តើ​គេ​បណ្តុះ​ផ្សិត​អំបោះ​ដូចម្តេច ?

Sanofi

​លោក ចាវ ប៉េង​ណាំ ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍ​កសិកម្ម​ធម្មជាតិ​កម្ពុជា​ប្រចាំ​នៅ​ខេត្តសៀមរាប​មានប្រសាសន៍​ឱ្យដឹងពី​បច្ចេកទេស​ក្នុងការ​បណ្តុះ​ផ្សិត​អំបោះ​នេះ​ថា ដំបូង​យើង​ត្រូវ​រក​វត្ថុធាតុដើម ហើយ​វត្ថុធាតុដើម​ដែល​យើង​អាច​យកមក​ផ្សំ​ទាំងនោះ​មានដូចជា ស្នូលពោត ឬ ដើម​ពោត ចំបើង ឬ ជញ្ជ្រាំង​ស្រូវ អាចម៍រណារ​ដើម​កៅស៊ូ ជាដើម ។

វត្ថុធាតុដើម​ដែល​គេ​និយម​ប្រើ​ជាងគេ​គឺ ចំបើង ឬ ជញ្ជ្រាំង អាចម៍រណារ​ដើម​កៅស៊ូ និង អាចម៍រណារ​ដើមឈើ​សាច់​ទន់ ។ ការបណ្តុះ​ផ្សិត​អំបោះ​នេះ​មាន​ពីរ​រូបមន្ត​គឺ រូបមន្ត​ទី ១ យើង​ត្រូវយក​ដើម​ពោត ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម កំបោរ​ស ១ គីឡូក្រាម អាហារ​បំប៉ន ៤ គីឡូក្រាម កន្ទក់​ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម រួច​លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ ។ រូបមន្ត​ទី ២ យើង​យក​អាចម៍រណារ​ឈើ​ទន់ ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម អាហារ​បំប៉ន ៤ គីឡូក្រាម កន្ទក់​ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម ហើយ​បន្ទាប់មក​យក​វត្ថុធាតុដើម​ទាំងនេះ​មក​លាយ​បញ្ចូល​គ្នា រួច​ច្រក​ចូលក្នុង​ថង់​តូច​ល្មម ហើយ​យកទៅ​ចំហុយ​រយៈពេល ៦ ម៉ោង ដើម្បី​រំងាប់​មេរោគ បន្ទាប់មក​យើង​ផ្អាប់​វា​រយៈពេល ៤ យប់ ហើយ​យើង​ចាប់ផ្តើម​អនុវត្ត​វា​តាម​ជំហានៗ​ដូចខាងក្រោម​នេះ ។​

​យើង​ត្រូវអនុវត្ត​នោះ​គឺ​សង់រោង និង សម្អាត​រោង បើក​ឱ្យ​ស្រឡះ ដើម្បីឱ្យ​ផ្ទៃ​រោង​ស្ងួត បាញ់ថ្នាំ​នៅ​ខាងក្នុង​រោង និង ជុំវិញ​ផ្នែក​ខាង ក្រៅ​ដោយ​សារធាតុ​ធម្មជាតិ​បណ្តាញ​សត្វល្អិត និង ការពារ​កុំឱ្យ​មាន មេរោគ ។ ម្យ៉ាងវិញទៀត​វា​អាច​ការពារ​កម្តៅថ្ងៃ និង ភ្លៀង​បាន ក៏ដូចជា​ឱ្យ​ខ្យល់អាកាស​ចេញចូល​បានល្អ គួរ​រក្សា​សីតុណ្ហភាព​ឱ្យនៅ ក្នុង​ចន្លោះ​ពី ២៥ ទៅ ៣២ អង្សា​សេ ដែលជា​សីតុណ្ហភាព​សមស្រប​ចំពោះ​ការ​ចម្រើន​លូតលាស់​របស់​ផ្សិត​អំបោះ ។​ការយក​កញ្ចប់​ផ្សិត​ទៅ​ដាក់​ក្នុង​រោង​ដើម្បី​បណ្តុះ​គឺ​បន្ទាប់ពី​វេច​ខ្ចប់​វត្ថុធាតុដើម​ទាំងនោះ​ដាក់​ក្នុង​ថង់​តូច​ល្មម​អស់​រយៈពេល​ជិត​មួយ​សបា្តហ៍ នៅពេលដែល​ស្ព័​រ​ផ្សិត​ដើរ​ពេញ​ថង់​ហើយ យើង​ត្រូវ​បក​ក្រដាស​នៅ​មាត់​កញ្ចប់​ផ្សិត​អំបោះ​នោះ​ចេញ ហើយ​ជ្រើស រើស​កញ្ចប់​ផ្សិត​ដែលមាន​ស្ព័​រ​ដើរ​ពេញ​ថង់ ឬ ជិត​ពេញ និង មិនមាន​កញ្ចប់ ដែលមាន​មេរោគ​លាយឡំ​មក​ចាត់ចែង​រៀបចំ​ព​ន្យួ​រ ឬ តម្រៀប​គ្នា​តាម​តម្រូវការ ក្នុង​កម្ពស់​កញ្ចប់​ផ្សិត​អំបោះ​ដែល​ដាក់​ត្រួត​លើ​គ្នា​ចន្លោះ​ពី ១២-១៥ កញ្ចប់ ។

បើ​រៀប​កញ្ចប់​ផ្សិត​ខ្ពស់​ហួសពេក​អាចធ្វើ​ឱ្យមាន​សភាព​ងងឹត​ជ្រុល​ខ្យល់​មិនអាច​ចេញចូល​បានល្អ ងាយ​នឹងធ្វើ​ឱ្យមាន​ការ​សន្សំ​មេរោគ​ផ្សិត​អំបោះ​(​មេរោគ​ផ្សិត​ដណ្តើម​ស៊ី​អាហារ​ក្នុង​កញ្ចប់​ផ្សិត ធ្វើឱ្យ​កញ្ចប់​ផ្សិត ឆាប់​ខ្មៅ​រលួយ​លឿន​ជាង​ធម្មតា​) ។​​ការបើក​មុខ​គឺ​ដើម្បី​ឱ្យមាន​ភាពងាយស្រួល ដោយ​បេះ​ក្រដាស​នៅមុខ​កញ្ចប់​ចេញ​ឱ្យឃើញ​អាចម៍រណារ ហើយ​គួរតែ​ធ្វើ​ការបាញ់ទឹក​តិចៗ​នៅមុខ​កញ្ចប់​ផ្សិត​នោះ​ផង ។ បន្ទាប់ពី​បើកមុខ និង ស្រោច​ទឹក វា​ដូចនេះ​មិនយូរប៉ុន្មាន​ផ្សិត​អាច​នឹង​ល្មម​បេះ​បាន​ខ្លះ ហើយ​បន្ទាប់ពី​បេះ​លើកទីមួយ​រួច​រយៈពេល​ប្រហែល ១០ ទៅ ១៥ ថ្ងៃ ផ្សិត​នឹង​ចាប់ផ្តើម​ចេញ​ផ្កា​មក​ម្តងទៀត ហើយ​អាច​បេះ​បាន​ទៀត ។ ជាមួយគ្នានេះ​យើង​ត្រូវ​ប្រើ​វិធី​ថែរក្សា​ដូច​មុន​(​ជួនកាល​មុខ​ផ្សិត​អាច​ស្ងួត​ក្រៀម​គួរ​បាញ់​ទឹក​បង្ហើរ​ជា​ផ្សែង​ទឹក​នៅមុខ​ដុំ​ផ្សិត​បានតែ​កុំឱ្យ​សើម​ជ្រុល​ពេក​) ។

​វិធី​ផ្តល់​សំណើម​ក្នុង​រោង គឺ​ការ​ស្រោច​ទឹក​ផ្តល់​សំណើម​ក្នុង​រោង​ត្រូវ​ស្រោច​ក្នុង​រោង​ឱ្យមាន​សំណើម​ទាល់​តែមាន​អារម្មណ៍​ថា​ត្រជាក់​ស្រួល​មិន​ស្អុះ ស្អាប់ ប្រយ័ត្ន​កុំឱ្យ​ទឹក​ចូលក្នុង​កញ្ចប់​ផ្សិត​ដល់​ថ្នាក់​ដក់ បើ​មានទឹក​ដក់​នៅ​នឹង​មុខ​កញ្ចប់​ត្រូវយក​កាំបិត​វះ​មុខ​ឱ្យ​ទឹក​ចេញ​នៅ​បរិវេណ​ផ្នែក​ខាងក្រោម​ថង់ ដើម្បីឱ្យ​ទឹក​ហូរ​ចេញ ។ វិធី​ស្រោច​ទឹក​បើ​ប្រើ​ទុយោ​ត្រូវ​បាញ់​ឡើងទៅ​ខាងលើ ហើយ​ឱ្យ​ទឹកធ្លាក់​ចុះមក​ត្រូវ​កញ្ចប់​ផ្សិត ឬ ប្រើ​ក្បាល​ស្រោច​ដោយ​ដាក់តាំង​ក្បាល​សាច​ទៅខាង​លើ​ក៏​អាចជួយ​ការពារ​ទឹក​មិនឱ្យ​ចូលក្នុង​កញ្ចប់​ផ្សិត​បានដែរ ។ ប្រហែល ៤-៧ ថ្ងៃ សរសៃ​ស្ព័​រ​ផ្សិត​រួម​ខ្លួន​គ្នា​កកើត​ជា​ពន្លក​ផ្កា​ផ្សិត​ចេញ មក ។ ពេល​ផ្សិត​ចាប់ផ្តើម​ចេញ​ផ្កា​(​ពន្លក​)​ត្រូវ​ស្រោច​ទឹក​ឱ្យ​ត្រូវ​ផ្កា​ផ្សិត និង ដុំ​កញ្ចប់​ផ្សិត តែ​គួរ​ប្រយ័ត្ន​កុំឱ្យ​ទឹក​ចូលក្នុង​កញ្ចប់​ផ្សិត ព្រោះ​អាចធ្វើឱ្យ​កញ្ចប់​ផ្សិត​រលួយ ។ ស្រោច​ទឹក​រាល់​ព្រឹក ថ្ងៃ និង ល្ងាច អាស្រ័យទៅលើ​អាកាសធាតុ​ផងដែរ ។​

​ការថែរក្សា​គឺ​ត្រូវ​រក្សា​រោង​ឱ្យមាន​សំណើម​ជានិច្ច ។ សំណើម​ដែល​ស័ក្តិសម​គឺ ៨០ភាគរយ និង សីតុណ្ហភាព ២៥-២៨ អង្សា​សេ ហើយ​ត្រូវ​សម្អាត ក្នុង​រោង និង បរិវេណ​ជុំវិញ ជួនកាល​សំណល់​ផ្សិត ដែល​ធ្លាក់ចុះ​មកក្រោម បើ​ទុកចោល​ធ្វើឱ្យ​ស្អុយរលួយ និង មាន​សត្វល្អិត ។ ត្រូវ​ឧស្សាហ៍​បាញ់​ទឹក​នៅ​ផ្នែក​ខាងក្រោម​ដែល​មិន​ប៉ះពាល់​ដល់​ផ្សិត​អំបោះ ។​ ការ​បេះ​ផ្សិត​គឺ​ពេល​ផ្សិត​ចេញ​ផ្កា និង រីក​ដល់​កម្រិត​ដែល​យើង​ចង់បាន​ហើយ​ត្រូវ​បេះ​ផ្កា​ផ្សិត ដោយ​ចាប់​ត្រង់​គល់​ផ្សិត​ទាំង​គុម្ព​រង្កៀក​ឆ្វេង​ស្តាំ​លើ​ក្រោម ហើយ​ទាញ​ចេញពី​កញ្ចប់​ផ្សិត ។ បើ​គល់​ផ្សិត​មិន​ដាច់​មក​អស់​ត្រូវ​ឆ្កឹះ​ចេញ​ឱ្យ​ស្អាត ដើម្បី​ការពារ​កុំឱ្យ​ស្អុយរលួយ ជា​មូលហេតុ​ធ្វើឱ្យ​កើតមាន​ដង្កូវ​ពី​ការទម្លាក់​ពង​នៃ​សត្វល្អិត​បាន ។ ការមើល​លក្ខណៈ​ផ្កា​ផ្សិត​ដែល​គួរ​បេះ គឺ​ផ្កា​ផ្សិត​មិន​ចាស់ ឬ ខ្ចី​ហួសពេក មើល​ត្រង់​គែម​ផ្កា​ផ្សិត​នៅមាន​រាង​ក្រឡុប​ទៅខាង​ក្រោម គឺ​គេ​អាច​បេះ​វា​បាន បើ​គែម​សន្លឹក​ផ្សិត​ង​ឡើងលើ​បានន័យថា​វា​ចាស់​ជ្រុល ។

ផ្កា​ផ្សិត​ដែល​ចាស់​ខ្លាំង​នឹង​បញ្ចេញ​ស្ព័​រ​ជា​ម្សៅ​ពណ៌​ស​នៅ​ខាងក្រោម​ផ្កា​ផ្សិត​ត្រូវ​ឆាប់​បេះ​ចេញ ព្រោះ​ស្ព័​រ​ចាស់​ទាក់ទាញ​ឱ្យ​សត្វល្អិត​ចូលមកក្នុង​រោង ។​​ផ្សិត​អំបោះ​មួយកញ្ចប់​អាច​ផ្តល់​ទិន្នផល​បាន​ពី ៣-៦ ខែ ហើយ​ក្នុង​មួយខែ​គេ​អាច​ប្រមូល​ផល​ផ្សិត ២ទៅ៣ ដង ក្នុង​មួយកញ្ចប់ ។ វា​អាច​ផ្តល់​ទិន្នផល​ឱ្យ​យើង​ប្រហែល ០,៥ គីឡូក្រាម​(​អាស្រ័យទៅលើ​ការថែរក្សា​ផងដែរ​) ចំពោះ​តម្លៃ​លក់​ទៅកាន់​ទីផ្សារ ៤.០០០ ទៅ ៥.០០០ រៀល ក្នុង​មួយ គីឡូក្រាម ។​​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​ឆ្ងាញ់​តែ​មិន​ចង់ឱ្យ​ឡើង​ទម្ងន់​គួរ​ទទួលទាន​ផ្សិត​មួយ​កូនចាន​ចង្កឹះ​រៀងរាល់ថ្ងៃ ។ ក្រៅពី​អាច​រក្សា​រាង​ឱ្យ​ស្រ​ឡូ​ន​ស្អាត​ហើយ ផ្សិត​ក៏​ជួយ​បង្កើន​សារធាតុចិញ្ចឹម និង ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ ៕ ​

Related