អគារ​​​នៅ​​​តាម​​​ផ្លូវ​​​កាច់​​​ជ្រុង​​​​​​ក្នុង​​​ក្រុង​​​​​​ និង​​​រចនាប័ទ​​​្ម​​​អគារ​​​​​​ប្លែកៗ

​អគារ​​​មួយ​​​នៅ​​​កាច់ជ្រុង​​​ផ្លូវ​​​លេខ​​​១១១ និង​​​១៨២ ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ ស្ថាបត្យកម្ម​​​នៃ​​​អគារ​​​កាច់ជ្រុង​​​ផ្លូវ​​​ ជា​​​ផ្នែក​​​មួយ​​​នៃ​​​ចលនា​​​ទំនើប​​​និយម​​​សម័យ​​​ក្រោយ​​​សង្គ្រាម។ រូបថតៈ ព្រហ្ម អេរ៉ូ

​អគារ​​​មួយ​​​នៅ​​​កាច់ជ្រុង​​​ផ្លូវ​​​លេខ​​​១១១ និង​​​១៨២ ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ ស្ថាបត្យកម្ម​​​នៃ​​​អគារ​​​កាច់ជ្រុង​​​ផ្លូវ​​​ ជា​​​ផ្នែក​​​មួយ​​​នៃ​​​ចលនា​​​ទំនើប​​​និយម​​​សម័យ​​​ក្រោយ​​​សង្គ្រាម។ រូបថតៈ ព្រហ្ម អេរ៉ូ

អ្នក​​​ថត​​​រូប​​​លោក​​​ ព្រហ្ម អេរ៉ូ បាន​​​ចាប់​​​អារម្មណ៍​​​នឹង​​​ប្រធាន​​​បទ​​​សម្រាប់​​​ពិព័រណ៍​​​ថ្មី​​​បំផុត​​​​​​របស់​​​លោក ប្រហែល​​​ដោយ​​​ចៃដន្យ​​​ ឬ​​​បើ​​​និយាយ​​​ឲ្យ​​​ជាក់​​​លាក់ គឺ​​​ដោយ​​​ការ​​​ក្រឡេក​​​មើល​​​ឃើញ​​​​​​ ខណៈ​​​ដែល​​​លោក​​​ធ្វើ​​​ដំណើរ​​​នៅ​​​តាម​​​​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជធានីភ្នំពេញ។

លោក​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​​​​​​​​”នៅ​​​ពេល​​​ខ្ញុំ​​​ដើរ​​​នៅ​​​តាម​​​ផ្លូវ​​​នៅ​​​ផ្សារ​​​កណ្តាល…​​​ ខ្ញុំ​​​បាន​​​កត់​​​សម្គាល់​​​ឃើញ​​​អគារ​​​នៅ​​​ផ្លូវ​​​លេខ​​​១៥៤​​​ និង​​​លេខ​​​១៣​​​ ​​​ហើយខ្ញុំ​​​បាន​​​គិត​​​ថា អស្ចារ្យ​​​ នេះ​​​ជា​​​អគារ​​​មួយ​​​ល្អ​​​ណាស់​​​”។ ​​​“បន្ទាប់​​​ មក​​​ខ្ញុំ​​​បាន​​​ដើរ​​​ទៅ​​​ទិស​​​ខាង​​​ជើង​​​ ហើយ​​​បាន​​​ឃើញ​​​អគារ​​​បន្ទាប់​​​ទៀត​​​ដែល​​​រឹត​​​​​​តែល្អ​​​​ទៀត​​​​​​​​​”។

អ្វី​​​ដែល​​​កើត​​​ចេញ​​​ពី​​​ការ​​​យល់​​​ដឹង​​​នេះ​​​គឺ​​​ការ​​​តាំង​​​ពិព័រណ៍ ដែល​​​មាន​​​ឈ្មោះ​​​ថា “ស្ថាបត្យ កម្ម​​​អគារ​​​កាច់​​​ជ្រុង​​​ក្នុង​​​រាជធានីភ្នំពេញ​​​” ដែល​​​ឥឡូវ​​​តាំង​​​បង្ហាញ​​​នៅ​​​មជ្ឈមណ្ឌល​​​សោត ទស្សន៍​​​បុប្ផាណា ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។

រូប​​​ថត​​​ដាក់​​​តាំង​​​បង្ហាញ​​​អគារ​មាន​​​​​ច្រើន​​​ជាន់​​​​​​​​​​​​​​​​​​​​​នៅ​​​ផ្លូវ​​​ប្រសព្វ​​​ក្នុង​​​ទី​​​ក្រុង មុខ​​​អគារ​​​នីមួយ​​​ៗ​​​ នៅ​​​សង​​​ខាង​​​កាច់​​​ជ្រុង​​​ និង​​​លាត​​​សន្ធឹង​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ដែល​​​នៅជាប់​​​នោះ​​​។

លោក អេរ៉ូ បាន​​​និយាយ​​​ថា អ្វី​​​​​​ដែល​​​អាច​​​បញ្ចេញ​​​ឲ្យ​​​ដ​​​ឹង​​​ក្នុង​​​​​​​​​​​​​​​រូប​​​ថត​​​៥៤​​​សន្លឹក​​​របស់​​​ពិព័រណ៍​​​នេះ​​​គឺ​​​អគារ​​​ប្លែក​​​ប៉ុន្មាន​​​មាន​​​ក្នុង​​​ទី ក្រុង​​​នេះ​​​ ដែល​​​អគារ​​​នីមួយ​​​ៗ​​​មាន​​​លក្ខណៈ​​​ផ្សេង​​​គ្នា​​​របស់​​​វា​​​។​​​​​​អគារ​​​ទាំង​​​នោះ​​​មិន​​​ត្រឹម​​​តែ​​​​​សង់​​​ឡើង​​​តាម​​​របៀប​​​ខុស​​​គ្នា​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ ក៏​​​ត្រូវ​​​បាន​​​កែ​​​ប្រែ​​​រូប​​​សណ្ឋាន​​​ក្នុង​​​ពេល​​​​​​ជា​​​ច្រើន​​​ទសវត្សរ៍​​​កន្លង​​​មក​​​នេះ​​​ដែរ។

​​​ឧទាហរណ៍​​​ អគារ​​​មួយ​​​ជា​​​ការិយាល័យ​​​រដ្ឋាភិបាល​​​នៅ​​​កាច់​​​ជ្រុង​​​ផ្លូវ​​​លេខ​​​១១០​​​ និង​​​លេខ​​​១៥​​​សឹង​​​តែ​​​​​​មិន​​​ត្រូវ​​​បាន​​​កែ​​​ប្រែ​​​សោះ​​​ចាប់​​​តាំង​​​ពី​​​​​​វា​​​ត្រូ​​​វបាន​​​សាង​​​សង់​​​ឡើង​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​។ ប៉ុន្តែ អគារ​​​នៅ​​​កាច់​​​ជ្រុង​​​ផ្លូវ​​​១១៨​​​ និង​​​១៣​​​មាន​​​ការ​​​សាង​​​សង់​​​បន្ថែម​​​ ដោយ​​​កែ​​​ម៉ូត​​​ និង​​​ពណ៌​​​នៅ​​​ជាន់​​​ផ្ទាល់​​​ដី​​​មើល​​​ទៅ​​​ខុស​​​គ្នា​​​ទាំង​​​ស្រុង​​​​​​ពី​​​អគារ​​​​​​បី​​​ជាន់​​​ទៀត ហើយ​​​មាន​​​ការ​​​សង់​​​បន្ថែម​​​មួយ​​​ជាន់​​​ទៀត​​​នៅ​​​លើ​​​ដំបូល​​​មិន​​​ស្រប​​​គ្នា​​​នឹង​​​សំណង់​​​នោះ​​​។

ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​មាន​​​អគារ​​​ស​​​មួយ​​​នៅ​​​ផ្លូវ​​​ប្រសព្វ​​​លេខ​​​១៣៩ និង​​​១៦៦​​​ ដែល​​​​​​​​​រក្សា​​​បាន​​​​​​​​​ភាព​​​សង្ហា​​​របស់​​​វា​​​ បើ​​​ទោះ​​​ជា​​​​​​មាន​​​ការ​​​កែប្រែ​​​ក្នុង​​​ពេល​​​ជា​​​ច្រើន​​​ទសវត្សរ៍​​​ក៏​​​ដោយ។

នៅ​​​ពេល​​​ដែល​​​លោក​​​ចាប់​​​ផ្តើម​​​​​​រក​​​ទី​​​តាំង​​​និង​​​ថត​​​អគារ​​​ទាំង​​​នេះ​​​ថែម​​​ទៀត​​​ លោក អេរ៉ូ ក៏​​​បាន​​​ធ្វើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​នៅ​​​ប័ណ្ណសារដ្ឋាន​​​ជាតិ​​​ និង​​​មជ្ឈមណ្ឌល​​​បុប្ផាណា​​​ផង​​​ដែរ​​​។

លោក ដារីល ខូលីន ​​​ជា​​​អ្នក​​​ប្រវត្តិសាស្ត្រ​​​​​សិល្បៈ​​​ និង​​​ជា​​​អ្នក​​​ឯកទេស​​​ផ្នែក​​​ស្ថាបត្យកម្ម​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៥០​​​និង​​​ឆ្នាំ​​​១៩៦០​​​បាន​​​និយាយ​​​ថា ស្ថាបត្យកម្ម​​​នៃ​​​អគារ​​​កាច់​​​ជ្រុង​​​នេះ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ចលនា​​​ទំនើប​​​និយម​​សម័យ​​​​ក្រោយ​​​​​​សង្គ្រាម​​​។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា រចនាប័ទ្ម​​​នេះ​​​បាន​​​នាំ​​​មក​​​ប្រទេស​​​កម្ពុជា​​​ពី​​​ប្រទេស​​​បារាំង​​​ បន្ទាប់​​​ពី​​​សង្គ្រាម​​​លោក​​​លើក​​​ទី​​​២​​​ និង​​​បាន​​​កែ​​​ច្នៃ​​​ពេញ​​​មួយ​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​។

លោក​​​បាន​​​និយាយ​​​ថា ”គំនិត​​​​​​គឺ​​​សាង​​​សង់​​​អគារ​​​បួន​​​ទៅ​​​ប្រាំ​​​ជាន់​​​​​​មាន​​​ច្រក​​​ចូល​​​ពី​​​ផ្លូវ​​​​​​ថ្នល់​​​តាម​​​រយៈ​​​ច្រក​​​តូច​​​​​​ និង​​​មាន​​​ជណ្ដើរ​​​ពី​​​ជាន់​​​មួយ​​​ទៅ​​​ជាន់​​​មួយ។ មាន​​​ហាង​​​លក់​​​ដូរ​​​ជា​​​ច្រើន​​​​​​​​​នៅ​​​ជាន់​​​ផ្ទាល់​​​ដី​​​ និង​​​ផ្ទះ​​​ល្វែង​​​នៅ​​​ជាន់​​​ខាង​​​លើ​​​។  អគារ​​​ទំាង​​​នោះ​​ត្រូវ​​​បាន​​​គេ​​​រចនា​​​ និង​​​កែ​​​ទៅ​​​តាម​​​ការ​​​រស់​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​”។

លោក អេរ៉ូ បាន​​​និយាយ​​​ថា សព្វ​​​ថ្ងៃ​​​ ទី​​​តាំង​​​អគារ​​​ទាំង​​​នោះ​​​ល្អ​​​ណាស់​​​សម្រាប់​​​​​​ការ​​​រក​​​ស៊ី​​​។​​​​​​ “អគារ​​​កាច់​​​ជ្រុង​​​​​​គឺ​​​សំខាន់​​​ណាស់​​​…​​​ពី ព្រោះ​​​វា​​​មាន​​​ផ្លូវ​​​ចេញ​​​ចូល​​​ពីរ​​​ ឬ​​​បី​​​ទៅ​​​កាន់​​​ហាង​​​ ឬ​​​ការិយាល័យ​​​​​​​​​នី​​​មួយ​​​ៗ​​​។​​​សាធារណជន​​​អាច​​​មើល​​​ឃើញ​​​វា​​​យ៉ាង​​​ច្បាស់​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​ដើរ​​​កាត់​​​ឃើញ​​​ទ្វារ​​​ធំ​​​ៗ”។

ចំពោះ​​​រូប​​​ថត​​​ទាំង​​​នេះ​​​ លោក អេរ៉ូ បាន​​​ផ្តោត​​​លើ​​​អគារ​​​នានា​​​ដែលស្ថិត​​​នៅ​​​ជិត​​​​​​ ឬ​​​ក្បែរ​​​  ផ្សារ​​​ប្រាំ​​​កន្លែង​​​ គឺ​​​ផ្សារ​​​ថ្មី ផ្សារ​​​ចាស់ ផ្សារ​​​កណ្តាល​​​ ​​​ផ្សារអូរឫស្សី និង​​​ផ្សារ​​​អូឡាំពិក​​​​​​​​​។ ផែន​​​ទី នៅ​​​ពិព័រណ៍​​​នោះ​​​បង្ហាញ​​​ទី​​​តាំង​​​អគារ​​​នីមួយ​​​ៗ​​​។

កើត​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​​​​នៅ​​​ឆ្នាំ​​​១៩៨៩​​​ លោក អេរ៉ូ ​​​កំពុង​​​រៀន​​​បញ្ចប់​​​ថ្នាក់​​​អនុបណ្ឌិត​​​​​​ផ្នែក​​​គ្រប់​​​គ្រង​​​ធុរកិច្ច​​​។ លោក​​​ធ្វើ​​​ការ​​​ជា​​​​​​អ្ន​​​ក​​​គ្រប់​​​គ្រង​​​​​នៅ​​​មជ្ឈមណ្ឌល​​​វិចិត្រ​​​សាល​​​​​​​​​ និង​​​ធន​​​ធាន​​​សាសា​​​បាសាក់​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។

ពិព័រណ៍​​​របស់​​​លោក​​​​​​នៅ​​​មជ្ឈមណ្ឌល​​​បុប្ផាណា​​​​​​បើក​​​ពេញ​​​មួយ​​​ខែ​​​តុលា​​​នេះ​​​៕និត

The post អគារ​​​នៅ​​​តាម​​​ផ្លូវ​​​កាច់​​​ជ្រុង​​​​​​ក្នុង​​​ក្រុង​​​​​​ និង​​​រចនាប័ទ​​​្ម​​​អគារ​​​​​​ប្លែកៗ appeared first on ខេមបូឌា ដេលី.