សកម្មភាព​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ថយចុះ នៅពេលនេះ​

ភ្នំពេញ: ថ្ងៃ​៥​តុលា ជា​ទិវា​គ្រូបង្រៀន​ពិភពលោក ដែលជា​រៀងរាល់ឆ្នាំ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ តែងតែ​ប្រារព្ធ​ឡើង​។ ការទាមទារ​លក្ខខណ្ឌ​ការងារ​សម្រាប់​គ្រូបង្រៀន ពិសេស​ការទាមទារ​ឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន ការជួបជុំ និង​ដើរ​ហែ​ក្បួន​តាមផ្លូវ នៅ​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ ក៏​តែងតែ​កើតឡើង​រៀងរាល់ថ្ងៃ​៥​តុលា​។

​ក៏ប៉ុន្តែ​នៅ​ខួប​ថ្ងៃ​៥​តុលា ទិវា​គ្រូបង្រៀន នៅ​ឆ្នាំនេះ មិនមាន​ការហែក្បួន​តា​ម​ផ្លូវ ដើរ​ស្រែក​មេក្រូ​ទៀត​ទេ បើទោះបីជា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រារព្ធ​ពិធី​ជួបជុំ​រម្លឹក​ដល់​គ្រូបង្រៀន នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ក៏ដោយ​។​

​ការថយចុះ​នូវ​សកម្មភាព​ក្នុង​ទិវា​គ្រូបង្រៀន​ដូច្នេះ មកពី​មូលហេតុ​ជាច្រើន​។ មូលហេតុ​ទី​១​ដ៏​សំខាន់ គឺ​លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​តែងតែ​កាន់​ក្បាល​មេក្រូ ថ្លែងការណ៍​ក្នុង​ទិវា​គ្រូបង្រៀន និង​ដឹកនាំ​ការលើក​បដា​តវ៉ា ឬក៏​ចេញ​សេចក្តីថ្លែងការណ៍ ទាមទារ​លក្ខខណ្ឌ​ការងារ ពិសេស​ទាមទារ​ឡើង​ប្រាក់ខែ​គ្រូបង្រៀន ជាដើម​នោះ នៅពេលនេះ លោក រ៉ុង​ឈុន បាន​ក្លាយជា "​ឯកឧត្តម​" ក្នុងនាម​ជា​សមាជិក​គជប ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៥​។ លោក រ៉ុង​ឈុន ក៏​ធ្លាប់​ដឹកនាំ​កម្មករ ធ្វើបាតុកម្ម ទាមទារ​ឡើង​ប្រាក់ខែ និង​តវ៉ា​នឹង​លក្ខខណ្ឌ​ការងារ ក្នុងនាម​លោក​ជា​ប្រធាន​សហជីព​កម្មករ​១​រូប ផងដែរ​។​

​ជាការ​ពិត សមាគម​គ្រូបង្រៀន​របស់លោក​រ៉ុង​ឈុន និង​សហជីព​កម្មករ ដែល​លោក​ធ្លាប់​ដឹកនាំ គឺមាន​អ្នក​ស្នង​តំណែង​។ ប៉ុន្តែ​អ្នកថ្មី មិន​ដូច​លោក​រ៉ុង​ឈុន នោះទេ​។

​មូលហេតុ​មួយទៀត ដែល​នៅ​ថ្ងៃ​ទិវា​គ្រូបង្រៀន មិនសូវមាន​សកម្មភាព ក៏​មកពី​រដ្ឋាភិបាល​អាណត្តិ​ថ្មី កាលពី​ឆ្នាំ​២០១៣ ដែលមាន​រដ្ឋមន្ត្រី​ថ្មី នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​លោក ហង់​ជួន ណា​រ៉ុ​ន បានបង្ហាញ​ស្នាដៃ​ជាច្រើន ក្នុង​កំណែទម្រង់​វិស័យ​អប់រំ ពិសេស​លើ​ប្រាក់ខែ​គ្រូបង្រៀន និង​ការប្រឡង​បាក់​ឌុប ពីរ​ឆ្នាំ​ជាប់​គ្នា​នេះ ក៏បាន​ធ្វើ​ជាក់ស្តែង ហើយ​ត្រូវបាន​មហាជន​គ្រប់​មជ្ឈដ្ឋាន​គាំទ្រ​យ៉ាងខ្លាំង​។​

​យ៉ាងណាក៏ដោយ ក៏​នៅមាន​បញ្ហា​មួយចំនួនទៀត ដែល​រដ្ឋាភិបាល ត្រូវតែ​ផ្តល់​ឲ្យ​ថែមទៀត​ដល់​គ្រូបង្រៀន ដូចដែល​សមាគម​គ្រូបង្រៀន បានលើកឡើង​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ថ្ងៃ​៥​តុលា ដូចជា សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម​តាម​សាលារៀន និង​ការឡើង​ប្រាក់ខែ​បន្ថែមទៀត​ដល់​គ្រូបង្រៀន ដើម្បី​ឲ្យ​គ្រូបង្រៀន​រស់នៅ​សមរម្យ ហើយ​លើកកម្ពស់​ការងារ​បង្រៀន ដើម្បី​គុណភាព​អប់រំ​ពិតប្រាកដ​។​

​សរុបមក នៅ​ថ្ងៃ​៥​តុលា ថ្ងៃ​ទិវា​គ្រូបង្រៀន ពិតជា​មិនសូវមាន​សកម្មភាព​ខ្លាំង​ក្លា ដូច​ជំនាន់​លោក​រ៉ុង​ឈុន នោះទេ​។ ការសម្រេច​ជ្រើស​យក​លោក​រ៉ុង​ឈុន ចូលក្នុង​សមាជិក​គជប ទាំង ៩ រូប ដែល​ត្រូវតែ​ឯករាជ្យ​ពី​សមាគម សហជីព និង​ពី​គណបក្សនយោបាយ គឺ​ពិតជា​បន្ថយ​នូវ​សកម្មភាព​ជាច្រើន ពាក់ព័ន្ធ​នឹង​គ្រូបង្រៀន និង​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្មករ​។ នេះ​ជាការ​សម្រេច​ត្រូវ​របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​៕​

សកម្មភាព​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ថយចុះ នៅពេលនេះ​
លោក រ៉ុង ឈុន កាលពីពេលនៅជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ