ»។

អ្នកវិភាគដាច់បាយ...

លោក កែម ឡី បានបញ្ជាក់ពីមូលហេតុ នៃការឈប់ផ្តល់ការវិភាគនោះ ដូចខាងក្រោមថា៖

១. ចង់ឲ្យអ្នកនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ចាប់ផ្តើមព្យាយាមប្រើប្រាស់ព័ត៌មាន ដែល​ចេញ​ពីការ​សិក្សាស្រាវជ្រាវត្រឹមត្រូវ តាមលក្ខណៈវិទ្យាសាស្រ្ត។
២. រក្សាពេលវេលាផ្ទាល់ខ្លួន ក្នុងការស្រាវជ្រាវ និងសិក្សាបន្ថែមទៀត។
៣. រក្សាពេលវេលា ក្នុងការបណ្តុះយុវជនពីជំនាញស្រាវជ្រាវ តាមលក្ខណៈវិទ្យាសាស្រ្ត។
៤. រក្សាពេលវេលា ក្នុងការពង្រឹងគុណភាព នៃការសិក្សាស្រាវជ្រាវបន្ថែម។
៥. រក្សាពេលវេលា សម្រាប់ធ្វើការស្រាវជ្រាវបន្ថែម ក្នុងការពង្រឹងជីវិភាពឡើងវិញ (អ្នកវិភាគដាច់បាយ)។
៦. មាន​អ្នកស្តាប់ជាច្រើន បានសំណូមពរ និងចង់ឲ្យខ្ញុំបាទវិភាគ តែព័ត៌មានដែលមានលក្ខណៈ​វិទ្យាសាស្រ្ត និង​មិនចង់ឲ្យខ្ញុំវិភាគ គ្រប់តែបញ្ហាសង្គមនោះទេ (ខ្ញុំសូមគោរពតាម)។

ប្រតិកម្មពីប្រិយមិត្ត...

បើទោះជាមានការសរសេរ បញ្ជាក់ពីការគោរព នូវកម្មវត្ថុខាងលើ របស់លោក កែម ឡី ពីសំណាក់ប្រិយមិត្ត​មួយ​ចំនួនក៏ដោយ តែប្រិយមិត្តជាច្រើនផ្សេងទៀង បានសម្ដែងការសោកស្ដាយរបស់ពួកគេ ជុំវិញការដកខ្លួន ពី​បទ​វិភាគរបស់លោក កែម ឡី ផ្ដល់ទៅឲ្យអ្នកសារព័ត៌មាន។ ប្រិយមិត្តម្នាក់ ដាក់ឈ្មោះ «ស្ដេចគ្រុឌ» បាន​សរសេរ​ថា៖ «លោកបណ្ឌិត សូមមេត្តាកុំដាច់ចិត្ត យកពន្លឺដ៏តិចតួចនេះ ចេញពីកន្លែងងងឹត ព្រោះយើងខ្ញុំត្រូវការ ការ​ណែ​នាំ ពីលោកបណ្ឌិតជាចាំបាច់ណាស់» ខណៈប្រិយមិត្ត «ទន្សាយស កែវផុស» បានសម្ដែងទុក្ខកង្វល់ថា៖ «សោក​ស្ដាយណាស់ ដែលបង (កែម ឡី) ឈប់វិភាគ ពីបញ្ហានយោបាយ ព្រោះថាមានបណ្ឌិតតិចតួចណាស់ ដែល​ហ៊ាន​និយាយដូចបង គឺភាគច្រើន សុទ្ធតែបណ្ឌិតវិភាគទ្រព្រង ឬមួយបង (កែម ឡី) បានទទួលសម្ពាធ​អ្វី​មួយ?»

ដោយឡែក លោក ជុន ច័ន្ទបុត្រ នាយករងផ្នែកការផ្សាយជាខេមរភាសា របស់វិទ្យុអាស៊ីសេរី ក៏បានចូល​ខ្លួន ថ្លែង​នូវការសោកស្ដាយដែរ។ ប៉ុន្តែលោក ច័ន្ទបុត្រ នៅមានសុទិដ្ឋិនិយមខ្លះថា៖ «ទោះជាយ៉ាងណា ខ្ញុំក៏រីករាយ​ដោយ​ដឹងថា លោកមិនទាន់ផ្តាច់ទាំងស្រុងនោះទេ»។ មិនទាន់ផ្ដាច់ទាំងស្រុង ដោយសារលោក កែម ឡី បាន​លើក​យក​ករណីលើកលែង លើបទវិភាគមួយចំនួន ដែលទាក់ទងទិន្នន័យ ចេញពីការសិក្សាស្រាវជ្រាវ តាមលក្ខណៈ​វិទ្យាសាស្រ្ត ដូចខាងក្រោម៖

១. ការសិក្សាស្រាវជ្រាវ ពីសុខភាពប្រជាសាស្រ្ត (Demographic Health Survey)។
២. ការសិក្សាស្រាវជ្រាវ ពីសេដ្ឋកិច្ចសង្គម (Socio Economic Survey)។
៣. ការសិក្សាស្រាវជ្រាវ ពីបរិស្ថាន និងការគ្រប់គ្រងធនធានរ៉ែ និងធនធានធម្មជាតិ (Extractive Industry and Natural Resource Management Research)។
៤. ការសិក្សាស្រាវជ្រាវ ពីអប់រំនិងកសិកម្ម (Quality of Education research and Agriculture Survey)។
៥. ការសិក្សាស្រាវជ្រាវ ពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍសង្គម (People Participation Survey)។
៦. ការសិក្សាផ្សេងនៅថ្នាក់ជាតិ អាស៊ាន តំបន់និងអន្តរជាតិ (National, Regional and Global Survey Findings)។
៧. ការសិក្សាស្រាវជ្រាវ ពីជនចំណាកស្រុក និងមីក្រូហិរញ្ញវត្ថុ (Migrant Survey and Micro finance Research)។

លោក កែម ឡី នៅទុកផ្លូវខ្លះៗទៀត ដូចជានៅក្នុងវេទិកាសាធារណៈ ដែលមានការបកស្រាយទូលំទូលាយ និង​មាន​ការពិភាក្សាពហុមតិ រវាងរដ្ឋាភិបាល សង្គមស៊ីវិល យុវជន និងតំណាងជនរងគ្រោះជាដើម៕