ការ​ចុះ​បង្ក្រាបករណី​​​គ្រឿង​​​ញៀន​​ចាប់​ខ្លួន​បាន​មនុស្ស​​បី​នាក់​ ខណៈ​ការ​ចាប់​ខ្លួន​បន្ត​កើន​ឡើង​

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​ថា ​នគរ​បាល​​​បាន​ចាប់​​​ខ្លួន​​មនុស្ស​បី​នាក់​​ និង​រឹបអូស​បាន​​​ថ្នាំញៀន​មេតំហ្វេតាមីន​ប្រភេទ​គ្រាប់​​ទម្ងន់​១គីឡូ​ក្រាម​​​​ក្នុង​ការចុះបង្ក្រាប​​មួយ​​នៅ​ខេត្ត​កំពង់ឆ្នាំង​​​កាល ពី​រសៀល​ថ្ងៃសៅរ៍ ជា​ករណី​ថ្មី​បំផុត​​​​​ក្នុង​ឆ្នាំ​ដែល​​មាន​ការ​បង្ក្រាប​​​ច្រើន​ជាង​ជិត​បី​ដង​បើ​ធៀប​ទៅ​នឹង​​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។​​​

លោក យិន បញ្ញារិទ្ធិ នាយ​​ការិយាល័យ​​នៅ​​​នាយកដ្ឋាន​នគរ​បាល​​​ប្រឆាំង​​គ្រឿង​ញៀន​​​​នៃ​​ក្រសួង​មហាផ្ទៃ​​​​​បាន​លើក​ឡើង​ថា ជន​សង្ស័យ​ ​​​ឈ្មោះ​ មី រ៉េម អាយុ​៤៥​ឆ្នាំ ​​​បាន​រត់ពន្ធ​​គ្រឿង​​​​ញៀនពី​ខេត្ត​បាត់​ដំបង​​។ ចំណែកឯ ជន​សង្ស័យ​ ឈ្មោះ​ សំ សារឿន អាយុ​៥៦​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ដែល​គេ​រក​ឃើញ​ថ្នាំ​ញៀននៅ​ក្នុង​នោះ រីឯ​​ប្រពន្ធ​របស់​ជន​នេះ​ឈ្មោះ​​ យ៉ុន មុំ អាយុ​៣៦​ឆ្នាំ គឺ​ជា​អ្នក​ដំណើរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​តាម​​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ឃុំពពេល ស្រុក​​បរិបូរណ៍​ ដោយ​ប្រើ​នគរ​បាល​​​​​សម្ងាត់​ប្រឆាំង​គ្រឿង​ញៀន​របស់​យើង​ បន្ទាប់ពី​​ចំណាយ​ពេល​អស់ពីរ​ថ្ងៃ​រៀបចំ​អន្ទាក់​​​ធ្វើ​ជា​ទិញ​​ថ្នាំញៀន​​ពី​ពួកគេ​​ក្នុង​១គីឡូក្រាម​តម្លៃ​៣៨.០០០​ដុល្លារ​”។ លោក​បាន​បន្ថែម​ថា ”​យើង​បាន​ប្រគល់​ពួកគេ​ទៅ​ឲ្យ​​​នគរ​បាល​ប្រឆាំង​​គ្រឿង​ញៀន​ខេត្ត​កំពង់ឆ្នាំង ​​ដើម្បី​បន្ត​សំណុំរឿង​​​”។

លោក ពៅ ស៊ីផាន ​​នាយ​ការិយាល័យ​ប្រឆាំង​​​គ្រឿង​ញៀន​ខេត្ត​នេះ​បាន​លើក​ឡើង​​​ថា ជន​​​ទាំង​បី​នាក់​នេះ​នឹង​ត្រូវ​បញ្ជូនទៅ​តុលា​ការ​នៅ​ថ្ងៃ​ស្អែក​នេះ​។ លោក​​មាន​ប្រសាសន៍​​​ថា ”​​យើង​​នឹង​បញ្ជូន​ពួកគេ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំ​ងនៅ​ថ្ងៃ​ស្អែក​ជាមួយ​ថ្នាំញៀន​មេតំហ្វេតាមីន​​ចំនួន​​១០.១០០​គ្រាប់​ ​ទម្ងន់​៩៣៤​,៧៩​ក្រាម​ ដែល​ជា​របស់​ មី រ៉េម​”។

យោង​តាម​​លោក ម៉ក់​ ជីតូ អគ្គស្នងការ​រង​នគរ​បាល​ជាតិ​​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​​ករណីជួញដូរ​ថ្នាំ​ញៀន​​ចំនួន​១.៦៦៨​លើក ​បាន​​ឈាន​​​​ទៅ​រក​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​៣.៤០២​នាក់​ និង​រឹប​អូស​បាន​ថ្នាំញៀន​ទម្ងន់​៨៧,៥​គីឡូក្រាម ដោយមិន​រាប់​បញ្ចូល​កញ្ឆា​នៅ​ក្នុង​​​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​នេះ​​។ នៅ​ក្នុង​​​ឆ្នាំ​២០១៤ ការ​ចុះ​បង្ក្រាប​ចំនួន​៥៦៤​លើក បាន​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​១.៣៤៥​នាក់ និង​រឹប​អូស​បាន​​ថ្នាំញៀន​៤៣​គីឡូក្រាម។

ឧត្ដម​សេនីយ៍​ឯក ម៉ក់ ជីតូ បាន​សន្និដ្ឋាន​ថា ​ការ​កើន​ឡើង​នេះ គឺ​ដោយ​សារ​តែ​​​មាន​ការ​កើន​ឡើង​​នៅ​ក្នុង​ការ​រត់ពន្ធ​ថ្នាំញៀន​។

លោក​បាន​មាន​ប្រសាសន៍​ថា “​វា​គឺ​ជា​បញ្ហា​​​សាកល​ដែល​យើង​​ចាំបាច់​ត្រូវ​តែ​សហការ​ជាមួយ​ប្រទេស​ជិត​ខាង​ ដូចជា​ប្រទេស​ឡាវ ថៃ ​និង​​​​វៀតណាម​ជា​ដើម។ ជា​ពិសេស​​យើង​ចាំបាច់​ត្រូវ​តែ​សហការ​​​ឲ្យបានជាប់ជានិច្ច​ជាមួយ​ប្រទេស​ឡាវ​​ ដើម្បី​បង្ក្រាប​ករណី​រត់​ពន្ធ​ថ្នាំញៀន​ជាច្រើន​​នៅ​តាម​​ព្រំដែន​”។

កាលពី​ខែ​មិថុនា ការ​បង្ក្រាប​​ករណី​ជួញ​ដូរ​ថ្នាំញៀន​ដ៏ធំពុំធ្លាប់មាន​​ក្នុងទឹកប្រាក់​៣លាន​ដុល្លារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​ឈាន​​ទៅ​រក​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​បី​នាក់ និង​រឹបអូស​បាន​​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន និង​ប្រភេទ​ហេរ៉ូអុីន​​ទម្ងន់​​ជិត​៥៥គីឡូក្រាម​ ដែល​ភាគ​ច្រើន​​មាន​គោល​ដៅ​​រត់ពន្ធ​ទៅ​កាន់​កោះ​តៃវ៉ាន់ នេះ​​​​បើ​យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​នៅ​ពេល​នោះ​៕ ស៊ុយឈាង​​​​​​​​

The post ការ​ចុះ​បង្ក្រាបករណី​​​គ្រឿង​​​ញៀន​​ចាប់​ខ្លួន​បាន​មនុស្ស​​បី​នាក់​ ខណៈ​ការ​ចាប់​ខ្លួន​បន្ត​កើន​ឡើង​ appeared first on ខេមបូឌា ដេលី.