ឆមាស​ទីមួយ​ ៦ខែដើម​ឆ្នាំ២០១៥​ ក្រសួង​ផ្តល់ប័ណ្ណ​ការងារ​ដល់ជន​បរទេស​កើនជាង ​ឆមាសទីមួយ ​៦ខែដើមឆ្នាំមុន​

រយៈ​ពេល​មួយ​ឆមាស​ ដើម​ឆ្នាំ​២០១៥នេះ ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បានផ្តល់​ប័ណ្ណ ​និងសៀវ​ភៅ​ការងារ​ ដល់​ជន​បរទេស​ដែល​មកធ្វើ​ការងារ​ក្នុងប្រទេស​កម្ពុជា ​បានចំនួន ​២ម៉ឺន ​៥ពាន់​នាក់​ក្នុងរយៈ​ពេល ៦ ​ខែដើមឆ្នាំ​ ២០១៥ ដែល​តួលេខ​នេះមាន​ការ​កើន​ឡើង​បើធៀប​ទៅនឹងឆ្នាំមុន។​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​លោកអ៊ិត ​សំហេង ​បន្ទាប់​ពីកិច្ច​ប្រជុំស្តី​ពីមុខ​របរ​បានថ្លែងថា​ រយៈ​ពេល ​៦ខែ​ដើមឆ្នាំ​២០១៥នេះ ​ក្រសួង​ការងារ ​បានផ្តល់​ប័ណ្ណការ​ងារ​ដល់​ជន​បរទេស​ចំនួន​ ២ម៉ឺន ​៥ពាន់​នាក់។​ ចំនួន​នេះ​មាន​ការកើន​ឡើង​ ៥ពាន់នាក់ ​បើធៀប​នឹង​តួលេខ​សរុបក្នុង​ឆ្នាំ​២០១៤ ​ខណៈ​ដែលរយៈ​ពេល​ពេញមួយ​ឆ្នាំ ​កាលពី​ឆ្នាំមុន​ក្រសួង​បានផ្តល់​ប័ណ្ណ​ការងារ​ដល់​ជនបរទេស​ចំនួន២​ម៉ឺននាក់។​
ឆមាស​ទីមួយ​ ៦ខែដើម​ឆ្នាំ២០១៥​ ក្រសួង​ផ្តល់ប័ណ្ណ​ការងារ​ដល់ជន​បរទេស​កើនជាង ​ឆមាសទីមួយ ​៦ខែដើមឆ្នាំមុន​
អគ្គនាយក ​នៃអគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ ក្រសួង​មហាផ្ទៃ​ លោក​សុខ ផល ​និយាយថា ​ច្បាប់​អន្តោប្រវេសន៍ ​និងច្បាប់​ការងារ ​គឺតម្រូវ​ឲ្យពល​ករបរទេស​ដែល​មកធ្វើ​ការស្រប​ច្បាប់​នៅ​ព្រះរាជាណាច​ក្រកម្ពុជា​ត្រូវមាន​លិខិត​ឆ្លង​ដែន​ទិដ្ឋាការ​ការងារ ​និងប័ណ្ណការងារ​។ ប្រសិន​បើជន​បរទេស​ ខ្វះឯក​សារ​ណាមួយ ​តម្រូវ​ឲ្យថៅកែមិន​ត្រូវ​ទទួល​យកមក​ធ្វើការ​ពលករទេ ​ព្រោះជា​ពលករ​ខុសច្បាប់​ គ្មានច្បាប់ ​គ្មាន​ទម្លាប់​ត្រឹមត្រូវ​។ ហើយ​ជនបរទេស​ខុសច្បាប់​នឹង​ត្រូវ​ផាក​ពិន័យ​ជាប្រាក់​ចំនួន ​៥០ម៉ឺន​រៀល​ក្នុងម្នាក់​ ហើយ​បើនៅ​តែរឹង​រួស​មិនព្រម​ទៅធ្វើ​ឯកសារ​ដើម្បី​ធ្វើការ​នៅកម្ពុជា ​ជនបរទេស​អាចនឹង​ត្រូវ ​ផ្តន្ទាទោស​ជាប់ពន្ធនា​គារ​មុន​នឹង​បណ្តេញ​ចេញពី​កម្ពុជា ​ឬក៏ត្រូវ​បណ្តេញ​ចេញពី​ដែន​ដីរបស់​ព្រះរាជាណាច​ក្រកម្ពុជា​តែម្តង៕​
អត្ថបទ វ៉ាន វណ្ណនីដា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​