កែវ នីសា ធ្វើឲ្យអ្នកដឹកនាំកម្មវិធីរត់ជាន់ជើងគ្នា

Sanofi

ទោះបី​ជាមាន​វ័យ​ជាង ៣០ ឆ្នាំ​ក៏ពិតមែន តែ កែវ នីសា នៅតែមាន​រូប​សម្រស់​ផូរផង់​គួរ​ឲ្យ​ស្រឡាញ់ ។ កែវ នីសា នៅតែ​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​ការងារ​សិល្បៈ​ទាំង​ពិធី​ការិនី និង សម្តែង ជារឿយៗ កែវ នីសា ក្តោប​បាន​តំណែង​ជា​តួឯក​ជា​បន្តបន្ទាប់​ផងដែរ ។ សព្វថ្ងៃ កែវ នីសា កំពុងកាន់​កម្មវិធី​«​រង្វាន់​ទេវតា​» និង កម្មវិធី​«Ganzberg Challenge»​នៅ​ស្ថានីយទូរទស្សន៍ MyTV ។ ប៉ុន្តែ​ថ្មីៗ​នេះ​ស្រី​ស្អាត​សំឡេង​ស្រទន់​រូបនេះ​ក្តោប​បាន​តំណែង​ថ្មី​មួយទៀត​នៅ​ស្ថានីយទូរទស្សន៍ CNC ក្នុង​កម្មវិធី «​កំពូល​តន្ត្រី KAP»​ជាមួយ​ពិធីករ ពិធី​ការិនី​ពីរ​នាក់​ផ្សេងទៀត​គឺ​ស្រី​ស្អាត ចាន់ ស្រីរ័ត្ន និង លោក សា ហា​រា ។ កន្លងមក​មានការ​និយាយ​ថា មូលហេតុ​ដែល​ស្រី​ស្អាត កែវ នីសា ឈរជើង​បាន យូរ​នៅក្នុង​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​ទាំងនេះ​គឺ​ដោយសារ​នាង​មាន​បង្អែក​ដ៏​រឹងមាំ​នៅ​ពីក្រោយ ។ មិន​ត្រឹមតែ​ធ្វើជា​ពិធី​ការិនី​នៅតាម​ស្ថានីយទូរទស្សន៍​នោះទេ កែវ នីសា ក៏ត្រូវ​ប៉ាន់​ធ្វើជា​ពិធី​ការិនី​នៅតាម​បណ្តា​ក្រុមហ៊ុន​ធំៗ​ផងដែរ ។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​កាលពីពេល​ថ្មីៗ​នេះ មានការ​និយាយថា កែវ នីសា បាន​លេង​មួយ​ក្បាច់ ធ្វើ​ឲ្យ​អ្នកដឹកនាំ​កម្មវិធី​«​កំណប់​អារម្មណ៍​»​រត់​ឆ្លេឆ្លា​រក​តារា​មក​ជំនួស​ភ្លាមៗ​ស្ទើរ​មិនទាន់ ។ ជាក់ស្តែង កាលពី​ថ្ងៃទី ២៨ ខែសីហា កន្លងទៅ កម្មវិធី​«​កំណប់​អារម្មណ៍​»​របស់​ស្ថានីយទូរទស្សន៍​អប្សរា បាន​អញ្ជើញ​តារា​ស្រី​ចំនួន​ពីរ​ដួង រួមមាន តូ​តា និង កែវ នីសា ចូលរួម​ជជែក​កម្សាន្ត​នៅក្នុង​កម្មវិធី​នោះ ប៉ុន្តែ​ពេលនោះ​គេ​បែរជា​ឃើញ​វត្តមាន តូ​តា មិនឃើញ កែវ នីសា បានធ្វើ​ឲ្យ​អ្នកដឹកនាំ​កម្មវិធី​បែរមុខ​ព្រួញ​ទៅ​ហៅ ពៅ លីដា ជំនួស​វិញ ។ មានការ​និយាយថា ក្រោយពី​មានឈ្មោះ​បោះ​សំឡេង និង ក្លាយជា​ពិធី​ការិនី មាន​ប្រជាប្រិយភាព កែវ នីសា កាន់តែ​វាយឫក​ជាង​មុន ។ ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ឱ្យដឹងថា មូលហេតុ​ដែល កែវ នីសា មិន​ចូលរួម​ក្នុង​កម្មវិធី ដោយសារ​កម្មវិធី​នោះ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​អតីត​គូស្នេហ៍ លោក លឹម ជា​ឡាយ ។​

​ទោះបីជា កែវ នីសា និង លោក លឹម ជា​ឡាយ មិនដែល​សារភាពថា​អ្នក​ទាំងពីរ​ជា​គូ ស្នេហ៍​នឹង​គ្នា​ក្តី តែ​អ្នក​នៅក្នុង​មជ្ឈដ្ឋាន​សិល្បៈ​សុទ្ធតែ​បានដឹងថា អ្នក​ទាំងពីរ​ជា​គូស្នេហ៍ ប៉ុន្តែ​ចំណង​ស្នេហ៍​របស់​ពួកគេ​បាន​ដើរ​ដល់​ផ្លូវបំបែក​ទៅវិញ ។ រហូតមកដល់​ពេលនេះ​ពួកគេ​មើល មុខ​គ្នា​មិន​ចំ​នោះទេ ។ ទាក់ទង​ជាមួយ​រឿងនេះ ​«​ប្រជាប្រិយ​» មិនអាច​សុំ​ការបកស្រាយ​ពី​សំណាក់ កែវ នីសា បានឡើយ ។ នាង​ជាតា​រា​ដែល​មិន​ចូលចិត្ត​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន មិន​ថា​ការងារ​សិល្បៈ ឬ ជីវិត​ឯកជន​របស់​នាង​នោះទេ ។គេ​នៅ​ចាំបាន​ថាចំណង​ស្នេហ៍​ស្អិតល្មួត​រវាង​តារា​សម្តែង​ដែលមាន​រូប​សម្រស់​ផូរផង់ កែវ នីសា និងអតីត​ហ្វ្រេស​ស៊ី លឹម ជាឡាយ ​បាន​ដុះ​ពន្លក​ក្រោយពី​អ្នក​ទាំងពីរ​បាន​សម្តែង​រឿង​ភាគ​រួមគ្នា​ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន​រឿង​«​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​» ។ ស្នេហា​របស់​តារា​មួយគូ​នេះ​ចាប់ផ្តើម​បែកធ្លាយ​នៅ​កំលុង​ឆ្នាំ ២០១២ ។

មានការ​សាទរ​ចំពោះ​ស្នេហា​របស់​អ្នក​ទាំងពីរ ទាំង​រូបសម្បត្តិ និង វ័យ​ពិតជា​ស័ក្តិសម​គ្នា ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ចំណង​ស្នេហ៍​មួយ​នេះ​បាន​ប្រេះឆា ដោយសារ​មាន​អ្នក​ទី​បី​ដែល​គេ​ដឹងថា​ជា​ឧក​ញ៉ា​ដៃ​ទូលាយ​សម្បូរ​ទ្រព្យ​ចូល​ជ្រៀតជ្រែក។​ ​ដោយសារ​រូបសម្បត្តិ​ស្រស់ស្អាត​រួម​នឹង​សម្តី​ផ្អែម​ពីរោះ បានធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​ដែល​សុទ្ធសឹងតែ​ជា​អ្នកមាន​មុខមាត់ និងទ្រព្យសម្បត្តិ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​មិនតិច​ទេ។បុរស​ខ្លះ​បាន​សន្យា​ជួយ​ជ្រោមជ្រែង​ជីវភាព​គ្រួសារ​របស់​នាង​មិន​ឲ្យ​លំបាក​ឡើយ។សព្វថ្ងៃនេះ ទោះបីជា កែវ នីសា មិន​ចូលប្រឡូក​ក្នុង​សិល្បៈ​ក៏​នាង​មិន​ខ្វះ​ប្រាក់​ចាយ​ដែរ តែ​អ្វីដែល​សំខាន់​នោះ​គឺ​នាង​ស្រឡាញ់​ការងារ​នេះ។ មានការ​បង្ហើប​ពី​សំណាក់​តារា​ក្នុង​សិល្បៈ​ថា កែវ នីសា ចូលប្រឡូក​ក្នុង​សិល្បៈ​វិញ ដោយសារ​នាង​ស្រឡាញ់​សិល្បៈ មិនមែន​មក​សន្សំ​ប្រាក់​ដូច​មុន​ទេ ។

តាមពិត​គូស្នេហ៍​របស់​នាង​មិន​ពេញចិត្ត​ឲ្យ​នាង​ប្រកបការងា​នេះ​ទៀត​ទេ ដោយសារ​គេ​ប្រចណ្ឌ ខ្លាច​អ្នកផ្សេង​ឆក់​នាង​ទៅ​បាត់ ប៉ុន្តែ​ដោយសារ​ស្រឡាញ់ កែវ នីសា ទើប​គេ​តម្រូវ​ចិត្ត​នាង​គ្រប់យ៉ាង ។ យ៉ាងណា​គេ​ជឿថា អាពាហ៍ពិពាហ៍​របស់ កែវ នីសា ប្រហែលជា​មិនអាច​លេចចេញ​ជា​រូបរាង​បានទេ ដោយសារ​ឧកញ៉ា​រូបនោះ​មិនមែន​នៅ​លីវ ។​​កែវ នីសា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែល​ប្រើប្រាស់​សម្ភារ​ទំនើប និង កាលី​បៗ មិន​ថា​រថយន្ត និង គ្រឿង​តុបតែង​ខ្លួន​ឡើយ ហើយ​ពេលខ្លះ​ទៅណា​មក​ណា​មាន​អង្គរក្ស​ហែហម​ទៀតផង ។ ប៉ុន្តែ​យ៉ាងណា​គេ​កម្រ​ឃើញ​តារា​ម្នាក់នេះ​មាន​វត្តមាន​នៅក្នុង​កម្ម​វិធី​សប្បាយ​របស់​មិត្តភក្តិ​សិល្បៈ​ណាស់ ។ ក្រៅពី​ធ្វើជា​ពិធី​ការិនី កែវ នីសា ធ្លាប់​ចូលរួម​សម្តែង​ចម្រៀង​ខារ៉ាអូខេ ស្ប៉ត​ពាណិជ្ជកម្ម និង វីដេអូ​ភាគ​ជាច្រើន​រឿង មានដូចជា​រឿង​«​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​»«​កែចិត្ត​ស្អប់​បង​» និង រឿង​«​កំលោះ​ខ្ញុំ​អ្នកណា​សង​»​ជាដើម ដែល​ភាគច្រើន​នាង​សម្តែង​ជា​តួ​កម្សត់។ កន្លងមក​នាង​ក៏​ធ្លាប់​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ដែរ៕សុធា​រៈ​








 

Related